Ad Code

ប្រជាកសិករ​នៅ ១៤​ខេត្ត​ក្រុង​បាន​បង្កបង្កើនផល​ស្រូវប្រាំង​នឹង​វស្សា

ភ្នំពេញ ៖ ដោយមាន​ការ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​ធនធានទឹក​នៅ​តាម​បណ្តា​ខេត្ត​នានា​បូមទឹក​បញ្ចូល​អាង បឹង​-​ព្រែក​ធម្មជាតិ សម្រាប់​បម្រើ​ដល់​ការងារ​បង្កបង្កើនផល​ស្រូវ គិត​មក​ត្រឹម​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ ប្រជាកសិករ នៅ​១៤​ខេត្ត​ក្រុង រួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង កណ្តាល តាកែវ ព្រៃវែង បាត់ដំបង ក្រចេះ ត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ កំពត កំពង់ស្ពឺ បន្ទាយមានជ័យ កំពង់ចាម និង​ខេត្តស្ទឹងត្រែង​បាន​កំពុង​បង្កបង្កើនផល​ស្រូវប្រាំង​នឹង​វស្សា  ជា​បណ្តើរៗ​ហើយ បើ​ទោះបី​ជា​ឆ្នាំនេះ ទឹក​ទន្លេតូច​មិន​សូវ​មាន​ភ្លៀង​ធ្លាក់​ដូច​បណ្តា​ឆ្នាំមុនៗ​ក៏ដោយ។


លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹង​ថា មកដល់ពេលនេះ អាងទឹក​ចំនួន ៥៨, បឹង ចំនួន ១១ និង​ព្រែក ចំនួន ០២ ត្រូវ​បាននឹង​កំពុង​បូមទឹក​បំពេញ​ជា​បន្តបន្ទាប់ ដោយ​ប្រើប្រាស់​ទី​១. ស្ថានីយ​បូមទឹក​ខ្នាត​ធំ​ចំនួន ០២ កន្លែង គឺ​ស្ថានីយ​បូមទឹក​ហ៊ុនសែន​ទី ៤៥ ស្ថិតក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត និង​ស្ថានីយ​បូមទឹក សាយ ឈុំ ស្ថិត​ក្នុង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ទី​២. ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម (៦៥ សេះ​) សរុប ចំនួន ៧៩ គ្រឿង ក្នុង​នោះ​មាន ខេត្តកំពង់ធំ ចំនួន ១២ គ្រឿង​, ខេត្តកំពង់ឆ្នាំង ចំនួន ១៩ គ្រឿង​, ខេត្តកណ្តាល ចំនួន ១៩ គ្រឿង​, ខេត្តតាកែវ ចំនួន ០៦ គ្រឿង​, ខេត្តព្រៃវែង ចំនួន ០៦ គ្រឿង​, ខេត្តបាត់ដំបង ចំនួន ០៦ គ្រឿង​, ខេត្តក្រចេះ ចំនួន ០២ គ្រឿង​, ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ០២ គ្រឿង​, ខេត្តកំពត ចំនួន ០១ គ្រឿង​, ខេត្តបន្ទាយមានជ័យ ចំនួន ០៣ គ្រឿង​, ខេត្ត​ត្បូងឃ្មុំ ចំនួន ០៣ គ្រឿង និង​ម៉ាស៊ីន​ខ្នាតតូច (២៥​សេះ​) ចំនួន ១៥​គ្រឿង​ទៀត នៅ​ខេត្ត​ស្ទឹង​ត្រែង។


ដោយ​ឡែក​ចំពោះ​សហគមន៍​ទំនប់​មួយចំនួន ដែល​មាន​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម និង​តូច​រួចជាស្រេច​ទៅ​ហើយ​នោះ ក្រុមការងារ​បានសម្រេច​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ដែល​មាន​នៅ​នឹង​កន្លែង​ស្រាប់ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​អ្នក​ឧបត្ថម្ភ​ប្រេង​។ លោក ចាន់ យុ​ត្ថា បាន​បន្ត​ថា នៅ​ក្នុង​ពេល​ចុះ​ពិនិត្យ​ការងារ​នេះ​នា​ពេល​កន្លងទៅ លោក​រដ្ឋមន្ត្រី លឹម គានហោ ក៏បាន​ឧបត្ថម្ភ​នូវ​ម៉ាស៊ីនបូមទឹក​ខ្នាត​តូច (២៥​សេះ​) ចំនួន ១០ គ្រឿង ទៅដល់​សហគមន៍​ទំនប់​ដែល​មាន​ការ​ខ្វះខាត​ម៉ាស៊ីនបូមទឹក​ខ្នាត​តូច​សម្រាប់​បូមទឹក​បញ្ចូល​ស្រែ ។


អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ថែម​ថា ក្រុមការងារ​របស់​ក្រសួង បាន និង​កំពុង​បន្ត​ចុះ​ពិនិត្យ​នៅ​តាម​បណ្តា​ទីតាំង​ផ្សេងៗ​ទៀត ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស៕


T-11-04-15-zaaa-fullT-11-04-15-zaa-fullT-11-04-15-za-full



ប្រជាកសិករ​នៅ ១៤​ខេត្ត​ក្រុង​បាន​បង្កបង្កើនផល​ស្រូវប្រាំង​នឹង​វស្សា

Post a Comment

0 Comments

Close Menu