ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសេចក្ដីសម្រេចរបស់សភាអឺរ៉ុបថា ខ្វះមូលដ្ឋាន អព្យាក្រឹត្យ និងមិនមានព័ត៌មានគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនិងសភាពការណ៍នយោបាយនៅកម្ពុជា ហើយការចាត់ទុកឧក្រិដ្ឋជន ជាអ្នកនយោបាយ ឬចាត់ទុកអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ជាអ្នកនយោបាយ គឺជាទង្វើអយុត្តិធម៌មួយ ដែលរដ្ឋសភាកម្ពុជាពុំអាចទទួលយកបានឡើយ។
ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋសភាខាងលើនេះ បន្ទាប់ពី សភាសហាភាពអឺរ៉ុប កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានអនុម័តដោយមានសំឡេងលើសលប់លើសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ហើយមានការលើកជាយោបល់ថា ជំនួយជាទឹកប្រាក់ប្រមាណ៤៣៥ លានដុល្លារ គួរត្រូវលុបចោលប្រសិនបើមិនមានការអើពើនោះទេ។ សេចក្តីសម្រេចនោះ ក៏បានចាត់ទុកការដកចេញពីតំណែងលោក កឹម សុខា ពីអនុប្រធានសភា ថា ជាអំពើខុសច្បាប់ផងដែរ។ សេចក្តីសម្រេចរបស់សភាអឺរ៉ុប ក៏បានអំពាវនាវឲ្យមានការផ្ដន្ទាទោស អ្នកដែលទទួលខុសត្រូវចំពោះការប្រើអំពើហិង្សាទៅលើ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ផងដែរ។
ទាក់ទងការសម្រេចនេះ អ្នកនាំពាក្យរដ្ឋសភាកម្ពុជាបានអះអាងថា រដ្ឋសភាមានការខកចិត្តយ៉ាងខ្លាំង ក្រោយពីបានពិនិត្យនូវសេចក្តីសម្រេចចិត្តចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់សភាអឺរ៉ុបពាក់ព័ន្ធនឹងសភាពការណ៍នយោបាយនៅកម្ពុជា។ អ្នកនាំពាក្យយល់ឃើញថា ការវាយតម្លៃរបស់សភាអឺរ៉ុបក្នុងសេចក្តីសម្រេចចិត្តនេះថា ជាការវាយតម្លៃប្រកបដោយបុរេនិច្ឆ័យ ដោយពុំឈលើមូលដ្ឋានអព្យាក្រឹត និងពុំមានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែងសភាអឺរ៉ុបបានលើកអំពើឧក្រិដ្ឋជន១៤នាក់ ដែលបានប្រព្រឹត្តអំពើប៉ុនប៉ងធ្វើមនុស្សឃាតជាក់ស្ដែងនៅភ្នំពេញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយចាត់ទុកថា ជាយុទ្ធទៅវិញ។ តាមអ្នកនាំពាក្យបានបញ្ជាក់ថា នេះជាការមើលងាយដល់ច្បាប់ និងដល់សិទ្ធិអ្នករងគ្រោះ ដែលរហូតមកដល់បច្ចុប្បន្នស្នាមរបួសពុំទាន់រលុបបាត់នៅឡើយទេ។
អ្នកនាំពាក្យបានលើកជាសំណួរថា តើអំពើឧក្រិដ្ឋយ៉ាងកម្រោលបង្កឲ្យមានមនុស្សរបួសធ្ងន់ធ្ងរជាច្រើននាក់ អាចចាត់ទុកជាទង្វើនយោបាយឬទេ។ តើអ្នកទាំង១៤ រូប ជាយុទ្ធជននៃគណបក្សនយោបាយ ឬក៏ជាឧក្រិដ្ឋជន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នតំណាងឲ្យលទ្ធិប្រជាធិបតេយ្យ។ យើងអនុវត្តរាល់ការងាររបស់យើងត្រឹមត្រូវតាមបទបញ្ញាត្តនៃច្បាប់ជាធរមាន ហើយពុំដែលឃ្លាតចេញពីផ្លូវនេះឡើយ។ ឧទាហរណ៍ដូចជាករណីការប្រើអំពើហិង្សាទៅលើតំណាងរាស្ត្រ ទាំងពីររូប។ រដ្ឋសភាបានថ្កោលទោសយ៉ាងខ្លាំងក្លារួចហើយ ហើយបានតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការគ្រប់យ៉ាង ដើម្បីចាប់យកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់។
ចំណែកឯការដក លោក កឹម សុខា ពីអនុប្រធានទី១ រដ្ឋសភា គឺដោយសារការបំពានលើក្រមសីលធម៌ នៃតំណាងរាស្ត្រ និងបំពានរដ្ឋធម្មនុញ្ញ ហើយបានប្រើតួនាទី ជាអនុប្រធានទី១ រដ្ឋសភា ដើម្បីវាយប្រហាររដ្ឋសភា និងញុះញង់ឲ្យមានអំពើហិង្សា។ ចំណែកករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិវិញ សភាអឺរ៉ុប ក៏បានដឹងថា ជននេះបានប្រព្រឹត្តល្មើសច្បាប់ជាច្រើនដងមកហើយ ត្រូវបានទទួលការត្រាប្រណីទោស ២បទល្មើសរួមមកហើយ។ ប៉ុន្តែលោក សម រង្ស៊ី នៅពាក់ព័ន្ធនឹងបទល្មើសជាច្រើនទៀត ដែលជាបទល្មើសធម្មតា ដែលបានចែងក្នុងក្រមព្រហ្មទណ្ឌ។ បទល្មើសដែលយុត្តិធម៌កម្ពុជា បានចាប់ លោក សម រង្ស៊ី ដាក់ទោសពេលនេះពាក់ព័ន្ធនឹងជម្លោះឯកជនរបស់លោកជាមួយពលរដ្ឋម្នាក់ទៀត។ នេះជាបទល្មើសធម្មតាដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្តច្បាប់។ ពាក់ព័ន្ធនឹងករណីនេះរដ្ឋសភា គ្រាន់តែអនុវត្តទៅតាមបញ្ញត្តនៃច្បាប់ជាធរមានប៉ុណ្ណោះ។
តាមអ្នកនាំពាក្យបញ្ជាក់ថា ក្នុងសេចក្ដីសម្រេចរបស់ខ្លួនថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នោះសភាអឺរ៉ុបបានលើកអនុសាសន៍ជាច្រើនមានជាអាទិ៍ ការអនុវត្ត ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដែលមានចែងក្នុងឯកសារអន្តរជាតិ ដែលគ្រប់ប្រទេសទទួលស្គាល់។
អ្នកនាំពាក្យរដ្ឋសភាយល់ឃើញថា ការចាប់បង្ខំឲ្យប្រទេសមួយឲ្យអនុវត្តតាមបុរេនិច្ឆ័យរបស់ខ្លួនដោយពុំបានស្រាវជ្រាវឲ្យឃើញការពិត ពុំមែនជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពឡើយ ជាពិសេស ការចាត់ទុកឧក្រិដ្ឋជនជា អ្នកនយោបាយ ឬក៏ចាត់ទុកអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាអ្នកនយោ បាយគឺ ជាទង្វើអយុត្តិធម៌ដែលយើងខ្ញុំពុំអាចទទួលយកបានឡើង៕
រដ្ឋសភាកម្ពុជាចាត់ទុកសេចក្ដីសម្រេចរបស់សភាអឺរ៉ុបថា ខ្វះមូលដ្ឋានអព្យាក្រឹត្យ និងព័ត៌មានពិត
0 Comments