Ad Code

ប្រជាពលរដ្ឋ​ភូមិ​ក្បាល​រមាស​តវ៉ា​រឿង​ផ្លាស់​ទីលំនៅ​

ស្ទឹងត្រែង ៖ នៅ​ក្នុង​ពិធី​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​នេះ ​ប្រជាពលរដ្ឋ​ចំនួន​១៣៩​គ្រួសារ នៅ​ភូមិ​ក្បាល​រមាស​ ស្រុក​សេ​សាន​ខេត្ត​ស្ទឹងត្រែង បាន​នាំ​គ្នា​តវ៉ា​នៅ​ចំពោះ​មុខ​ក្រុមការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​ខេត្ត​ឲ្យ​រក​ដី​ភូមិ​ថ្មី​ឲ្យ​ពួកគាត់​រស់​បាន​ដាំ​ដំណាំ​កើត​ផង។​


ប្រជាពលរដ្ឋ​ទាំង​១៣៩​គ្រួសារ​នេះ បាន​ស្នើ​សុំ​ប្ដូរ​ទីតាំង​ឲ្យ​ក្រុម​ដោះស្រាយ​ផល​ប៉ះពាល់​ថ្នាក់​ខេត្ត​កំណត់​ធ្វើ​ភូមិ​នៅ​ជិត​គីឡូម៉ែត្រ​៥០៣​ ចុះ​មក​គីឡូម៉ែត្រ​៤៩៩​ និង​៥០០​វិញ​ ដោយសារ​ទីតាំង​ថ្មី​នេះ​ផ្ទៃដី​អំណោយផល​អាច​ដាំ​ដំណាំ​ចិញ្ចឹមជីវិត​បាន។


ប្រជាពលរដ្ឋ​លើកឡើង​ទៀត​ថា ម្យ៉ាងទៀត​ទីតាំង​រៀបចំ​ភូមិ​នៅ​ចំណុច​៥០៣ បងប្អូន​ជន​ជាតិ​ពិនិត្យមើល​ទៅតាម​ជំនឿ​មិន​អំណោយផល ទៅ​នឹង​ការរស់នៅ​ ដោយ​កន្លែង​នោះ​នៅ​ចំ​ច្រក​ដែល​មាន​ទួល​នៅ​សងខាង ​បងប្អូន​ជនជាតិ​មាន​ជំនឿ​ថា នៅ​មិនបាន​សុខ​ទើប​សុំ​ការ​ផ្លាស់ប្ដូរ។​

លោក ​ប៊ុន ​រេ​ត​ តំណាង​ក្រុមហ៊ុន​បាន​យល់ព្រម​ទទួលយក​សំណូមពរ​នេះ​ តែ​លោក​អះអាង​ថា ការ​ដោះដូរ​នេះ​សំខាន់​ទៅលើ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​កំណត់​ទីតាំង​ឲ្យ ចំណែក​ក្រុមហ៊ុន​រង់ចាំ​ធ្វើ​ជូន​ទៅ​តាម​សំណូមពរ។​


លោក ​ដួង ​ពៅ ​អភិបាលរង​ខេត្ត​មានប្រសាសន៍ថា គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​នឹង​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង ពីព្រោះ​ខេត្ត​ចង់​ឲ្យ​បងប្អូន​មាន​ទីកន្លែង​រស់នៅ​ស្រួល​ជាង​កន្លែង​ចាស់ មាន​សេវា​គ្រប់យ៉ាង​ប្រើប្រាស់​គ្រប់គ្រាន់ ដោយ​ស្ថានភាព​នៅ​ខេត្ត​ស្ទឹងត្រែង​របស់​យើង រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​​គ្រប់បែបយ៉ាង។​


លោក​ កៅ​ វ៉ាង​អ៊ីវ​ តំណាង​ក្រុមហ៊ុន​ដោះស្រាយ​ផល​ប៉ះពាល់​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​អនុវត្ត​តាម​ផែនការ​ខេត្ត​ប្រគល់​ឲ្យ​បើ​បងប្អូន​ប្រជាពលរដ្ឋ ចង់បាន​កន្លែង​ថ្មី​នោះ ក្រុមហ៊ុន​នឹង​ធ្វើ​ជូន​ទៅ​តាម​សំណូមពរ តែ​សូម​ឲ្យ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទាំងអស់គ្នា​ កុំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ច្រើន។​


សូម​បញ្ជាក់​ថា ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ក្រុម​គណៈកម្មការ​រៀបចំ​ជូន​ប្រជាពលរដ្ឋ​ភូមិ​ច្រប់ ​និង​ភូមិ​ស្រែ​ស្រណុក​រួចរាល់​ ហើយ​បច្ចុប្បន្ន​កំពុង​បន្ត​រៀបចំ​ភូមិ​ក្បាល​រមាស​និង​ភូមិ​ស្រែគរ​បន្ត​ទៀត​៕


Pisey-2015-11-28-full-F1



ប្រជាពលរដ្ឋ​ភូមិ​ក្បាល​រមាស​តវ៉ា​រឿង​ផ្លាស់​ទីលំនៅ​

Post a Comment

0 Comments

Close Menu