Ad Code

ប្រាសាទ​«​ទ​» ​រួបរឹត​ដោយ​ព្រៃរបោះ ​និង​ភាព​ស្ងាត់ជ្រងំ

សៀមរាប ៖ ស្ថិតនៅលើ​ទីទួល​មួយ​នៃ​ទឹកដី​សង្កាត់​នគរធំ ក្រុង​សៀមរាប​នោះ ប្រាសាទ​«​ទ​»​បាន​និង​កំពុង​តែ​រួបរឹត​ដោយ​ព្រៃរបោះ​គួរ​ឲ្យ​កណ្ដោចកណ្ដែង​ក្រៃលែង ហើយ​សព្វថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រៅ​ពី​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​អ្នក​បុរាណ​វិទូ​ជាតិ​ និង​បរទេស​នោះ ពោល​គឺ​គេ​មិនបាន​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ទៅ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​នេះ​នោះ​ឡើយ។


ការដែល​មិន​មាន​អ្នកទេសចរ​ទៅដល់ ​និង​ទស្សនា​ប្រាង្គ​ប្រាសាទ​នេះដែរ ​ត្រូវបាន​លោក​ ឆឺ​យ ឆន​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​និយាយ​លើកឡើង​ឲ្យ​ដឹង​ថា នេះ​មកពី​ប្រាសាទ “​ទ”​ស្ថិតនៅលើ​ទីទួល​មួយ​ដែល​សំបូរ​ទៅ​ដោយ​ព្រៃរបោះ​រុំ​ព័ទ្ធ​លិច​បាំង​បាត់​នូវ​សំណង់​ប្រាសាទ ហើយ​ម្យ៉ាងទៀត​ដោយសារតែ​ប្រាសាទ”​ទ​” នេះ​ វា​ស្ថិតនៅ​ក្នុង​ព្រៃ​តែឯង​ និង​កំពុងតែ​ប្រឈម​នឹង​សភាព​ទ្រុឌទ្រោម​ផង​ដែរ។

ក្រៅពី​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ផ្នែក​ប្រាសាទ​បុរាណ​នោះ ពោល​គឺ​យើង​កម្រ​ដែល​ឃើញ​ក្រុម​អ្នកទេសចរ​ចូល​មក​ទស្សនា​ប្រាសាទ”​ទ​”នេះ​ណាស់ ​ដូច្នេះ​ហើយ​ទើប​បានជា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៅ​ទី​បរិវេណ​ប្រាសាទ​ទ​មាន​សភាព​ស្ងាត់ជ្រងំ។​


លោក​ ឆឺ​យ ឆន​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​និយាយ​បន្ត​ថា សម្រាប់​អ្នក​ទេសចរ​ និង​ក្រុម​អ្នក​បុរាណ​វិទូ​ដែល​មាន​បំណង​ចង់​ទៅ​សិក្សា​ស្រាវជ្រាវ​ ក៏ដូចជា​ទស្សនា​ប្រាសាទ”​ទ​”នោះ គឺ​យើង​អាច​ធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​សៀមរាប​តាម​ផ្លូវ​ជាតិ​លេខ​៦ ​ឆ្ពោះ​ទៅ​កាន់​តំបន់​បារាយណ៍​ខាងលិច​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល​៨​គីឡូម៉ែត្រ រួច​បន្ត​ដំណើរ​ចុះ​ពី​បារាយណ៍​តាម​ផ្លូវលំ​ប្រហែលជា​៣​គីឡូម៉ែត្រ​ទៀត នោះ​យើង​នឹង​បាន​ទៅដល់​ប្រាសាទ​”ទ​” ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​សង្កាត់​នគរធំ ក្រុង​សៀមរាប​ជាក់​ជាមិនខាន​ឡើយ។​


លោក​ ឆឺ​យ ឆន​ និយាយ​បញ្ជាក់​ទៀត​ថា ប្រាសាទ​”ទ​” ស្ថិតនៅ​ទិស​ឦសាន​នៃ​បារាយណ៍​ខាងកើត ដែល​ប្រាសាទ​បុរាណ​នេះ​មាន​តួ​ប៉ម​២​សង់​ឡើង​ពី​ឥដ្ឋ​បែរមុខ​ទៅ​ទិសខាងកើត មាន​សិលា​ចារឹក​មួយ​និយាយ​អំពី​ប្រព័ន្ធ​ទឹក​ធម្មជាតិ​ជា​ភាសា​សំស្ក្រឹត។


អ្នកស្រុក​បាន​ហៅ​ប្រាសាទ​នេះ​ថា ប្រាសាទ”​ទ​”ដោយ​គិត​ថា ការ​ហៅ​នេះ​ គឺ​សំដៅ​ទៅលើ​ទំនប់​”ទ​”ដែល​មានន័យថា “ទ”​បង្ហូរទឹក ធ្នារ​ទឹក​ភ្លៀង​ដែល​ធ្លាក់​ពីលើ​អាកាស​វា​ត្រូវ​នឹង​ទីតាំង​កន្លែង​នេះ​គឺជា​កន្លែង​ទប់ទឹក​ភ្លៀង​ដែល​ហូរ​ធ្លាក់​ពី​ភ្នំ​គូលែន​ផង​នោះ។​


បច្ចុប្បន្ន​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​លោក ​ឆឺ​យ ឆន​ និយាយ​បញ្ជាក់​បន្ថែម​ថា យើង​មិនទាន់​ឃើញ​មាន​ខាង​មន្ទីរ​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​យកចិត្តទុកដាក់​ និង​ធ្វើការ​អភិរក្ស​ប្រាសាទ​”ទ​”នេះ​នៅឡើយ ហើយ​ប្រសិនបើ​នៅតែ​បណ្ដែតបណ្ដោយ​ទុក​ឲ្យ​ព្រៃឈើ​រួបរឹត​ប្រាសាទ​បុរាណ​នេះ​ទៀត​នោះ ​គឺ​មិន​យូរ​មិន​ឆាប់​ប្រាសាទ”​ទ​”ដែល​ជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​យើង​មួយ​នេះ​នឹង​រង​នូវ​ភាព​បាក់បែក​ខ្ទេចខ្ទាំ​កាន់តែខ្លាំង​ជាមិនខាន ហើយ​នៅពេលនោះ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​នឹង​លែង​បាន​ស្គាល់​ប្រាសាទ​ទ​នេះ​ផង​ដែរ​៕​
Pisey-2015-11-02-full-DPisey-2015-11-02-full-D1



ប្រាសាទ​«​ទ​» ​រួបរឹត​ដោយ​ព្រៃរបោះ ​និង​ភាព​ស្ងាត់ជ្រងំ

Post a Comment

0 Comments

Close Menu