កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ស្រុកថ្ពងធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ស្ពឺពីបទប្រើប្រាស់អាវុធដោយខុសច្បាប់ និងគំរាមកំហែងសម្លាប់លើអ្នកដទៃ។
ការឃាត់ខ្លួនជនជាប់សង្ស័យខាងលើធ្វើឡើង នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្រាំងតាលាវ ក្នុងភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចប៉ូលិសបានប្រាប់ថា ជនសង្ស័យមានឈ្មោះតឹក ធីហៅស្រួច ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិតាកោង ឃុំអមលាំង ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៧៣ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ចេញដោយលោកសឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទគំរាមកំហែងរកសម្លាប់ និងកាន់កាប់អាវុធខុសច្បាប់ បានប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣កន្លងមកនេះ។ យោងតាមសំណុំរឿងលេខ១១៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ នឹងត្រូវផ្តន្ទាទោសតាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
ប៉ូលិសបាននិយាយថា ជនសង្ស័យខាង ត្រូវជាបងប្រុសបង្កើតកញ្ញាតឹក នីមមេឃុំអមលាំងមកពីគណបក្សប្រឆាំងបានធ្វើសកម្មភាពគំរាមកំហែងសម្លាប់លើអ្នកដទៃកាលពីអំឡុងឆ្នាំ២០១៣កន្លងមកនេះ។ បន្ទាប់ពីមានការគំរាមកំហែងជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ ហើយមន្ត្រីជំនាញបានកសាង និងបញ្ជូនសំណុំរឿងទៅតុលាការបន្តនីតិវិធី កោះហៅសាកសួរជាច្រើនលើក តែជនជាប់សង្ស័យមិនបានចូលខ្លួនបំភ្លឺតាមការកំណត់ ទើបចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យនាំខ្លួន។ ប្រភពបន្តថា ក្រោយពីទទួលបានដីកាពីតុលាក្នុងដៃភ្លាម មន្ត្រីជំនាញព្រហ្មទណ្ឌបានធ្វើការតាមដាន និងស្រាវជ្រាវក៏ប្រទះឃើញឈ្មោះតឹក ធីនៅត្រង់ចំណុចក្រាំងតាលាវ ភូមិក្រាំងចំបក់ ឃុំអមលាំងឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរបំពេញឯកសារឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ស្ពឺអនុវត្តន៍តាមផ្លូវច្បាប់៕
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទគំរាមសម្លាប់ និងប្រើប្រាស់អាវុធខុសច្បាប់
0 Comments