សៀមរាប ៖ កម្មករចេកឆាបម្នាក់បានពង្រាយខ្សែភ្លើងដើម្បីឆក់ត្រីនៅប្រឡាយខាងមុខផ្ទះ ក៏ត្រូវបានឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សាក្សីនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានរាយខ្សែភ្លើងនៅមុខផ្ទះតែម្នាក់ឯងដើម្បីចុះទៅឆក់ត្រី តែមិនដឹងយ៉ាងម៉េចបានស្លាប់ តែអ្នកជិតខាងបានប្រាប់ថា ឮសូរស្រែកហៅឲ្យជួយដែរ តែពេលមកដល់ក៏ឃើញដាច់ខ្យល់បាត់ទៅហើយ។
លោកអនុសេនីយ៍ទោ ស៊ូវ៉ាន់ ដេត នាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ថន ខួច អាយុ២១ឆ្នាំ ជាកម្មករចេកឆាប មានស្រុកកំណើតនៅភូមិដំរីផុង ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
លោកបន្តថា ជនរងគ្រោះបានរាយខ្សែភ្លើងដើម្បីឆក់ត្រីនៅប្រឡាយក្បែរផ្ទះ យកត្រីធ្វើម្ហូប តែសំណាងអាក្រក់ត្រូវឆក់ស្លាប់តែម្តង។
លោកបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងរបស់លោកបានចុះទៅដល់ និងហៅកម្លាំងនគរបាលជំនាញមកធ្វើកោសល្យវិច័យ ហើយលទ្ធផលបានបង្ហាញថា ការស្លាប់នេះគឺពិតជាឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងមែន។ បើតាមអ្នកជិតខាង និងប៉ូលិសបាននិយាយថា ជនរងគ្រោះបានរាយខ្សែភ្លើងនៅមុខផ្ទះតែម្នាក់ឯងស្រាប់តែឆក់ស្លាប់តែម្ដង៕
កម្មករចេកឆាបម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់នៅប្រឡាយខាងមុខផ្ទះ
0 Comments