Ad Code

សកម្មភាព​ស្ត្រី​ទី​១ របស់​បណ្តា​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ អញ្ជើញ​ចូលរួម​កម្មវិធី​ម្ហូបអាហារ​អាស៊ាន ក្រោម​មូលបទ អង្ករ​ដែល​ភ្ជាប់​យើង​

ភ្នំពេញ ៖ ប្រភពព័ត៌មាន​ពី​បេសកជន​ពិសេស​ទូរទស្សន៍​ជាតិ​ បាន​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​អប​ដំណើរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នានា នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២២​វិច្ឆិកា នៅ​ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ចូលរួម​កម្មវិធី​ម្ហូបអាហារ​អាស៊ាន ក្រោម​មូលបទ អង្ករ​ដែល​ភ្ជាប់​យើង ដែល​ប្រារព្ធ​រៀបចំឡើង​ នៅ​សណ្ឋាគារ Royale Chulah ទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។


ពិធី​ដ៏​មាន​អត្ថន័យ​ដ៏​ឧត្តុង្គឧត្តម​នោះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី ព្រះអង្គម្ចាស់​ក្សត្រី​នៃ​ព្រះករុណា​ស៊ុ​លត​ង់ ហា​ជី ហា​សា​នណាល ប៊ូល​ហ្គា​ដ (Haji Hassanal Bolkiah) នាយករដ្ឋមន្ត្រី​ប្រុយ​ណ​ណេ​ដា​រូ​ស្សាឡា​ម លោកជំទាវ​ភរិយា​ឯកឧត្តម ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី លោកជំទាវ​ភរិយា​ឯកឧត្តម លី សៀន​លុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សឹង្ហ​បូរី លោកជំទាវ​ភរិយា​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan O Cha) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ លោកជំទាវ​ភរិយា​រួមទាំង​ឯកឧត្តម ឡេ លឿង​មិញ​(Le Luong Minh) អគ្គលេខាធិការ​អាស៊ាន លោកជំទាវ​ភរិយា ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្សិ​ន​ហ្សូ​អា​បេ លោកជំទាវ​ភរិយា​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង ព្រមទាំង​វត្តមាន​លោកជំទាវ ជា​ភរិយា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​ពាក់ព័ន្ធ​ដទៃទៀត​ជាច្រើនរូប​។


បន្ទាប់ពី​ធី​ស្វាគមន៍​យ៉ាង​ស្និត​ស្នាល​រ៉ា​ក់ទា​ក់​ពី​សំណាក់​លោកជំទាវ Datin Paduka Seri Rosmah Mansor ភរិយា​ឯកឧត្តម ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រួចមក​ព្រះអង្គម្ចាស់​ក្ស​ត្រី និង​លោកជំទាវ​ជា​ភរិយា​ឥស្សរជន​ជាន់ខ្ពស់ នៃ​បណ្តា​ប្រទេស​អាស៊ាន និង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ដទៃទៀត​របស់​អាស៊ាន បាន​យាង​និង​អញ្ជើញ​ទត​និង ទស្សនា​នៅតាម​បណ្តា​ស្តង់​ពិ​ព័រ​ណ៌​ម្ហូបអាហារ​របស់​បណ្តា​ប្រទេស​អាស៊ាន ក្នុងនោះ​រួមមាន​ស្តង់​ពិ​ព័រ​ណ៌​ម្ហូបអាហារ​ចំនួន​៥​មុខ​ដែល​បញ្ជាក់​ពី អត្តសញ្ញាណ​របស់​ប្រទេស​ព្រុយ​ណេ​ដា​រុយ​សាឡា​ម ព្រះរាជាណាចក្រ​កម្ពុជា សាធារ​ណរដ្ឋ​ឥណ្ឌូណេស៊ី ប្រទេស​ម៉ាឡេស៊ី សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ារ សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ សាធារណរដ្ឋ​ហ្វីលីពីន សាធារណរដ្ឋ​សឹង្ហ​បុរី ព្រះរាជាណាចក្រ​ថៃ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ស្តង់​ពិ​ព័រ​ណ៌​ម្ហូបអាហារ​របស់​ប្រទេស​នីមួយៗ បាន​បញ្ជាក់​ពី​អត្ត សញ្ញាណ​ពិតប្រាកដ នៃ​មុខម្ហូប​អាហារ​ ដែល​ជា​ទំនៀប​ទម្លាប់​ប្រពៃណី​របស់​ប្រទេស​ផង​ខ្លួន ពិសេស​មុខ ម្ហូបអាហារ​ដែល​ផលិត​ចេញពី​អង្ករ ដែល​ប្រជាជន​នៃ​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន​ទទួលទាន​ប្រចាំថ្ងៃ ដោយ​ខានមិនបាន​។ ព្រះអង្គម្ចាស់​ក្ស​ត្រី សម្តេច និង​លោកជំទាវ​ជា​ភរិយា​នៃ​ឥស្សរជន​ជាន់ខ្ពស់ របស់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន និង​ប្រទេស​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន បាន​ទត​និង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ពិសេស​ស្តេច​យាង​សោយ​និង​ភ្លក់​នូវរស់​ជាតិ​ក្រយា និង​ម្ហូបអាហារ​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស ដែល​បាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិ​ព័រ​ណ៌​ម្ហូបអាហារ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន ដែល​បាន​នឹង​កំពុង​ដំណើរការ​ ក្នុង​ថ្ងៃ​ដំបូង​របស់ ខ្លួន ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​។ សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ខ្លឹមសារ​ជា​សា​វ័ន ​នៃ​ការ​កសាង សេដ្ឋកិច្ច​អាស៊ាន អាស៊ាន​បាន​ទទួល​ស្គាល់​ថា សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ គឺជា​កម្លាំង​ជំរុញ​ដែល​ជា ដំណើរការ​កំពុង​ប្រព្រឹត្តិ​ទៅ នៃ​បណ្តា​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ាន ខណៈ​ដែល​បរិស្ថាន​ក្នុងស្រុក​និង​ខាង ក្រៅ កំពុង​វិវត្តន៍​ទៅមុខ​ឥត​ឈប់ឈរ​។ នៅ​ក្នុង​ទសវត្សរ៍​ខាងមុខនេះ អាស៊ាន​នឹង​ផ្តល់​ការ​សង្កត់ធ្ងន់​ថ្មី​មួយ ទៅលើ​ការអភិវឌ្ឍន៍​និង​ការ​ជម្រុញ​សហគ្រាស​មីក្រូ និង​សហគ្រាស​ធុន​តូច មធ្យម នៅក្នុង​កិច្ចប្រឹងប្រែង សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​។ ជាមួយនិង​ការប្តេជ្ញាចិត្ត​របស់ខ្លួន អាស៊ាន​នឹង​បន្ត​សម្រួល​ការគៀងគរ ធនធាន​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ពី​ដៃគូ​សន្ទនា និង​ពី​ស្ថាប័ន​អន្តរជាតិ​នានា ខាង​ហិរញ្ញវត្ថុ ជំនាញការ និង​ការ​គាំទ្រ​ដល់​ការកសាង​សមត្ថភាព ដើម្បី​អនុវត្ត​វិធាន​ការដែល​បាន​ឯកភាព​។ នៅក្នុង​ការ គៀងគរ​ប្រភពធនធាន នៅក្នុង​ទម្រង់​ជា​មូលនិធិ ជា​អ្នកជំនាញ ឬ​ជា​ទ្រព្យ​ចំណេះដឹង ការពិចារណា​នឹងត្រូវ បានធ្វើ​ចំពោះ​និរន្តរភាព​នៃ​ការខិតខំ​ប្រឹងប្រែង គំនិត​ផ្តួចផ្តើម ឬ​គម្រោង​នានា និង​បណ្តា​យន្តការ​ដែល​បាន បង្កើត​។


ថ្លែង​សុន្ទរកថា​ទៅកាន់​ព្រះអង្គម្ចាស់​ក្ស​ត្រី សម្តេច និង​ភរិយា​នៃ​បណ្តា​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​របស់​អាស៊ាន លោកជំទាវ Datin Paduka Seri Rosmah Mansor ភរិយា​ឯកឧត្តម ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មានប្រសាសន៍ថា ក្នុងនាម​ស្វាមី ថ្នាក់ដឹកនាំ​និង​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់ លោកជំទាវ​សូម​សំដែង​នូវ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ថ្វាយ​និង​ជូន ចំពោះ​ព្រះអង្គម្ចាស់​ក្ស​ត្រី សម្តេច លោកជំទាវ ជា​ភរិយា​របស់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​របស់​អាស៊ាន ដែល​បាន​ចំណាយ​នូវ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត ស្តេច​យាង​និង​អញ្ជើញ​មក ចូលរួម​ក្នុង​ពិធី​ពិព័រណ៍​ម្ហូប​អាស៊ាន​អាស៊ាន ក្នុង​បរិយាកាស​ដ៏​ស្និត​ស្នាល​រ៉ា​ក់​ទាក់​បំផុត​នេះ​។ លោកជំទាវ Datin Paduka Seri Rosmah Mansor មានប្រសាសន៍​បន្ត​ថា កម្មវិធី​ម្ហូបអាហារ​អាស៊ាន ក្រោម​មូលបទ អង្ករ​ដែល​ភ្ជាប់​យើង ដែល​ព្រះអង្គម្ចាស់​ក្ស​ត្រី សម្ដេច លោក​ជំទាវ ស្តេចយាង​ទត និង​ទស្សនា​រួមគ្នា​នៅពេលនេះ គឺ​មិនមែន​កើតឡើង​ដោយ​ភាព​ចៃដន្យ​នោះទេ ពោល​គឺ​ម្ហូបអាហារ​ទាំងអស់ ដែល​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស​លើក​យកមក​បង្ហាញ​នៅ​ពេលនេះ គឺជា​មុខម្ហូប​ដែល​ភាគច្រើន​ផលិត​ចេញពី​អង្ករ ដែល​ប្រជាជាតិ​អាស៊ាន​ទាំងអស់ ខិតខំ​រកស៊ី​ទទួលទាន​ប្រចាំថ្ងៃ​ដោយ​ខានមិនបាន​។ ជា​មួយនិង​សុន្ទរកថា គន្លឹះ​នោះដែរ លោកជំទាវ​ក៏បាន​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ ថ្វាយ​និង​ជូន​ព្រះអង្គម្ចាស់​ក្ស​ត្រី សម្តេច លោកជំទាវ​ទាំងអស់ សូម​មាន​ព្រះរាជសុខភាព​ល្អ​បវរ​មហាប្រសើរ ក្នុងការ​ស្នាក់អាស្រ័យ​បំពេញបេសកកម្ម ការងារ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ម៉ាឡេស៊ី​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នេះ​។


នៅ​ក្នុង​កម្មវិធី​ម្ហូបអាហារ​អាស៊ាន ក្រោម​មូលបទ អង្ករ​ដែល​ភ្ជាប់​យើង ក៏​មាន​ការ​បង្ហាញ​ពី​របៀប​ធ្វើ​ម្ហូប​ដោយ​មេ​ចុងភៅ​ល្បីល្បាញ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ការសំដែង​សិ​ល្បះ​ពី​បណ្តា​ក្រុម​សិ​ល្បះ នៃ​ប្រទេស​អាស៊ាន ក្នុង​បរិយាកាស​ស្និត​ស្នាល​រ៉ា​ក់​ទាក់​បំផុត​។ ឥឡូវនេះ​គឺ​ដល់ពេល​វេលា​ដ៏​សំខាន់ សម្រាប់​ការ​កសាង​សហគមន៍​អាស៊ាន តាមរយៈ​ការ​ខិតខំ​រួមគ្នា​និង​ឆន្ទៈ​នយោបាយ ហើយ​អ្វីដែល​សំខាន់​ជាង​នោះ​ទៅទៀត គឹ​ការ​ឯកភាព​ក្នុងចំណោម​ផ្ទៃក្នុង​អាស៊ាន ជា​កម្លាំង​រួម​ក្នុង​ការ​​កសាង​សេដ្ឋកិច្ច​មួយ​ដែល​មាន​ថាមពល និង​ដើម្បី​ឲ្យ​អាស៊ាន​មានការ​ប្រកួតប្រជែង ដើម្បី​ធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​មានឱកាស​ដូចៗ​គ្នា ក្នុង​ទិសដៅ​ជំរុញ​និង លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ នៃ​ប្រទេស​ផង​ខ្លួន ពិសេស​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងមូល​។ កន្លងមក​អាស៊ាន​បាន​ឆ្លងកាត់​នូវ​ការលំបាក​ជាច្រើន ពោលគឺ​ក្នុង​រយៈពេល​៤៧​ឆ្នាំ​នៃ​ការ​បង្កើត​អាស៊ាន​នេះ ពិសេស​វិបត្តិ​សេដ្ឋកិច្ច គ្រោះធម្មជាតិ និង​ជម្ងឺ​រាតត្បាត​នានា ប៉ុន្តែ​ផ្ទុយទៅវិញ​បញ្ហា​ទាំង​អស់នោះ បានធ្វើ​ឲ្យ អាស៊ាន​កាន់​តែមាន​កម្លាំង​ខ្លាំងក្លា​ជាង​មុន និង​មាន​ផលប្រយោជន៍​ពី​គ្នា​ទៅវិញទៅមក​។


បច្ចុប្បន្ន​សេដ្ឋកិច្ច​អាស៊ាន​មាន​កំណើន​រហូតដល់​២៥០​ពាន់​លាន​ដុល្លា ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៧​ នៃ​សេដ្ឋ​កិច្ចពិភព​លោក ការធ្វើ​បនីយកម្ម​ក្នុង​តំបន់​អាស៊ាន​មានការ​កើន​ឡើងជា​លំដាប់ ក្នុងនោះ​កាលពី​ឆ្នាំ​២០១៣​កន្លងទៅ ការធ្វើ​ពាណិជ្ជកម្ម​ក្នុងចំណោម​ប្រទេស​អាស៊ាន មាន​អាត្រា​៦០២​ពាន់​លាន​ដុល្លារ ដូចនេះ​ការ​ប្រ​ម៉ើ​ល​មើល​ក្នុង​ឆ្នាំ​២០៥០​ខាងមុខ សេដ្ឋកិច្ច​អាស៊ាន​នឹងមាន​ការកើនឡើង​រហូត ដល់​ចំណាត់ថ្នាក់​ទី​៤ នៃ​សេដ្ឋកិច្ចពិភពលោក​។ សេដ្ឋកិច្ច​របស់​អាស៊ាន​និង​ប្រទេស​៦​ផ្សេងទៀត​របស់​អាស៊ាន និង​មាន​ប្រជាពលរដ្ឋ​រហូតដល់ ប្រមាណ​៣​ពាន់​លាន​នាក់ និង​មាន​ផលទុន​សរុប GDP រហូតដល់​១៧​រយ​ពាន់​លាន​ដុល្លា ពោលគឺ​ស្មើ​និង ៤០%​នៃ​ពាណិជ្ជកម្ម​ពិភពលោក​៕


Nita-21-A-63-Full


Nita-21-A-64-Full



សកម្មភាព​ស្ត្រី​ទី​១ របស់​បណ្តា​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ អញ្ជើញ​ចូលរួម​កម្មវិធី​ម្ហូបអាហារ​អាស៊ាន ក្រោម​មូលបទ អង្ករ​ដែល​ភ្ជាប់​យើង​

Post a Comment

0 Comments

Close Menu