ភ្នំពេញ ៖ សពយុវជនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងស្រះទឹកបឹងឈូក មួយកន្លែងនៅចំណុចដីឡូត៍របស់ឧកញ៉ាលីយ៉ុងផាត់ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បន្ទាប់ពីបាត់ខ្លួន២យប់២ថ្ងៃ ខណៈត្រូវក្រុមចោរធ្វើសកម្មភាពដេញវាយប្លន់យកសម្ភារៈ។
ជនរងគ្រោះមានឈ្មោះប៊ុត ភារម្យ អាយុ២២ឆ្នាំ ជាកម្មករលក់ផ្លែឈើ មានទីលំនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបាត់ខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា វេលាម៉ោងប្រហែលជា៨យប់ កម្មករទាំងអស់រួមអ្នកបើកបររថយន្តដឹកផ្លែឈើ បានបើករថយន្តធ្វើដំណើរចេញពីផ្សារនាគមាសក្នុងគោលបំណងទៅស្រុកកំចាយមារ ខេត្តព្រៃវែង។ លុះពេលធ្វើដំណើរមកដល់រង្វង់មូលផ្លូវលីយ៉ុងផាត់ខាងកើត ក៏ឈប់បត់ជើង ដោយជនរងគ្រោះ និងមិត្តភក្ដិម្នាក់ទៀតចុះទៅបត់ជើង នៅសល់តែ២នាក់នៅលើឡាន។ ក្នុងពេលនោះក្រុមចោរមានគ្នាប្រមាណ៧-៨នាក់បានធ្វើសកម្មភាពប្លន់ ក្នុងនោះប្លន់អ្នកបើកបររថយន្តយកទូរស័ព្ទអស់៣គ្រឿង ខ្សែ.កប្លាទីន១ជី៥ហ៊ុន និងលុយ៧ម៉ឺនរៀល។ ដោយឡែកជនរងគ្រោះបានរត់គេចខ្លួន ហើយត្រូវក្រុមចោរប្លន់ដេញរហូតប្រមាណជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុធ្វើឲ្យជនរងគ្រោះរត់ធ្លាក់ទឹកលង់ស្លាប់តែម្ដង។ បន្ទាប់ពីបាត់ខ្លួនក្រុមគ្រួសារនាំគ្នាដើររក ហើយទើបតែប្រទះឃើញនៅម៉ោង៥ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ៕
យុវជនម្នាក់រត់គេចពីក្រុមចោរដេញវាយប្លន់រហូតធ្លាក់ទឹកលង់ស្លាប់
0 Comments