ពោធិ៍សាត់ ៖ ក្មេងស្រីជំទង់ម្នាក់ត្រូវបានអ្នកឡើងត្នោតប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងស្រែ រួចក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកហ៊ុមព័ទ្ធកន្លែងកើតហេតុ រួចសន្និដ្ឋានបឋមថាជាករណីរំលោភសម្លាប់ តែការពិតត្រូវជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យឲ្យដឹងថា ជាអំពើឃាតកម្មដោយគំនុំតពូជ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិសារៀង ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
បើតាមព័ត៌មានដំបូង ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចឲ្យដឹងថា មានអ្នកឡើងត្នោតម្នាក់នៅម៉ោងខាងលើបានប្រទះឃើញសពក្មេងស្រីជំទង់ផ្កាប់មុខក្នុងស្រែមិនដឹងជាកូនអ្នកណាទេ។ ពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានចុះដល់ទីតាំងកើតហេតុ រួចហើយយកខ្សែហ៊ុមព័ទ្ធជុំវិញទីតាំងកើតហេតុ ដោយការពារមិនឲ្យនរណាមកក្បែរទីតាំងនេះឡើយរង់ចាំជំនាញចុះមកពិនិត្យ ដោយជំហានដំបូងសន្និដ្ឋានថាជាករណីឃាតកម្មរំលោភសម្លាប់។
លោកថាច់ ទីន នគរបាលផ្នែកខាងជំនាញបច្ចេកទេសវិទ្យាសាស្ត្ររបស់ខេត្តបានចុះដល់ទីតាំងសាកសពជាមួយនឹងកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និងគ្រូពេទ្យ នៅវេលាម៉ោងប្រមាណជិត១១ព្រឹក។ ក្រោយពីស្រាវជ្រាវពិនិត្យសាកសពក្មេងស្រីរងគ្រោះជំទង់នេះរួចរាល់ នៅវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃដដែលនេះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ៖ ករណីនេះមិនមែនឃាតកម្មរំលោភសម្លាប់ទេ គឺករណីឃាតកម្មដោយសង្ស័យថាជាគំនុំសួពូជដោយជនរងគ្រោះអាចស្លាប់រយៈពេលចន្លោះពី៨ទៅ៩ម៉ោងហើយ។
បើតាមការស៊ើបអង្កេតពីជំនាញមន្ត្រីនគរបាលយុត្តិធម៌កន្លះថ្ងៃពេញនេះ គឺជនដៃដល់ទំនងជាធ្វើសកម្មភាពចាប់ជនរងគ្រោះពេលនាងមើលវីដេអូ ហើយទៅបទជើងតូច ឬក៏ជនដៃដល់ល្បួងនាងទៅក្រៅ រួចខ្ទប់មាត់នាងជាប់មិនឲ្យស្រែក ព្រោះស្បែកជើងជនរងគ្រោះទាំងគូនៅកន្លែងមើលវីដេអូ ជាមួយនឹងកង់នាងជិះ ហើយក្រៀកនាងជាប់បណ្ដើរទៅទិសខាងកើត ឆ្ពោះទៅកាន់ត្រង់ដំបូកមួយកន្លែងបានប្រហែល៣០០ម៉ែត្រទំនងជាជនរងគ្រោះសន្លប់, ឃាតកក៏អូសផងលីផងទៅទិសខាងកើតទៀត ព្រោះមានស្នាមរវាតដើមស្រូវ បានប្រហែលបី៣០០ម៉ែត្រទៀត។ ក្រោយមកឃាតកនេះទំនងជាហត់ក៏បានកាច់ដើមឫស្សី ដែលគេចងជាបង្អោងឡើងត្នោតក្បែរនោះ វាយក្មេងស្រីនេះលើសៀតផ្កា និងផ្ទៃមុខទាល់តែស្លាប់ រួចចាប់សពក្មេងស្រី ប្រែខ្លួននាងឲ្យផ្កាប់មុខ រួចជាន់កប់នឹងដើមស្រូវក្នុងស្រែនោះ។ ក្នុងអំឡុងម៉ោងប្រហែលជា១១យប់ ជនសាហាវព្រៃផ្សៃនេះក៏គេចខ្លួនបាត់ ដោយមិនមានការរំលោភឡើយគឺជាគំនុំ។
លោកថាច់ ទីន ក៏បានបញ្ជាក់ថា មូលហេតុនៃករណីនេះជារឿងគំនុំសួពូជ ព្រោះបើតាមសមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រួសារក្មេងស្រីនេះបានឲ្យដឹងថា កាលពី១៥ឆ្នាំមុនប្ដីដើមម្ដាយក្មេងរងគ្រោះ ក៏ត្រូវគេលួចសម្លាប់ ហើយនាងយកប្ដីក្រោយមួយទៀត បានក្មេងស្រីរងគ្រោះនេះ។
សមត្ថកិច្ចរដ្ឋបាលនគរបាលប៉ុស្តិ៍នៅឃុំស្រែស្ដុកបានឲ្យដឹងពីអត្តសញ្ញាណជនរងគ្រោះនេះឈ្មោះ សៅ សុខ អាយុ១៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដោយគ្រួសារក្មេងស្រីនេះបានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះតែងតែជិះកង់ទៅមើលវីដេអូ នៅផ្ទះបងប្អូនទីនោះរាល់ថ្ងៃចាប់ពីម៉ោង៦ល្ងាចរហូតដល់យប់ម៉ោង១០ទៅ១១ទើប ឃើញនាងជិះកង់ត្រឡប់មកផ្ទះវិញ។ តែយប់ថ្ងៃកើតហេតុខាងលើនោះមិនឃើញត្រឡប់មកវិញដូចសព្វដងសោះ ក៏ដើររក តែមិនឃើញ(ឃើញតែកង់ និងស្បែកជើងនាង នៅទីតាំងមើលវីដេអូ) រហូតយប់ជ្រៅ ក៏នាំគ្នាដេក ស្រាប់តែព្រឹកឡើងមានអ្នកឡើងត្នោតឃើញ ក៏នាំគ្នាភ្ញាក់ផ្អើល។ ទោះសពនៅផ្កាប់មុខសមត្ថកិច្ចមូលដ្ឋានមិនឲ្យចូលមើលក៏ដោយ ក៏សន្និដ្ឋានច្បាស់ថាគេរំលោភសម្លាប់នាង សៅ សុខ ដែរ តែដល់ពិនិត្យចុងក្រោយទើបដឹងថាជនរងគ្រោះស្លាប់ ដោយសារតែគំនុំសួពូជបែបនេះសោះ។ សមត្ថកិច្ចក៏បានប្រគល់សពឲ្យគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណីក្រោយពីពិនិត្យល្អិតល្អន់និងរកឃើញវត្ថុតាងមួយចំនួនរួចមក ក្នុងនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់សួរនាំករណីឃាតកម្មនេះដែរ ព្រោះការឃាត់ខ្លួននេះវាស្របនឹងការបាត់ខ្លួននាង៕
គំនុំសួពូជឈានដល់ការសម្លាប់ក្មេងស្រីម្នាក់យ៉ាងព្រៃផ្សៃ
0 Comments