Ad Code

មន្ត្រី​យោធា​ម្នាក់​ផ្ទុះ​អាវុធ​មួយ​គ្រាប់​ក្នុង​បន្ទប់​ខារ៉ាអូខេ​ផ្អើល​អស់​ស្រីៗ និង​អ្នក​នៅ​ទីនោះ

បាត់ដំបង​ ៖ ​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ ​មន្ត្រី​យោធា​ម្នាក់​បាន​ផ្ទុះ​អាវុធ​មួយ​គ្រាប់ នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ​«​ព្រី​ន​សេស​» ស្ថិត​ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ​ ក្រុង​រតនៈ ខេត្ត​បាត់ដំបង បណ្ដាល​ឲ្យ​ផ្អើល​អស់​ស្រីៗ និង​អ្នក​នៅ​ទីនោះ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​រូប​នោះ​មាន​ឈ្មោះ​រ័ត្ន សៅ​បញ្ញា អាយុ​៣៦​ឆ្នាំ បម្រើការ​នៅ​បញ្ជាការដ្ឋាន​រថក្រោះ ​ហើយ​ក្នុង​ពេល​កំពុង​ច្រៀង​ខារ៉ាអូខេ​នោះ ​រូប​គេ​បាន​បាញ់​ចំនួន​១​គ្រាប់​ទៅ​នឹង​ជញ្ជាំង​ខារ៉ាអូខេ​បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​តំបន់​នោះ។ ការ​បាញ់​នេះ ​គេ​​​ថា​​ដោយសារតែ​បាត់​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់​នោះ។


សេចក្ដី​រាយការណ៍​បាន​បន្ត​ថា ​ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ករណី​ផ្ទុះ​អាវុធ​នេះ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ចេញ​ប្រតិបត្តិ​ការ​ចុះទៅ​ឃាត់ខ្លួន​បុរស​នេះ ខណៈ​ពេល​គេ​កំពុង​ច្រៀង​មាន​គ្នា​ចំនួន​៣​នាក់​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​«​ព្រី​ន​សេស​»​។ ប៉ុន្តែ​២​នាក់​ទៀត​មិនមាន​ពាក់ព័ន្ធ​នោះទេ។


​ ​គួរ​បញ្ជាក់​ថា ​ប្រមាណ​៤​ថ្ងៃមុន​ជន​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន​ម្ដង​ហើយ ​ខណៈ​គេ​បាន​ដក​អាវុធ​កំញើញ​លេង​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​​​ដដែល​នេះ​ ដោយ​ពេល​នោះ​កម្លាំង​បាន​យក​មក​ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា​ហើយក៏​ប្រគល់​អាវុធ​ឲ្យ​ត្រឡប់​ទៅវិញ​។ ប៉ុន្តែ​ថ្ងៃនេះ​ស្រាប់​តែ​មានការ​ផ្ទុះអាវុធ ទើប​កម្លាំង​ចុះទៅ​ឃាត់ខ្លួន ហើយ​បច្ចុប្បន្ន​កំពុង​សាកសួរ​នៅ​ក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​។ ចំពោះ​នីតិវិធី​យ៉ាងណា​នោះ​យើង​មិនទាន់​ទទួលបាន​នៅឡើយ​ទេ​៕​


M22-11-15-a1



មន្ត្រី​យោធា​ម្នាក់​ផ្ទុះ​អាវុធ​មួយ​គ្រាប់​ក្នុង​បន្ទប់​ខារ៉ាអូខេ​ផ្អើល​អស់​ស្រីៗ និង​អ្នក​នៅ​ទីនោះ

Post a Comment

0 Comments

Close Menu