ព្រះសីហនុ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួនបានក្រោយពេលជនសង្ស័យទាំងនេះធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូបានសម្រេច ហើយជិះរត់គេចខ្លួនបានប្រមាណជិត២ម៉ោងរួចមកនោះ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូកាលពីម៉ោង៨និង២០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា នៅចំណុចក្រុម១០ ភូមិ០៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយនៅម៉ោងប្រមាណជិត១០យប់ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថតាមចាប់ឃាត់ខ្លួន ជាមួយនឹងវត្ថុតាងម៉ូតូជនរងគ្រោះមួយគ្រឿងនៅចំណុចមុខមហោស្រពចាស់ ស្ថិតនៅសង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ឈួន ឆន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ សិ សៀងហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់មានទីលំនៅភូមិ០២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកមេបញ្ជាការបានឲ្យដឹងបន្តថា ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ1B-3691កាំបន្ទះ ជារបស់ជនរងគ្រោះឈ្មោះ ភោគ ប៉ាវ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខការពារពោងប្រេងកំពេញ មានទីលំនៅកន្លែងកើតហេតុ ក្នុងខណៈពេលជនរងគ្រោះបានទុកម៉ូតូនៅកៀនផ្ទះមិត្តភ័ក្ដិ។ ក្រោយពីធ្វើសកម្មភាពបានសម្រេច ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនមកខេត្តព្រះសីហនុ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមនីតិវិធី៕
ជនសង្ស័យកាច់សោ.ក ម៉ូតូ០២នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
0 Comments