ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា ករណីសង្ស័យជំងឺកញ្ជ្រឹលលើកុមារក្នុងខេត្តក្រចេះ និងកំពង់ធំ មិនមែនជាជំងឺកញ្ជ្រឹលនោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃ៣០តុលាកន្លងមកបានឲ្យដឹងថា ក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារបានពិនិត្យសេចក្តីបញ្ជាក់លទ្ធផលនេះ ហើយបានសម្រេចថា មិនចាំបាច់ធ្វើយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹលនៅខេត្តទាំងពីរដូចដែលបានគិតទុកពីមុនទេ តែបានសម្រេចខិតខំបន្តពង្រឹងបង្កើនអត្រាគ្របដណ្ដប់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូចឲ្យបានខ្ពស់ជានិច្ច តាមរយៈសកម្មភាពជាប្រចាំនៅមណ្ឌលសុខភាព និងតាមរយៈការចុះផ្តល់សេវាមូលដ្ឋាន និងនៅតំបន់ងាយរងគ្រោះ។
កាលពីថ្ងៃទី៤ ខែតុលាកន្លងមកនេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានប្រកាសថា មានករណីជំងឺកញ្ជ្រឹលមួយករណីនៅខេត្តក្រចេះ និងកំពង់ធំ ប៉ុន្តែក្រោយការពិសោធន៍ជាថ្មីនៅមន្ទីរពិសោធន៍បង្អែក ប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក ដោយបានត្រួតពិនិត្យលំអិតជាក់លាក់បានបង្ហាញថា “ករណីនេះអវិជ្ជមានសម្រាប់ជំងឺកញ្ជ្រឹល”។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា “ស្ថានភាពបានធូរស្រាល ព្រោះជាករណីអវិជ្ជមានជំងឺកញ្ជ្រឹល”។ ក្រសួងសុខាភិបាលនៅតែបន្តរក្សានិរន្តរភាពគ្មានជំងឺកញ្ជ្រឹល ដោយធានានូវប្រព័ន្ធតាមដានជំងឺរឹងមាំ និងអត្រាគ្របដណ្ដប់ថ្នាំបង្ការជំងឺកញ្ជ្រឹលឲ្យបានខ្ពស់ជានិច្ច។
លោកបន្តថា កម្ពុជាប្រកាសថា គ្មានជំងឺកញ្ជ្រឹលកាលពីខែមិថុនា ឆ្នាំ២០១៥។ ការចម្លងជំងឺពីប្រទេសក្រៅ ឬការចម្លងក្នុងប្រទេសដែលបានបំបាត់ជំងឺរួចទៅហើយនោះក្តី តែការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈព្រំដែនអន្តរជាតិក៏មានភាពងាយស្រួលដែរ។ លោកបន្តថា “ក្រសួងសុខាភិបាលបន្តតាមដានជំងឺកញ្ជ្រឹលប្រកបដោយគុណភាព ស្រាវជ្រាវឲ្យបានទាន់ពេល និងការឆ្លើយតបការផ្ទុះជំងឺឲ្យបានឆាប់រហ័ស”៕
តាមការសិក្សាបង្ហាញថា ករណីសង្ស័យជំងឺកញ្ជ្រឹលនៅខេត្តក្រចេះ និងកំពង់ធំមិនមែនជាជំងឺកញ្ជ្រឹលទេ
0 Comments