Ad Code

ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​ ដោយសារ​តែ​រោងចក្រ​អគ្គិសនី​ខេត្តសៀមរាប រំលោភ​លើ​ផ្លូវ​របស់​ពួកគាត់

សៀមរាប ​៖ ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្នារ​ថ្មី​ សង្កាត់​ជ្រាវ ​ក្រុង​សៀមរាប ​ខេត្តសៀមរាប​ ជាច្រើន​គ្រួសារ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅលើ​រោងចក្រ​អគ្គិសនី ​ខេត្តសៀមរាប​ដែល​បាន​ធ្វើ​របង​រំលោភ​លើ​ផ្លូវ​សាធារណៈ​មួយ​ដែល​ពួកគាត់​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ​និង​ក្រុង​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅមក។


ផ្លូវ​នៅ​ទីនោះ​ប្រជាពលរដ្ឋ​បាន​រៀប​រាប​ប្រាប់​ថា​ មាន​ទទឹង​១០​ម៉ែត្រ​ ប៉ុន្តែ​នៅ​ពេល​ដែល​រោងចក្រ​អគ្គិ​ស​នី​ខេត្តសៀមរាប​បាន​ធ្វើ​ចូល​មក​ក្នុង​សាច់​ផ្លូវ ​បណ្ដាល​ឲ្យ​មាន​ភាព​ចង្អៀត ​និង​លំបាក​យ៉ាង​ខ្លាំង​នៅ​រដូវវស្សា​មាន​ទឹក​ដក់​ ​ភក់​ និង​ក្រឡុក​តាម​បណ្តោយ​ដងផ្លូវ​ ពួកគាត់​បាន​សុំ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​ចុះ​មក​ពិនិត្យមើល​រួច​ម្តង​ហើយ ​តែ​ក្រោយមក​ក៏​បាត់​សូន្យឈឹង​ទៅ​ឥឡូវ​ខាង​រោងចក្រ​អគ្គិសនី​បាន​ធ្វើ​របង​ថ្មី​ហើយ ដោយ​ឡែក​របង​ចាស់​ដែល​ធ្វើ​រំលោភ​លើ​ផ្លូវ​មិនទាន់​រុះរើ​ចេញ​ទេ​។


​លោក ​ក្តោប ​រ៉​ន ​ចៅសង្កាត់​ជ្រាវ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥​ថា​គាត់​មិនបាន​ដឹង​ដី​របស់​ប្រពល​រដ្ឋ​ទុក​ផ្លូវ​សម្រាប់​ធ្វើដំណើរ​រាល់ថ្ងៃ​ប៉ុន្មាន​ម៉ែត្រ​នោះ​ទេ​ ហើយ​ដី​របស់​រោងចក្រ​អគ្គិសនី​ក៏​មិន​ទាន់​មាន​ប្លង់​រឹង​មិន​ដឹង​ថា ​ទុក​ផ្លូវ​ប៉ុណ្ណា​ដែរ​លោក ​និង​ឲ្យ​ក្រុមការងារ​របស់​លោក​ចុះទៅ​ពិនិត្យមើល​ម្តង​ទៀត​។


​ចំណែក ​លោក ​សូរ ​ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា ​ឆ្នាំ​២០១៥​ផង​ដែរ​ថា ​ចំពោះ​បញ្ហា​រោងចក្រ​អគ្គិសនី​ខេត្តសៀមរាប​បាន​ធ្វើ​របង​រំលោភ​លើ​ផ្លូវ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្នារ​ថ្មី​ដែល​បាន​សំណូមពរ​ឲ្យ​រក​ដំណោះស្រាយ​នោះ​ខាង​មន្ត្រី​អាជ្ញាធរ​របស់ខ្ញុំ​មិន​ទា​ន់​បាន​ចុះទៅ​មើល​ទេ​ ខ្ញុំ​នឹង​រៀបចំ​ដោះស្រាយ​ជូន​នូវ​ពេល​បុណ្យអុំទូក​ចប់​ខាងមុខនេះ រីឯ​ប្រ​ធាន​រោងចក្រ​វិញ ខ្ញុំ​មិនអាច​ធ្វើការ​ទាក់ទង​បាន​ឡើយ​។ ​


ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​កំពុងតែ​ទន្ទឹង​រង់ចាំ​នូវ​ដំណោះស្រាយ​មួយ​ ដែល​អាច​ទទួល​យក​បាន​គឺ​ពួកគាត់​ចង់​ឲ្យ​អាជ្ញាធរ​ភូមិ​ សង្កាត់ ​ក្រុង​ ខេត្ត​ ធ្វើ​យ៉ាងណា​សូម​មេត្តា​ជួយ​ឲ្យ​រោងចក្រ​អគ្គិសនី​ខេត្ត​ និង​ម្ចាស់​ដី​មួយ​កន្លែង​ទៀត​ដែល​បាន​ធ្វើ​របង​បិទផ្លូវ​ដែរ ចុះ​រុះរើ​របង​ចាស់​ជាប់ ​និង​របង​ថ្មី​ចេញ​ដែល​ប្រជាពលរដ្ឋ​ចោទ​ថា ​ធ្វើ​រំលោភ​លើ​ផ្លូវ​សាធារណៈ ​ដើម្បី​ពួកគាត់​បាន​ចាក់​ដី​ធ្វើ​ផ្លូវ​ឲ្យ​ស្អាត​ផុត​ពី​ទឹក​លិច​ និង​បញ្ចៀស​នូវ​ការ​កកស្ទះ​ធ្វើ​ដំ​ណើរ​ទៅវិញទៅមក​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​


ជុំវិញ​នៃ​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្នារ​ថ្មី​សង្កាត់​ជ្រាវ​នេះ​ដែរ​កម្ពុ​ជាថ្មី​មិនអាច​ធ្វើការ​ទំនា​ក់​ទំនង​បានទេ ​ជា​មួយ​លោក​ប្រធាន​អគ្គិសនី​៕​​


 




ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​ ដោយសារ​តែ​រោងចក្រ​អគ្គិសនី​ខេត្តសៀមរាប រំលោភ​លើ​ផ្លូវ​របស់​ពួកគាត់

Post a Comment

0 Comments

Close Menu