ភ្នំពេញ ៖ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកនិង អភិបាលរង កាលពីរសៀលថ្ងៃទី២៣វិច្ឆិកាបានដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ចុះរើសសំរាមនៅតាមដងផ្លូវ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអបអរសាទរទិវា អនាម័យ បរិស្ថានជាតិ២៣វិច្ឆិកា ឆ្នាំ២០១៥។
មន្ត្រីសាលាខណ្ឌទួលគោកបានឲ្យដឹងថា ការដើររើសសំរាមនេះ បានចាប់ផ្ដើមចេញដំណើរពីស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដោយបានបញ្ចប់នៅស្ពានអាកាសនិងផ្លូវក្រោមដីតិចណូ។
មន្ត្រីនេះបន្តថា ការបង្ហាញពីសកម្មភាពក្នុងការដើររើសសំរាមនៅតាមទីសាធារណៈនេះ គឺធ្វើឡើងដើម្បី អបអរសាទរទិវា អនាម័យ បរិស្ថានជាតិ២៣វិច្ឆិកា ឆ្នាំ២០១៥ និងម្យ៉ាងទៀត ក្នុងន័យដើម្បីរលឹកក៏ដូចជាពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ ឲ្យមើលឃើញពីភាពគ្រោះថ្នាក់ដោយសារសំរាមនិងឲ្យចេះចូលរួមទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដោយហេតុថា សំរាមជាគ្រាប់បែកមេរោគដ៏ធំមួយ បើយើងគ្រប់គ្រងនិងទុកដាក់វាមិនបានត្រឹមត្រូវនោះ។
សំរាម គឺជាប្រភពជំងឺ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងកិច្ចការពារបរិស្ថាន គឺជាភារកិច្ចយើងទាំងអស់គ្នា សូមនាំគ្នាថែរក្សា និងអភិរក្សជីវចម្រុះ ដើម្បីស្ថិរភាពបរិស្ថាន។ យើងត្រូវបោះចោលសំរាមឲ្យបានត្រឹមត្រូវ ពីខ្លួនយើងមុនគេ។ ទាំងនេះគឺជាពាក្យស្លោកក្នុងពិធីអបអរសាទរទិវា អនាម័យ បរិស្ថានជាតិ២៣វិច្ឆិកា ឆ្នាំ២០១៥ នេះ ក្រោមប្រធានបទ “ភូមិខ្ញុំគ្មានសំរាម” ៕
សំរាមជាគ្រាប់បែកមេរោគដ៏ធំមួយ បើយើងគ្រប់គ្រង និងទុកដាក់វាមិនបានត្រឹមត្រូវ
0 Comments