បាត់ដំបង ៖ សម្លេងនៃការផ្ទុះគ្រាប់មីនតោនមួយបានបន្លឺឡើងនៅកណ្ដាលវាលស្រែ ដោយបានបំផ្លាញនូវម៉ាស៊ីនច្រូតស្រូវមួយគ្រឿង ព្រមទាំងមនុស្សចំនួន៣នាក់ដែលជិះនៅលើម៉ាស៊ីនច្រូតស្រូវនោះបានរងរបួសធ្ងន់ ហើយក៏មានម្នាក់ត្រូវបានស្លាប់ផងដែរ ក្រោយពីបានបញ្ជូនដល់មន្ទីរពេទ្យ ខណៈដែលអ្នកទាំង៣បានបើកបរម៉ាស៊ីនច្រូតស្រូវចុះស៊ីឈ្នួលច្រូតស្រូវឲ្យគេ ហើយទំនងជាម៉ាស៊ីននេះបានកិនទៅលើគ្រាប់មីននោះតែម្តង។
ហេតុការណ៍នៃការផ្ទុះគ្រាប់មីនតោននេះបានកើតឡើងនៅវេលាម៉ោង៩និង៤៤នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចទួលធ្នង់ ស្ថិតក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ជនរងគ្រោះទាំងអស់នោះគឺ ១ឈ្មោះ វ៉ៃ សារ៉ួន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ ជាអ្នកបើកបរម៉ាស៊ីនច្រូត រស់នៅភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្ត បាត់ដំបង ២ឈ្មោះ ដួល នួន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិ-ឃុំជាមួយជនរងគ្រោះខាងលើ និង៣ ឈ្មោះឃឺម សីហា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាម្ចាស់ស្រែដែលជួលឲ្យម៉ាស៊ីនចុះច្រូត រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ភ្លាមៗនោះដែរជនរងគ្រោះទាំង៣នាក់ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋបានជួយដឹកបញ្ជូនទៅមន្ទីរពេទ្យអ៊ីមេចិនស៊ីខេត្តបាត់ដំបង ដើម្បីសង្គ្រោះ លុះដល់ម៉ោង៤និង២៥នាទីល្ងាចថ្ងៃដដែល ឈ្មោះ ឃឹម សីហា បានស្លាប់បាត់ទៅហើយ ដោយសារតែមុខរបួសមានសភាពធ្ងន់ធ្ងរពេកទើបក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបាន បច្ចុប្បន្នសពកំពុងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់ខ្លួនហើយ៕
គ្រាប់មីនតោនកម្ទេចម៉ាស៊ីនច្រូតបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់
0 Comments