Ad Code

ពលរដ្ឋ​១៤​គ្រួសារ​មក​តវ៉ា​នៅមុខ​សាលាក្រុង​រឿង​ក្រុមហ៊ុន​អាន​កូ​ផ្តាច់​ចរន្ត​អគ្គិសនី​

ប៉ោយប៉ែត ៖ ពលរដ្ឋ​ចំនួន​១៤​គ្រួសារ​នាំគ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាក្រុង ក្នុង​គោលបំណង​ទាមទារ ឲ្យ​ចៅហ្វាយក្រុង​ជួយ​រក​យុ​ត្តិ​ធ​ម៌​ឲ្យ​ពួកគាត់ ខណៈ​ដែល​ក្រុមហ៊ុន​អាន​កូ​បាន​ផ្តាច់​ចរន្ត​អគ្គិសនី​របស់​ពួកគាត់​អស់​រយៈពេល​៥​ថ្ងៃ​មក​ហើយ បើ​ទោះ​ជា​ពួកគាត់​តវ៉ា​យ៉ាងណាក៏ដោយ​ក៏​គេ​មិន​អនុគ្រោះ​ឲ្យ​ដែរ។


នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​ចំណុច​ខាងមុខ​សាលាក្រុង​ប៉ោយប៉ែត​តែម្តង​គឺ​មាន​ប្រជាពលរដ្ឋ​១៤​គ្រួសារ ដែល​រស់​នៅ​លើ​ចិញ្ចើម​ផ្លូវ​របស់​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់ និង ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​ក្រុមហ៊ុន​ខាងលើ​ផ្តាច់​ចរន្ត​អគ្គិសនី​ក្នុង​លំនៅ​ដ្ឋាន​ពួកគាត់​អស់​រយៈពេល​៥​ថ្ងៃ​មក​ហើយ​ មកដល់ពេលនេះ​ គឺ​មិនទាន់​ដោះស្រាយ​ដាច់​នៅឡើយ​ទ​។


តាម​ការ​លើកឡើង របស់​ជន​រងគ្រោះ​ទាំង​១៤​គ្រួសារ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​មក​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាប់​កាស៊ីណូ​ខាងលើ​តាំងពី​ឆ្នាំ​២០០១​មក​ម្ល៉េះ ហើយ​ពួកគាត់​បាន​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ទៀត​ផង ជាពិសេស​មាន​ប័ណ្ណ​ភ្លើង​ និង ​ប័ណ្ណ​ទឹក សម្រាប់​យក​បង់​ជូន​ក្រុមហ៊ុន​អាន​កូ​ទៀត​ផង។


ជនរងគ្រោះ​បាន​បន្ត​ទៀត​ថា ការ​ផ្តាច់​ភ្លើង​របស់​ក្រុមហ៊ុន​ខាងលើ​នោះ​ គឺ​បង្ក​ការ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​ ដែល​មាន​ចំនួន​ខាងលើ​ទៀត​ផង ត្រង់​ថា ក្នុងផ្ទះ​នីមួយៗ ​គឺ​ប្រើប្រាស់​ភ្លើង​អគ្គិសនី​ទាំងអស់​តែ​ឥឡូវ​បែរ​ជា​មក​ប្រើ​ភ្លើងទៀន​ទៅវិញ ហើយ​ធ្វើឲ្យ​ពួកគាត់​ភ័យខ្លាច​នៅពេល​ខ្យល់​ភ្លៀង​ម្តងៗ ​គឺ​ភ្លើងទៀន​នោះ​អាច​ទៅ​ប៉ះ​ជញ្ជាំង​ស្លឹក​បង្កើត​ទៅជា​អគ្គិភ័យ​ធ្ងន់ធ្ងរ​នា​ពេល​ណាមួយ​មិនខាន។


អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ធ្វើ​ការ​សម្របសម្រួល​ជូន​ជនរងគ្រោះ​រួច​ហើយ ដោយ​សន្យា​ថា​នឹង​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន​អាន​កូ ដើម្បី​រក​គន្លឹះ​សមស្រប​ណាមួយ​ជូន​ប្រជាពលរដ្ឋ ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ចៀស​រាល់​បញ្ហា​ផ្សេងៗ ដែល​បាន​កើត​ឡើងជា​យកថា​ហេតុ នា​ពេល​ខាងមុខ​នេះ​ ហើយ​អាជ្ញាធរ​ដដែល​នោះ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ណា​អនុវត្ត​ទៅតាម​នីតិ​វិធី​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ពាក់​ព័ន្ធ​នឹង​ការរស់នៅ លើ​ចិញ្ចើម​ផ្លូវ ដែល​ប៉ះពាល់​ទៅលើ​ផ្លូវ​សាធារណ ឬ ផ្លូវ​ឯកជន​ក្តី​គឺ​ត្រូវ​យក​យល់​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ល្អ៕


T-11-12-15-hhhhh-fullT-11-12-15-hhhh-fullT-11-12-15-hhh-fullT-11-12-15-hh-fullT-11-12-15-h-full



ពលរដ្ឋ​១៤​គ្រួសារ​មក​តវ៉ា​នៅមុខ​សាលាក្រុង​រឿង​ក្រុមហ៊ុន​អាន​កូ​ផ្តាច់​ចរន្ត​អគ្គិសនី​

Post a Comment

0 Comments

Close Menu