បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានជនរងគ្រោះម្នាក់ដែរ ក្នុងចំណោមគ្នីគ្នាចំនួនពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលមានគោយន្តច្នៃមួយគ្រឿងបានឈប់សំចតនៅលើចិញ្ចើមថ្នល់ ហើយត្រូវបានភាគីម៉ូតូដែលមានជិះគ្នាពីរនាក់ ព្រមទាំងស្ថិតក្នុងភាពស្រវឹងយ៉ាងខ្លាំងផងនោះ បានបោះពួយទៅបុកពីក្រោយយ៉ាងពេញទំហឹងធ្វើឲ្យអ្នកទាំងពីរផ្លោងចូលទៅក្រោមគោយន្តច្នៃតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង
៨និង៣០នាទីយប់ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបឹងប្រីយ៍ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង គឺរវាងម៉ូតូជាមួយនឹងគោយន្តច្នៃ ដែលបង្កឲ្យមានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយបច្ចុប្បន្នកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យអ៊ីមេចិនស៊ី។
យោងតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺមានគោយន្តច្នៃមួយគ្រឿងបានបើកបរមកឈប់សំចតនៅលើចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុខាងលើ ដោយមិនបានដាក់អ្វីជាសម្គាល់ ឬភ្លើងបំភ្លឺជាសញ្ញានោះឡើយ ដោយគេអាងតែខាងស្តាំរបស់ខ្លួន។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហមគ្មានស្លាកលេខ ដោយពួកគេមានជិះគ្នាចំនួនពីរនាក់ ហើយបានបើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នាផង បានបុកយ៉ាងពេញទំហឹងចំពីក្រោយ ទៅលើតួគោយន្តច្នៃបណ្ដាលឲ្យទាំងម៉ូតូ និងមនុស្សផ្លោងចូលទៅក្រោមទ្រុងគោយន្ត ធ្វើឲ្យមនុស្សម្នាក់បានដេកនៅក្នុងថ្លុកឈាមទៅហើយ គឺបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ដោយជនរងគ្រោះនោះមានឈ្មោះ ស៊ុំ សាវៃ ភេទប្រុស អាយុ២២ឆ្នាំរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ដោយឡែកអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់នោះមានឈ្មោះ គឿន បញ្ញា ភេទប្រុស អាយុ២២ឆ្នាំដូចគ្នា និងរស់នៅក្នុងភូមិខាងលើជាមួយគ្នា។ ចំណែកម្ចាស់គោយន្តច្នៃបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ដោយសារតែឃើញហេតុការណ៍ដូចជាមិនសូវស្រួល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។ ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងក៏ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានផងដែរ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ស្រវឹងបើកម៉ូតូទៅបុកគោយន្តច្នៃពីក្រោយ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
0 Comments