បន្ទាយមានជ័យ ៖ យុវជនម្នាក់អាយុមិនទាន់គ្រប់១៨ឆ្នាំផង បានធ្វើសកម្មភាពលួចលុយក្នុងកាបូបមានទាំងលុយបាតនិងដុល្លារប្រមាណជាជិត៤ពាន់ដុល្លារ ប៉ុន្តែលួចមិនបានប៉ុន្មានម៉ោងផងត្រូវកម្លាំងអាវុធហត្ថស្រុកមង្គលបូរីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៥ក្នុងមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោករស់ សំបូរ មេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពីបទលួច មានឈ្មោះសំ ទីន ភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចកាបូបលុយពីជនរងគ្រោះឈ្មោះស៊ុយ ប៊ុនលី ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅខេត្តបន្ទាយមានជ័យ។
ជនសង្ស័យបានធ្វើសកម្មភាពលួច ពេលជនរងគ្រោះបានទៅផ្សារអូរស្ងួត ដែលស្ថិតក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ បន្ទាប់ពីជនសង្ស័យលួចបានហើយ ជនរងគ្រោះបានប្តឹងមកប៉េអឹមរបស់លោកដោយក្នុងកាបូប មានប្រាក់ដុល្លារ៧០០ដុល្លារ ប្រាក់ថៃ១០០០០០បាត បើគិតជាប្រាក់ដុល្លារជាង៣០០០ដុល្លារ។
ដោយជនសង្ស័យជាមុខសញ្ញាចាស់ និងបានការផ្តល់ព័ត៌មានពីអាជីវករ និងពលរដ្ឋទើបសមត្ថកិច្ចអាវុធហត្ថបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបានទាំងវត្ថុតាងជាប្រាក់ទាំងអស់មកវិញ ហើយប្រគល់របស់ទាំងអស់ឲ្យជនរងគ្រោះវិញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចកាបូបលុយពីជនរងគ្រោះពិតមែន ដោយមានបក្ខពួកទាំងអស់បីនាក់ ឯពីរនាក់ទៀតរត់គេចខ្លួនបាត់។
ក្រោយការឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ចំណែកជនសង្ស័យពីរនាក់ទៀតដែលគេចខ្លួនកំពុងស្រាវជ្រាវចាប់ខ្លួន៕
លួចលុយបានជិត៤ពាន់ដុល្លារមិនបានប៉ុន្មានម៉ោង ត្រូវប៉េអឹមឃាត់ខ្លួន
0 Comments