ក្រុមបាល់ទាត់ក្រសួងការពារជាតិ តំណាងឲ្យកងទ័ពជើងគោក និងក្រុមស្វាយរៀងអែហ្វស៊ី តំណាងឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស របស់កម្ពុជា ត្រូវប្រកួតជាមួយក្រុមរបស់ម្ចាស់ផ្ទះវៀតណាម ដូចគ្នានៅថ្ងៃ អាទិត្យ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះលើទីលានភូមិភាគទី៧ ក្នុងទីក្រុងហូជីមិញ នៃវគ្គសន្សំពិន្ទុពានរង្វាន់ខួបកងទ័ព និង បុណ្យឯករាជ្យជាតិវៀតណាម។
សម្រាប់ក្រុមស្វាយរៀងអែហ្វស៊ី ត្រូវជួបក្រុមភូមិភាគ៧ របស់វៀតណាម វេលាម៉ោង ៧និង៣០ព្រឹក ហើយនៅម៉ោង ១៥និង០០នាទី រសៀលក្រុមសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ប្រកួតជាមួយក្រសួងការពារជាតិ នៅថ្ងៃអាទិត្យ នេះ។
ឆ្លងកាត់២ប្រកួតដូចគ្នា ចំណាត់ថ្នាក់បណ្ដោះអាសន្នក្រុម ក្រសួងការពារជាតិរបស់កម្ពុជា មាន ៦ ពិន្ទុ ហើយក្រុមសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងក្រុម ភូមិភាគទី៧ របស់វៀតណាម មាន៣ ពិន្ទុស្មើគ្នា ហើយស្វាយរៀងអែហ្វស៊ី មិនទាន់មានពិន្ទុកាន់នៅឡើយ។
ក្រុមស្វាយរៀងអែហ្វស៊ី ដឹងនាំដោយលោក សំ វ៉ាន់ដេត ហើយក្រុមក្រសួងការពារជាតិ ដឹកនាំដោយលោក ទេព ឡុងរចនា។ កីឡាករសំខាន់ៗដូចជា ឈិន ឈឿន, ច្រឹង ពលរដ្ឋ, កែ វណ្ណៈ, ខែក ខេមរិន្ទ, ពុំ ដារាំង, រឿម ចាន់រឿន, ទូច រ៉ូម៉ា, អ៊ុំ សេរីរ័ត្ន របស់ក្លិបក្រសួងការពារជាតិ កីឡាករ ហួយ ផល្លីន, ផាន់នី អ៊ីរដ្ឋា, នេន សុធារ័ត្ន, ប្រាក់ មុន្នីឧត្តម, ណុប តុលា, សំអឿន ពិដោរ, សឿយ វិសាល របស់ក្លិបស្វាយរៀង សុទ្ធតែអវត្តមានក្នុងការប្រកួតនេះ ព្រោះជាប់ធ្វើដំណើរទៅប្រកួតក្នុងពានអាស៊ាន-ចិន 2015 Yunnan-ASEAN International Football Open Tournament នៅប្រទេសចិន ជាមួយក្រុម ជម្រើសជាតិ។
ពានរង្វាន់ដែលក្លិបទាំង២គ្រោងចូលរួមនោះគឺបង្កើតឡើងដើម្បីរំលឹកខួបកងទ័ព និងបុណ្យឯករាជ្យជាតិវៀតណាម ដែលរៀបចំឡើងនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ២៤ ដល់ ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៥ ដោយមានការប្រកួតបាល់ទាត់ ផងនិងបាល់ទះផង។ សម្រាប់វិញ្ញាសាបាល់ទាត់មានក្រុមចូលរួមចំនួន៤ រួមមានក្រុម មកពី បាល់ទាត់ភូមិភាគ៧ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បូកក្រុមស្វាយរៀងអែហ្វស៊ី និងក្រុមក្រសួងការពារជាតិ របស់កម្ពុជា៕
ស្វាយរៀងអែហ្វស៊ី និង ក្រសួងការពារជាតិ ជួបក្រុមរបស់ម្ចាស់ផ្ទះវៀតណាមដូចគ្នា នៅទីក្រុងហូជីមិញ
0 Comments