បន្ទាយមានជ័យ ៖ ឈ្មួញបានឃុបឃិតនឹងអ្នកធំបាននាំគ្នាធ្វើអាជីវកម្មកាយដី និងផលិតថ្មសំណង់ដោយអត់ច្បាប់យ៉ាងអានាធិបតេយ្យនៅភ្នំទ្រលោក ភ្នំទ្រយោង និងភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លក់យ៉ាងអាធិបតេយ្យជាយូរខែឆ្នាំមកហើយ គេមិនដែលឃើញមន្ត្រីចុះបង្ក្រាបនោះឡើយ។
លោក ជួយ គាងថូង មេឃុំភ្នំលៀបបាននិយាយឲ្យដឹងថា ការកាយដី និងផលិតថ្មលក់នៅស្រុកព្រះនេត្រព្រះនោះខាងក្រសួងរ៉ែ និងថាមពលគេមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មឡើយ ប៉ុន្តែករណីអាជីវកម្មកាយដី និងវាយថ្មលក់នៅភ្នំទាំង៣ក្នុងឃុំភ្នំលៀបនោះ មិនស្មើភាពគ្នាទេអ្នកខ្លះអត់ច្បាប់សោះ ហើយមិនខ្ចីរត់ច្បាប់ឡើយក៏នៅតែដំណើរការទាំងអត់ច្បាប់យ៉ាងរំភើយ។
លោកបានបន្តទៀតថា នៅចំណុចភ្នំទ្រលោក ភូមិទ្រលោកកើតនិងលិចមានការដ្ឋានកាយថ្ម និងដី២អាជីវកម្មទី១នៅខាងកើតជារបស់លោក អែម ណុយ រស់នៅភូមិភ្នំលៀប ជាអតីតប្រធានការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាស្រុកដែលគ្មានច្បាប់ ហើយមិនខ្ចីរត់ច្បាប់ឡើយ។ ទី២ការដ្ឋានរបស់លោក អៀន ជា កំពុងរត់ការសុំច្បាប់តែបានដំណើរការទាំងអត់ច្បាប់ជាយូរមកហើយដែរ។ រីឯនៅភ្នំទ្រយោង ភូមិភ្នំលៀបត្បូង មាន១ការដ្ឋានកាយ និងវាយថ្មធំជាងគេជារបស់លោកសឿម សំបូរ ការដ្ឋានមានច្បាប់ត្រឹមខេត្ត តែទីតាំង និងបច្ចេកទេសធ្វើខុសព្រោះកាយដី និងថ្មឲ្យកាយរាក់ៗតែដល់ធ្វើកាយជ្រៅៗទៅវិញ។ នៅភូមិភ្នំលៀបលិច មានការដ្ឋានកាយដីរបស់លោកសឿម សំបូរ ១កន្លែងទៀតដែលកំពុងរត់ច្បាប់។ និង១ទៀតជាការដ្ឋានរបស់លោក សៀង ណាំមកពីសៀមរាបដែលសុំលោកអភិបាលខេត្តបន្ទាយមានជ័យកាយដីទៅចាក់ធ្វើផ្លូវនៅស្រុកក្រឡាញ់។អាជីវកម្មខាងលើសុទ្ធតែមានរោងស្នាក់ និងគ្រឿងចក្រធុនធំៗពុំមែនធ្វើជាលក្ខណៈគ្រួសារនោះទេជាទ្រង់ទ្រាយធំតែម្តង ហើយអ្នកអត់ច្បាប់ និងអ្នកកំពុងរត់ច្បាប់គឺសុទ្ធតែទំនាក់ទំនងក្រៅផ្តល់ផលប្រយោជន៍នឹងលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តទាំងអស់។
លោក សុត វឌ្ឍនា ប្រធានប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យបាននិយាយនៅថ្ងៃទី២ ខែវិច្ឆិកាថា ការដ្ឋានកាយដីថ្ម និងវាយថ្មនៅឃុំភ្នំលៀបពិតជាមានច្បាប់ខ្លះ អត់ខ្លះ និងកំពុងរត់ការសុំច្បាប់មែនតែពួកគេបានធ្វើទាំងអត់ច្បាប់ និងខុសច្បាប់ បើទោះបីជាលោកបានបញ្ជូនមន្ត្រីឲ្យទៅណែនាំធ្វើកិច្ចសន្យានិងផ្អាកសិនចាំសុំច្បាប់បានសឹមធ្វើក៏ដោយពួកទាំនោះមិនអនុវត្តច្បាប់ឡើយ។
លោក សុត វឌ្ឍនា និយាយបន្តថា ក្នុងចំណោមការដ្ឋានកាយដី កាយថ្ម និងវាយថ្មទាំង៥កន្លែងនៅឃុំភ្នំលៀបនោះគឺមានតែរបស់លោក សឿម សំបូរ ១ប៉ុណ្ណោះមានច្បាប់ត្រឹមខេត្តព្រោះទំហំក្រោម១ម៉ឺនម៉ែត្រក្រឡា។ ឯការដ្ឋានលោក អែម ណុយ របស់លោក អៀនជា របស់ លោក សៀង ណាំ របស់លោក ជួយ គាងថូង សុទ្ធតែអត់ច្បាប់ទាំងអស់ តែរបស់លោក ជួយ គាងថូង មិនហ៊ានធ្វើសកម្មភាពទេ ដោយរង់ចាំច្បាប់ធ្លាក់មកសិន។ ចំពោះការដ្ឋានអត់ច្បាប់ទាំងឡាយនោះលោកបានឲ្យប្រធាននិងមន្ត្រីការិយាល័យធនធានរ៉ែចុះណែនាំ បញ្ឈប់ និងធ្វើកិច្ចសន្យាហើយ ប៉ុន្តែពេលមន្ត្រីជាប់រវល់ខ្លាំងមិនបានចុះពួកគេក៏ធ្វើទាំងបំពានច្បាប់ទៅ។ លោកនឹងបញ្ជូនមន្ត្រីចុះបង្ក្រាបទៀត ដើម្បីបញ្ឈប់ដល់ឈ្មួញកាយដី និងផលិតថ្មលក់នៅក្នុងស្រុកព្រះនេត្រព្រះនេះឲ្យខានតែបានមិនឲ្យបន្តការងារនេះបន្តទៀតឡើយ៕
ឈ្មួញធ្វើអាជីវកម្មកាយដីថ្មអត់ច្បាប់លក់យ៉ាងអានាធិបតេយ្យនៅភ្នំទ្រ
0 Comments