Ad Code

ថ្ងៃ​ដំបូង​ដែល​សិស្ស​ និងយុវជន​បាន​ចូល​រៀន​នៃ​ឆ្នាំ​សិក្សា​ថ្មី

ពិធី​បើក​បវេសនកាល​នៃ​ឆ្នាំ​សិក្សា​ថ្មី​២០១៥-​២០១៦​ ​បាន​ប្រព្រឹត្ត​ទៅ​រួច​រាល់​ហើយ គឺ ចាប់​ពីថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ២០១៥ នេះ​តទៅ​ ជាពេល​​ចាប់​ផ្តើម​ធ្វើ​ការ​បង្រៀន​ និង​រៀន​គ្រប់​សាលា​រៀន​ទាំង​អស់​​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា។ ដូច​នេះ​នៅថ្ងៃ​ដំបូង​នេះ​គេ​ឃើញ​មានសកម្ម​ភាព សំខាន់ៗ របស់គ្រូ​ និង​សិស្ស​ដូច​តទៅ​នេះ៖


សិស្ស​បាន​ចូល​ក្នុង​បន្ទប់​រៀន​ដែល​ជាថ្នាក់​រៀន​ថ្មី របស់​ខ្លួន​ក្រោម​ការដឹក​នាំ​ពីគ្រូ​ទទួល​បន្ទុក​ថ្នាក់។ ចំពោះ​សកម្ម​ភាព​នៃ​គ្រូ​ទទួល​បន្ទុក​ថ្នាក់​ដែល​បាន​ជួប​នឹង​សិស្ស​ថ្មី​របស់​គាត់​នោះ​គេ​ឃើញ​មាន​ដូចជា ការ​ហៅឈ្មោះ សិស្ស​គ្រប់​គ្នា​ឲ្យ​បាន​ដឹង​ថា តើ​មាន​អវត្តមាន​សិស្ស​ប៉ុន្មាន​នាក់ ការ​ប្រជុំ​សិស្ស​ និង​ការ​កត់​ត្រា​​កាល​វិភាគ​ប្រចាំ​ថ្នាក់​រៀន​នីមួយៗ ព្រម​ទាំង​មាន​បញ្ហា​ផ្សេងៗ ដូច​ជា​បញ្ហា​ចែក​សៀវភៅ សិក្សា​គោល​ដល់​សិស្ស​គ្រប់​​គ្នាទៀត​ផង។


១.ការ​ហៅឈ្មោះ​សិស្ស​ដែល​មាន​នៅក្នុង​បញ្ជី​ថ្មី​នៃ​សិស្ស​បាន​ឡើង​ថ្នាក់។ មានន័យ​ថា សាលា​រៀន​ចាប់​ផ្តើម​ស្រង់​អវត្តមាន​សិស្ស​ចាប់​ពី​ពេល​នោះ​ហើយ។ ទន្ទឹម​នេះ​ដែរ​បន្ទាប់​ពី​ការ​ហៅឈ្មោះ សិស្ស​រួច​គ្រូ​ទទួល​បន្ទុក​ថ្នាក់​បាន​ពិនិត្យ​អំពី​ការ​អង្គុយ​តាម​តុ នៃ​សិស្ស​គ្រប់​គ្នា​ដោយ​មាន​​ការ​រៀប​ចំ​​ឲ្យ​សិស្ស​​តូច​អង្គុយ​មុខ និង​សិស្សធំ​​អង្គុយ​ក្រោយ។ ក្នុង​នោះ​ក៏​មាន​ការ​រៀប​ចំ​សិស្ស​ពិ​ការ​ភ្នែក​ ឬសិស្ស​ដែល​មាន​ភ្នែក​អន់​ត្រូវ​អង្គុយ​តុខាង​មុខ​ផងដែរ។ បន្ទាប់​មក​ទៀត​គ្រូ​បង្រៀន​ ឬជា​គ្រូ​ទទួល​បន្ទុក​ថ្នាក់​បាន​ពិនិត្យ​អំពី​គ្រឿង​សង្ហារិម និង​សម្ភារៈ​ទាំង​ឡាយ​ក្នុង​ការ​​រៀប​ចំ​តុប​តែង​តាម​ជញ្ជាំង​បន្ទប់​រៀន។ ជា​ពិសេស​​​បញ្ហា​ក្តារ​ខៀន​តែម្តង ដ្បិត​ប្រភព​​នៃ​ការ​ពន្យល់​ ឬការ​ផ្តល់​ចំណេះ​ដឹង​ដល់​សិស្ស​ទាំង​អស់​តែង​មិនអាច​ឃ្លាត​ឆ្ងាយ​ពីក្តារ​ខៀន​នេះ​ឡើយ។ ​ដូច​នេះ​បញ្ហា​ក្តារ​ខៀនល្អ មាន​ការ​សរសេរ​បានមើល​ឃើញ​ច្បាស់​នោះក៏​ជា​ប្រភព​នៃ​​ការ​បង្កើត​នូវ​គុណ​ភាព​សិស្ស​ផង​ដែរ។


២.ការ​ប្រជុំ​របស់គ្រូ​ដល់​សិស្ស​តាម​ថ​្នាក់​នីមួយៗ នាព្រឹក​នោះគឺ ការ​អាន​និង​ពន្យល់​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​សាលា​រៀន​ ដើម្បី​ឲ្យ​សិស្ស​បាន​ចេះ​ចាំ​ក្នុង​ការ​អនុវត្ត​ជា​ភារកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​សិស្ស។ មាន​ន័យ​ថា​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​រៀន​ក៏​ប្រៀប​ប្រដូច​ទៅ​នឹង​ច្បាប់​នានា​ទៅក្នុង​សង្គម​នោះដែរ។ ពោល​គឺ បទបញ្ជា​ផ្ទៃក្នុង​នេះ​វា​ជាច្បាប់​សម្រាប់​សិស្ស​ក្នុង​ការ​សិក្សា​ឲ្យ​មាន​ប្រសិទ្ធ​ភាព។ ជាពិសេស​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​បាន​បញ្ជាក់​អំពី​បញ្ហា​វិន័យ ការ​គោរព​​ពេល​វេលា​នៃ​ការ​រៀន​ និង​អំពី​បញ្ហា​សីល​ធម៌​ របស់​សិស្ស​​ក្នុង​សាលា​រៀន​នោះ​ដែរ។ ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​ប្រសិន​បើ​មាន​សិស្ស​ណា​ប្រព្រឹត្ត​ខុស​នឹង​បទបញ្ជា​ផ្ទៃ​ក្នុង​នោះ វាជា​កំហុស​របស់​សិស្ស​ផ្ទាល់​តែ​ម្តង។ ជាមួយ​នេះ​ដែរ ក្រោយពី​ការ​​ប្រជុំ​សិស្ស​តាមរយៈ​ការ​បង្ហាញ​និង​បក​ស្រាយ​នូវបទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ​ក៏​គ្រូ​ទទួល​បន្ទុក​ថ្នាក់​បាន​បិទ​នៅ​តាម​បន្ទប់​រៀន​នៅ​តាម​តារាង​បទបញ្ជា​ផ្ទៃ​ក្នុង​ដើម្បី​ទុក​ឲ្យ​​សិស្ស​បាន​អាន​ជារៀង​រាល់​ថ្ងៃ​ទុក​ជា​ការ​ក្រើន​រំលឹក​ដាស់​តឿន​ខ្លួន​ឲ្យ​ក្លាយ​ជា​សិស្ស​ល្អ ក្នុង​សាលា​រៀន។


៣.ការកត់​កាលវិភាគ​ប្រចាំ​ថ្នាក់​រៀន នីមួយៗ។ ក្រោយ​​ពី​ការ​ប្រជុំ​សិស្ស​តាម​ថ្នាក់​រៀន​​រួច​មក​គ្រូ​​ទទួល​បន្ទុក​ថ្នាក់ បានឲ្យ​សិស្ស​ឡើង​គូស​តារាង​​​​កាល​វិភាគ​ ជា​កាល​វិភាគ​ប្រចាំ​សប្តាហ៍​ដែល​​ជា​​ថ្ងៃ​រៀន​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ រហូត​ដល់​ថ្ងៃសៅរ៍​ថា តើ​ថ្ងៃ​ណា​ និង​ម៉ោង​​ណាត្រូវ​រៀន​មុខ​វិជ្ជា​អ្វី? ​ឬ​សិស្ស​បាន​ដឹង​ថា តើមុខ​វិជ្ជា​នីមួយៗ មាន​គ្រូ​ឯក​ទេស​នោះឈ្មោះអ្វី។ សិស្ស​បាន​ចម្លង​ ឬ​កត់​ត្រា​កាល​វិភាគ​ផ្ទាល់​ខ្លួន​គ្រប់​គ្នា ដើម្បី​​ឲ្យ​មាន​ការ​​រៀបចំ​ការ​សិក្សា​ឲ្យ​បាន​ទៀង​ទាត់​រាល់​ថ្ងៃ ដោយចៀស​វាង​នូវ​ការ​ភាន់​ច្រឡំគឺ សំដៅ​ឲ្យ​សិស្ស​​មាន​ការ​​គោរព​ពេល​វេលា​ឲ្យ​បានច្បាស់​លាស់និង​ត្រឹម​ត្រូវ​ទៀត​ផង។


៤.បន្ទាប់​ពីការ​កត់​កាល​វិភាគ​រួច​ហើយ​នោះគ្រូ​ទទួល​បន្ទុក​ថ្នាក់​បាន​និយាយ​ពីបញ្ហា​ផ្សេងៗ ដែល​ក្នុង​នោះ​មាន​បញ្ហា​សាលា​ចែក​សៀវភៅ​សិក្សា​គោលដៅ​​ដល់​សិស្ស​គ្រប់កម្រិត​ថ្នាក់​ផងដែរ។ បានសេចក្តី​ថា ក្រសួង​អប់រំ​យុវជន​និងកីឡា បានចែក​សៀវភៅ​​អាន​(សៀវ​ភៅ​ពុម្ព) ដល់​សិស្ស​គ្រប់​គ្នា​ដែល​សិស្ស​ម្នាក់ៗ មិន​បាច់​ចំណាយ​​ប្រាក់​ទិញ​សៀវភៅ​ពុម្ព​នោះ​ឡើយ។ ដ្បិត​កាល​ពី​ចុង​ឆ្នាំ​​សាលា​មាន​ការ​ប្រមូល​សៀវភៅ​ពីសិស្ស​តម្កល់​ទុក​ក្នុង​ទី​ចាត់​ការ​ដើម្បី​ថែ​រក្សាទុក​​ចែក​ដល់​សិស្ស​ក្នុង​ឱកាស​ឆ្នាំសិក្សា​ថ្មី។


ទាំង​អស់​នេះ​ជា​សកម្ម​ភាព​តាម​សាលា​រៀន​ក្នុង​​ថ្ងៃ​​នៃ​ការ​អនុវត្ត​ការ​បង្រៀន​​ និង​រៀន​ស្រប​ទៅ​តាម​កាលវិភាគ​ជាក់ស្តែង​យ៉ាង​ខ្ជាប់ខ្ជួន​ត​រៀង​ទៅ៕​



ថ្ងៃ​ដំបូង​ដែល​សិស្ស​ និងយុវជន​បាន​ចូល​រៀន​នៃ​ឆ្នាំ​សិក្សា​ថ្មី

Post a Comment

0 Comments

Close Menu