ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៅមជ្ឈិមបូព៌ា និងអឺរ៉ុបជាច្រើនបាននិយាយថា ពួកគេនឹងធ្វើការហោះហើរពង្វាងតំបន់ដែនអាកាសរបស់អេហ្សុីប ជាកន្លែងដែលយន្តហោះរបស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះ កាលពីថ្ងៃសៅរ៍។
ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុត នៅឈូងសមុទ្រ អេមីរ៉ាត និងក្រុមហ៊ុនបុត្រសម្ព័ន្ធ flydubai របស់ខ្លួន ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អ៊ូឌីត បានឱ្យដឹងថា ពួកគេបាន ធ្វើការហោះហើរពង្វាងជុំវិញឧបទ្វីប ជាតំបន់ ដែលយន្តហោះ Metrojet របស់ប្រទេសរុស្ស៊ីបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុង Sharm el- Sheikh ដោយបានសម្លាប់មនុស្សប្រមាណ ២២៤ នាក់នៅលើយន្ដហោះតែម្ដង។
ក្រុមហ៊ុនអាកាសចរណ៍ Lufthansa និង Air France-KLM ក៏បានសម្រេចចិត្តបញ្ឈប់ការហោះហើរនៅលើឧបទ្វីបនោះដែរ ខណៈពេលដែលហានិភ័យ ត្រូវបានវាយតម្លៃ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ឥស្លាមត្រូវបានគេអះអាងថា ក្រុមនេះបានបាញ់យន្តហោះនោះទម្លាក់ ដែលរហូតមកដល់នឹងពេលនេះ ក្រុងមូស្គូបានច្រានចោលការអះអាងនោះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ easyJet បានឱ្យដឹងថា មុនពេលកើតហេតុយន្តហោះរបស់ខ្លួនត្រូវបានហោះពង្វាងភាគខាងជើង និងភាគកណ្តាលនៃតំបន់ជម្លោះ ស៊ីណៃរួចទៅហើយ។ “អ្វីដែលបានត្រៀមទុកជាមុន មុនពេលកើតហេតុកាលពីម្សិលមិញនេះ ក្រុមហ៊ុនអាកាសចរណ៍ easyJet ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ចក្រភពអង់គ្លេសផ្សេងទៀតដែរ មិនបានហោះហើរនៅលើភាគខាងជើង និងភាគកណ្តាលស៊ីណៃ ដែលជាតំបន់កើតឧបទ្ទវហេតុនេះ នោះទេ”។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស ដែលធ្វើការហោះហើរចេញ និងចុះចត នៅទីក្រុង Sharm បានស្គាល់ផ្លូវវាងស្រដៀងគ្នាមួយ នៅតាមបណ្តោយឈូងសមុទ្រស៊ុយអេ បើទោះបីជា ក្រុមហ៊ុនអាកាសចរណ៍នេះ មិនបានបញ្ជាក់ពីវាក៏ដោយ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ចក្រភពអង់គ្លេសម្នាក់បាននិយាយថា៖ “យើងមិនបានពិភាក្សាគ្នាអំពីសេចក្តីលម្អិតនៃផ្លូវហោះហើរជាលក្ខណៈបុគ្គលនោះទេ ប៉ុន្តែយើងនឹងមិនធ្វើការហោះហើរនៅផ្លូវអាកាសមួយឡើយ ដរាបណាវាមិនមានសុវត្ថិភាពក្នុងការហោះហើរ។ សុវត្ថិភាពនៃអតិថិជនរបស់យើង តែងតែជាអាទិភាពទីមួយ ដែលយើងត្រូវយកចិត្ដទុកដាក់”។
ក្រុមហ៊ុនអាកាសចរណ៍ easyJet បានឱ្យដឹងថា អ្នកដំណើរទាំងឡាយណា ដែលមិនចង់ហោះហើរតាមផ្លូវអាកាស ដែលយើងជ្រើសរើស នឹងត្រូវបានផ្តល់ជូន ទាំងជម្រើសនៃការហោះហើរមួយផ្សេងទៀត ឬកាត Voucher មានទឹកប្រាក់។ អ្នកនាំពាក្យម្នាក់បាននិយាយថា៖ “សុវត្ថិភាពអតិថិជន និង នាវិករបស់យើង គឺជាចំណុចអាទិភាពខ្ពស់បំផុតរបស់យើង”។
អនុសាសន៍ពីនាយកដ្ឋានដឹកជញ្ជូន កាលពីខែធ្នូ ឆ្នាំ២០១៤ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ឱ្យពង្វាងការហោះហើរ ក្នុងរយៈកម្ពស់ ៧៦២០ម៉ែត្រ នៅភាគខាងជើងស៊ីណៃ។ អនុសាសន៍ដដែលនេះ ត្រូវបានគេចុះផ្សាយម្ដងទៀត នៅខែកញ្ញាឆ្នាំនេះ។
យន្តហោះ Metrojet Airbus A321-200 នេះ ហោះហើរបានរយៈកម្ពស់ ៩៤៤៨.៨ ម៉ែត្រ មុនពេលវា បានធ្លាក់ ហើយអ្នកជំនាញបានសង្ស័យថា ពួកសកម្មប្រយុទ្ធនៅស៊ីណៃ គួរតែបានប្រដាប់ដោយអាវុធ ដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះមួយនេះ នៅរយៈកម្ពស់ ដែលកំពុងហោះហើរនោះ។ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH17 បានហោះហើរក្នុងរយៈកម្ពស់ ១០០៥៨.៤ ម៉ែត្រ មុនពេលដែលវាត្រូវបានបាញ់ទម្លាក់ នៅភាគខាងកើតអ៊ុយក្រែន ក្នុងខែកក្កដា ឆ្នាំ២០១៤។
សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបានអំពាវនាវកាលពីឆ្នាំមុន ដើម្បីឱ្យចែករំលែកព័ត៌មានឱ្យកាន់តែច្បាស់លាស់ រវាងក្រុមហ៊ុនអាកាសចរណ៍នានា បន្ទាប់ពីការធ្លាក់យន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងបានអំពាវនាវអំពីការគំរាមកំហែងដទៃទៀត។ ដំណឹងនោះ ជាញឹកញាប់ត្រូវបានលាក់បាំងសម្ងាត់ប្រកបដោយក្ដីច្រណែន និងបាននាំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា ទទួលយកការសម្រេចចិត្តខុសគ្នាថា ដែនអាកាសមួយណា គួរតែមានសុវត្ថិភាពក្នុងការហោះហើរ៕
The Guardian
ដេវីដ
ក្រុមហ៊ុនអាកាសចរណ៍នានា បញ្ចៀសការហោះហើរនៅលើតំបន់នៃការធ្លាក់យន្តហោះរបស់រុស្ស៊ី នៅក្នុងប្រទេសអេហ្ស៊ីប
0 Comments