កីឡាកររបស់ក្លិបស្វាយរៀងអែហ្វស៊ីទាំង ៨នាក់ដែលភាគច្រើនក្នុងឈុតយុវជនក្រោមអាយុ១៩ឆ្នាំ(U-19) រួមទាំងគ្រូបង្វឹក ២នាក់ទៀតនោះបានធ្វើដំណើរទៅប្រទេសអង់គ្លេសហើយដើម្បីហ្វឹកហាត់នៅទីនោះរយៈពេលជាង២ សប្ដាហ៍ដោយគឺចាប់ផ្ដើមពីដើមខែវិច្ឆិកាតទៅ។
លោកសុក វាសនាគ្រូបង្វឹកក្រុមយុវជនប្រចាំក្លិបស្វាយរៀងអែហ្វស៊ីបានឱ្យដឹងថា ក្រុមលោកបានចេញដំណើរទៅពីប្រទេសកម្ពុជាតាំងពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ១ ខែវិច្ឆិកា មកម៉្លេះដោយហោះចេញពីរាជធានីភ្នំពេញទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយបន្តពីកូរ៉េខាងត្បូងឆ្ពោះទៅកាន់ប្រទេសអង់គ្លេសផ្ទាល់តែម្ដង។
កីឡាករទាំង ៨នាក់ ដែលមានឈ្មោះចេញទៅហ្វឹកហាត់លើទឹកដីប្រទេសល្បីខាងបាល់ទាត់នៅតំបន់អឺរ៉ុបមួយនេះមានកីឡាករអឿន ប៊ីលី, ផន ភារ៉ា, ឡាយរស្មី, គន្ធា រ៉ាវ៉ាន់,គឹម ហាប់, អោម ឧត្តម, អ៊ុក វ៉ាន់ណេ និង ទេពវានាកុមារពិទូរ្យក្រោមការដឹកនាំពីសំណាក់លោកសុក វាសនា និងលោក សំអែលណាសាអតីតកីឡាករជម្រើសជាតិកម្ពុជា។
កន្លងមកលោក សុក វាសនាបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «តាំងនាមខ្ញុំបាទតំណាងអោយគ្រូនិងកីឡាករស្វាយរៀងអេហ្វស៊ីទាំងអស់សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លិបស្វាយរៀងអេហ្វស៊ីគ្រប់ជាន់ថ្នាក់ដែលមានឯកឧត្តមឌី វិជ្ជា ជាប្រធានក្លិបរួមទាំងលោកជំទាវ ស៊ុយសុផាន់ និង លោកជំទាវ ជុំស្រីទូច នាយកក្រុមហ៊ុន RTV Tours នឹងក្រុមគ្រួសារដែលបានជួយរៀបចំគម្រោងស្នើសុំហើយផ្តល់ឱកាស និងបានជួយឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនជូនដល់ក្រុមកីឡាកររបស់យើងខ្ញុំ។
ជាចុងក្រោយក្រុមយើងខ្ញុំទាំងអស់សូមជូនពរដល់ថ្នាក់ដឹកនាំទាំងអស់ព្រមទាំងលោកជំទាវនិងក្រុមគ្រួសារសូមអោយជួបតែសំណាងល្អសុខភាពល្អ និងមុខរបរជំនួញរឹតតែរីកចំរើនទៅមុខជានិច្ច»។
យោងតាមប្រភពមកពីក្លិបស្វាយរៀងអែហ្វស៊ីបានលើកឡើងថា ក្រុមទាំងមូលនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់រួមគ្នានៅទីនោះរយៈពេលជាង២ សប្ដាហ៍រួចមក។
ការហ្វឹកហាត់នឹងធ្វើឡើងនៅក្នុងសាលា Brooke House College ដែលមានទីតាំងក្នុងទីក្រុង Leicester ប្រទេសអង់គ្លេស ។
សម្រាប់គម្រោងស្នើសុំទៅខាងអង់គ្លេសគឺតាមរយៈក្រុមហ៊ុនRTV Tours ដែលមានកូនប្រុសរបស់លោកជំទាវស៊ុយ សុផាន់ឈ្មោះ តាន់រិទ្ធីវិវឌ្ឍន៍។
រិទ្ធីវិវឌ្ឍន៍ជាយុវជនថ្នាលស្វាយរៀងហើយគេកំពុងសិក្សានិងហ្វឹកហាត់នៅទីនោះព្រមទាំងហ្វឹកហាត់ផងបានស្នើសុំទៅសាលាដើម្បីនាំមិត្តរួមក្រុមទៅហ្វឹកហាត់តែម្ដង។
នេះការបណ្ដុះបណ្ដាលធនធានកីឡាករកម្រិតអន្តរជាតិរបស់ក្លិបស្វាយរៀងអែហ្វស៊ីក្រោមការជួយជ្រោមជ្រែងយ៉ាងសកម្មពីឯកឧត្តមឌី វិជ្ជា ជាប្រធានខណៈនៅកម្ពុជាមិនទាន់មានក្លិបណាបញ្ជូនកីឡាករទៅហ្វឹកហាត់នៅតំបន់អឺរ៉ុបឡើយនាពេលកន្លងមក៕
កីឡាកររបស់ស្វាយរៀងអែហ្វស៊ីទាំង៨នាក់ធ្វើដំណើរដល់ប្រទេសអង់គ្លេសហើយ
0 Comments