ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ៣១ ខែតុលាដែលជាថ្ងៃបុណ្យហាឡូវីន (Halloween)គេ ឃើញមានយុវវ័យនិងតារារបស់ខ្មែរមួយចំនួនធំតែងតែមានភាពជ្រួលច្របល់នៅក្នុងថ្ងៃបុណ្យមួយនេះដោយសារពួកគេគិតថា ជាថ្ងៃសប្បាយ។
មិនតែប៉ុណ្ណោះបើសង្កេតមើលនៅតាមកន្លែងកម្សាន្តនានាក៏តែងបើកឲ្យមានការតុបតែងឆ្លាក់រូបផ្លែឈើព្រម នឹង ប្រើវត្ថុផ្សេងៗច្នៃជារូបខ្មោចឬគូរមុខខ្លួនឯងឲ្យមានរូបរាងដូចខ្មោច ដើម្បីបង្កបរិយាកាសរីករាយនៅក្នុងពិធីបុណ្យកម្សាន្តមួយនេះ។
ជាការកត់សម្គាល់ថ្ងៃបុណ្យ Halloween ដែលមានមនុស្សភាគច្រើនចូលចិត្តហៅជាប់ៗមាត់ថា ថ្ងៃដោះលែងខ្មោចនេះបានធ្វើឲ្យយុវជន យុវនារីនិងពិសេសទៀតនោះគឺមានតារាប្រុស-ស្រីរបស់ខ្មែរស្ទើរតែទូទៅនាំគ្នាជ្រួលជ្រើមចូលរួមពិធីនេះ ជាថ្ងៃដែលជនជាតិខេល (Celt) ជឿថា ពិភពរបស់មនុស្សស្លាប់និងមនុស្សរស់តភ្ជាប់គ្នាហើយវិញ្ញាណរបស់អ្នកដែលស្លាប់ក្នុងឆ្នាំកន្លងមកនឹងដើររករាងកាយរបស់មនុស្សរស់ដើម្បីចូលសណ្ឋិត។
ម្យ៉ាងទៀងនៅក្នុងថ្ងៃ៣១តុលាតែងឃើញមានតារាខ្មែរចំនួនធំបានជ្រើសយកការតុបតែងខ្លួនជារូបខ្មោចនិងព្រាយបិសាចជាដើម…..។
ពីមួយឆ្នាំទៅមួយឆ្នាំថ្ងៃបុណ្យហាឡូវីនដែលតែងមានយុវវ័យជាច្រើនបានបង្ហាញពីអារម្មណ៍ជ្រួលច្របល់ងាកទៅចូលរួមសប្បាយតាមរយៈការតុបតែងគូរមុខមាត់លក្ខណៈខ្មោច ឬ ជារូបសត្វខុសប្លែកពីគ្នានេះបានកាន់តែផ្តើមវាយលុកកាន់តែខ្លាំងមកលើសង្គមខ្មែរបច្ចុប្បន្នដោយធ្វើឲ្យពួកគេមានភាពឈ្លក់វង្វេងខ្លាំងសូម្បីតែតារាសិល្បករខ្មែរមួយចំនួនផងនោះ ដែលបញ្ហានេះពិតជាគួរឲ្យបារម្ភខ្លាំងណាស់សម្រាប់សង្គមខ្មែរ។
ស្របពេលជាមួយគ្នានេះក៏មានមតិខ្លះបានធ្វើការរិះគន់ចំពោះសកម្មភាពមួយចំនួនរបស់តារាខ្មែរដែលបាននាំគ្នាជ្រួលជ្រើមតុបតែងខ្លួនប្លែកៗដើម្បីចូលរួមបុណ្យខាងលើនេះថាបែបសប្បាយណាស់ហើយកូនខ្មែរ??? អារឿងចម្លងគេអារឿងចឹងៗអីក៏ពូកែម្ល៉េះ? អារឿងជាតិមាតុភូមិសុទ្ធតែមិនយកខ្លួនបៀតតែអារឿងចម្លងវប្បធម៌រញ៉េរញ៉ៃអីក៏ពូកែម្ល៉េះ។
ដោយឡែកក៏មានប្រភពពីមជ្ឈដ្ឋានខ្លះទៀតបាននិយាយថា បច្ចុប្បន្ននេះវប្បធម៌បរទេសមួយចំនួនបានចូលមកប្តូរនូវអាកប្បកិរិយារបស់យុវវ័យនិងតារារបស់ខ្មែរមួយចំនួនឲ្យភ្លើតភ្លើននាំគ្នាគិតតែពីការសប្បាយភាពឡូយឆាយ តែងខ្លួនបែបបរទេសទាំងការធ្វើសក់និងការស្លៀកពាក់ដោយភ្លេចអស់ប្រពៃណីវប្បធម៌ថ្លៃថ្នូរជាតិសាសន៍ខ្លួនឯង។ ទង្វើនេះហាក់កំពុងបំផ្លាញធ្វើឲ្យវប្បធម៌ និងកិត្តិយសសង្គមចុះអន់ថយ។ ដូច្នេះក្នុងនាមអ្នកសិល្បៈកររបស់ខ្មែរដែលជាគំរូល្អសម្រាប់យុវវ័យធ្វើតាមគួរតែនាំគ្នាគិតពិចារណាឡើងវិញអំពី បញ្ហាទាំងនេះដើម្បីលើកតម្កើងដល់សង្គមជាតិ៕
ទស្សនិកជនរិះគន់ចំពោះសកម្មភាពតារាខ្មែរមួយចំនួនក្នុងថ្ងៃបុណ្យHalloween
0 Comments