ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៨ខែវិច្ឆិកានេះ បដិសេធការឃោសនាអកុសលថា រោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជានឹងឈប់សម្រាក១ខែ នៅក្នុងខែធ្នូ ឆ្នាំ២០១៥ ខាងមុខ និងបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនមេខ្លោងបំផុសពាក្យឃោសនាអកុសលនេះ ដើម្បីយកទៅចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
សេចក្តីប្រកាសរបស់ក្រសួងការងារ បានលើកឡើងថា ថ្មីៗមានជនទុច្ចរិតមួយក្រុមបានដើរបំផុសនូវពាក្យចចាមអារ៉ាម តាមតំបន់រោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ថា នៅក្នុងខែធ្នូ ឆ្នាំ២០១៥នេះ គ្រប់រោងចក្រវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជានឹងបិទទ្វារផ្អាកដំណើរការរយៈពេល១ខែ ដែលព័ត៌មាននេះ បានបង្កជាក្តីព្រួយបារម្ភដល់បងប្អូនកម្មករនិយោជិត និងនិយោជកក្នុងវិស័យនេះ។
ជាមួយគ្នានោះ ក្រសួងបានអំពាវនាវដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈទាំងអស់ មេត្តារក្សាការស្ងប់ស្ងាត់ និងបន្តនិរន្តរភាពការងាររបស់ខ្លួនជាធម្មតា ចៀសវាងការចាញ់បោកការឃោសនាអកុសលពីក្រុមទុច្ចរិតណាមួយ និងបានអំពាវនាវដល់សាធារណជន កម្មករនិយោជិត និយោជន និងអង្គការវិជ្ជាជីវៈនានាមេត្តាសហការផ្តល់ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ចនូវព័ត៌មាននានា ដែលអាចឈានទៅដល់ការវែកមុខ និងចាប់ខ្លួនមេខ្លោងបំផុសពាក្យឃោសនាអកុសលនេះ ដើម្បីយកទៅចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
ក្រសួងការងារស្នើឲ្យសមត្ថកិច្ចចាប់អ្នកដើរបំផុសពាក្យអកុសលថា រោងចក្រនៅកម្ពុជានឹងឈប់សម្រាក១ខែ
0 Comments