Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ពន្យល់​ពី​ការផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពន្យល់​ជាថ្មី ពី​ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០១៥ នេះ គឺ​មិនមែន​ខ្លាច​បាតុកម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទេ តែ​ដោយសារ​ទឹករាក់​ពេក ហើយ​អ្នកបច្ចេកទេស​អះអាង​ថា មិនអាច​អុំទូក​កើត។


ការ​បញ្ជាក់​ពី​ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា គឺ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​៣ របស់ JICA នៅមុខ​វត្ត​ប​ទុប​វ​តី។


សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទឹក​នៅ​ពេល​នេះ​នៅ​ក្រោម​៥ ម៉ែត្រ​ទៅ​ហើយ បើ​២០ ថ្ងៃ​ទៀត​ដល់​ថ្ងៃបុណ្យ​អុំទូក តើ​អាច​អុំ​បាន​ដែរឬទេ ហើយ​អ្នក​ព្យាករណ៍​ថា នៅពេល​បុណ្យអុំទូក ទឹក​នៅសល់​៤, ២០ ម៉ែត្រ ដូច្នេះ​បើ​អ្នកវិភាគ ឬ​បក្ស​ប្រឆាំង​ដែល​អាច​អុំ​បាន សម្តេច​នឹង​ចេញ​លុយ​ឲ្យ។


សម្តេច​តេ​ជោ​បាន​អះអាង​យ៉ាងនេះ​ថា “​មាន​អ្នកវិភាគ​ខ្លះ​ថា រាជរដ្ឋាភិបាល​មិន​ហាន​ចាត់តាំង​បុណ្យ​ទេ ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម អញ្ជើញ​ចេញ​មក​ធ្វើបាតុកម្ម ចេញ​មក វា​ទៅជា​អីចេះ​ឆ្កុយ​ទៅ ! ឥឡូវ​សុំ​យក​ទូក​មក​អុំ ខ្ញុំ​ចេញ​លុយ​ឲ្យ ជា​បច្ចេកទេស​ទៅ​មិន​រួច​ទេ អុំ​មិនកើត​ទេ អ្នកបច្ចេកទេស​ថា អុំ​វា​មិនកើត តែ​ទោះជា​មិនបាន​អុំទូក តែ​ការលក់ដូរ ការ​សម្តែង​ខន់​សឺត នៅ​តែ​មាន ដែល​ប្រជាពលរដ្ឋ​អាច​ដើរ​កំសាន្ត​បាន​ដូចគ្នា​”។


សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចេញ​សារាចរ​មួយ​ស្ដីពី​ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដោយសារ​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​ម្យ៉ាងទៀត​កម្ពុជា បាននឹងកំពុង​ជួបប្រទះ​គ្រោះរាំង​ស្ងួត។


នៅក្នុង​សារាចរ​ស្ដីពី​ការផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៥ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​លើក​ឡើង​ថា ដោយ​ឆ្នាំនេះ ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​ចំពោះមុខ ព្រះរាជាណាចក្រ​កម្ពុជា​បាន​នឹងកំពុង​ជួបប្រទះ​គ្រោះ​រាំង​ស្ងួត ដែល​ទាមទារ​ឱ្យ​យើង​ប្រមូល​កម្លាំង​សរុប មធ្យោបាយ​សរុប ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក​សម្រាប់​ស្រូវប្រាំង​ជូន​ដល់​ប្រជាកសិករ​នៅ​តាម​បណ្ដា​ខេត្ត​នោះ រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ ផ្អាក​ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​ដង​ទន្លេសាប​មុខ​ព្រះបរមរាជវាំង​ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤-២៥ និង​ទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ការរៀបចំ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​បណ្ដា​ខេត្ត​នានា​អាច​ប្រព្រឹត្តទៅ​ជា​ធម្មតា​តាម​ទំនៀមទម្លាប់​ប្រពៃណី និង​តាម​លទ្ធភាព​របស់​អាជ្ញា​ធរ​ដែល​ជា​អ្នក​រៀបចំ។


ការ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ​និយោជិត កម្មករ ចំនួន​០៣​ថ្ងៃ​ក្នុង​ព្រះរាជ​ពិធី​នេះ នៅ​រក្សា​ដដែល ដូច​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ ២៦៨ អនក្រ​.​បក ចុះ​ថ្ងៃទី ០៦​ខែតុលា ឆ្នាំ​២០១៤ ស្ដីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រី​រាជកា​រ និយោជិត កម្មករ ប្រ​ជាំ​ឆ្នាំ​២០១៥​។


គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រាជធានី​និង​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក ដើម្បី​ជៀសវាង​ការខូចខាត​ផលដំណាំ​របស់​ប្រជាកសិករ​នៅ​តាម​បណ្ដា​ខេត្ត​ជាពិសេស​នៅ​រដូវប្រាំង​ឆ្នាំនេះ។


ព្រះរាជ​ពិធីបុណ្យ​ទ្វាទសមាស បុណ្យ​ប្រពៃណី​ជាតិ ប្រពៃណី​សាសនា បុណ្យជាតិ បុណ្យ​អន្តរជាតិ​ជា​រៀងរាល់​ឆ្នាំ រាជរដ្ឋាភិបាល​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចំនួន ០៣​ថ្ងៃ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ជាតិ និង​បន្ត​រក្សា​ទំនៀមទម្លាប់ ដ៏​ប្រពៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​តាំងពី​យូរលង់​មក​ហើយ៕



សម្តេច​តេ​ជោ ហ៊ុន សែន ពន្យល់​ពី​ការផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ

Post a Comment

0 Comments

Close Menu