Ad Code

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ត្រៀម​កសាង​រោង​ឆ្មាំ​ចំនួន​២​កន្លែង​បន្ថែម​ទៀត​នៅ​ភ្នំ​គូលែន

សៀមរាប ៖ រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ ភ្នំ​គូលែន​ដែល​មាន​ធម្មជាតិ​សម្បូរ​បែប​នោះ​កំពុង​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ហើយ​បច្ចុប្បន្ន​នេះ​ដើម្បី​បញ្ចៀស​នូវ​ការ​ប៉ះពាល់​ជា​អតិបរមា​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ត្រៀម​កសាង​រោង​ឆ្មាំ​ចំនួន​២​កន្លែង​ដើម្បី​ពង្រឹង​ការងារ​អភិរក្ស​ប្រាសាទ​និង​បុរាណ​នានា​ដែល​មាន​នៅ​លើ​រមណីយដ្ឋាន​ភ្នំ​គូលែន​នេះ។


កាលពី​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ឈាន រដ្ឋា​ប្រធាន​នាយកដ្ឋាន​ស្តីទី​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួមទាំង​បុគ្គលិក​ក្រោម​ឱវាទ​បាន​ទៅ​សិក្សា​រក​ទីតាំង​ចំនួន ០២​កន្លែង ដើម្បី​ធ្វើការ​សាងសង់​រោង​ឆ្មាំ​ចំនួន ០២​ខ្នង បន្ថែម​ទៀត នៅ​លើ​ភ្នំ​គូលែន សម្រាប់​ឲ្យ​បុគ្គលិក​បច្ចេកទេស និង​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​បំពេញការងារ។


ការសាងសង់​រោង​ឆ្មាំ​ចំនួន​ពីរ​នេះ គឺជា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អនុសាសន៍​របស់​កិច្ចប្រជុំ ICC អង្គរ លើក​ទី ២៤ នា​ថ្ងៃទី​៤ និង​ទី ៥ ខែមិថុនា​ឆ្នាំ ២០១៥​កន្លងទៅ​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ធើ្វ​ការ​ពង្រឹង​ផ្នែក​ធនធានមនុស្ស និង​ធនធាន​សម្ភារៈ ដើម្បី​អភិរក្ស​និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ ប្រកបដោយ​ជោគជ័យ​។ ជា​លទ្ធផល​ក្រុមការងារ​រកបាន​ទីតាំង​ចំនួន​២​កនែ្លង​ដែល​មាន​លក្ខខណ្ឌ​សមស្រប​អាច​សាង​សង់រោង​ឆ្មាំ​ទាំង​២​ខ្នង​បាន​គឺ​នៅ​តំបន់​ការពារ​ប្រាសាទរោង​ចិន​និង​នៅ​តំបន់​ការពារ​ស្រះ​ដំរី។


សូម​បញ្ជាក់​ថា កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សាង​សង់រោង​ឆ្មាំ​ចំនួន​០១​ខ្នង​និង​បង្គន់​អនាម័យ​សម្រាប់​ភ្ញៀវ​ទេសចរ​ចំនួន​១​ខ្នង​រួចហើយ​នៅក្នុង​តំបន់​ព្រះអង្គ​ធំ​ត្រង់​វាល​ស្តេច​គម្លង់។


ទន្ទឹម​នឹងនេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អង្គការ ADF កំណត់​តំបន់​និង​បោះ​បង្គោលព្រំ​ការពារ​ប្រាសាទ​និង​បុរាណ​ដ្ឋាន លើ​ភ្នំ​គូលែន​បាន​ចំនួន​៥​តំបន់​និង​បាន​ដាំ​កូនឈើ​ចំនួន ៥០០០​ដើម នៅ​តំបន់​ការពារ​ប្រាសាទ​អ្នកតា​។ ជា​មួយ​គ្នា​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ដាក់​បុគ្គលិក​បច្ចេកទេស ផ្នែក​បុរាណវិទ្យា​ចំនួន​៣​នាក់​និង​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​ចំនួន​៣៨​នាក់​ឲ្យ​បំពេញការងារ​នៅ​ទីនោះ​ផងដែរ​៕


T-11-05-15-g-fullT-11-05-15-gg-full



អាជ្ញាធរ​ជាតិ​អប្សរា​បាន​ត្រៀម​កសាង​រោង​ឆ្មាំ​ចំនួន​២​កន្លែង​បន្ថែម​ទៀត​នៅ​ភ្នំ​គូលែន

Post a Comment

0 Comments

Close Menu