សម្រាប់មនុស្សជាច្រើននៅប្រទេសមីយ៉ាន់ម៉ា ដីរអិលបាក់បណ្ដាលឲ្យមនុស្សស្លាប់នៅកន្លែងរករ៉ែថ្មយក់ កាលពីថ្ងៃសៅរ៍នោះ ទុកដូចជាការរំលឹកមួយដ៏អាក្រក់ចំពោះត្បូងថ្មពណ៌បៃតងដ៏មានតម្លៃនេះ និងជាត្បូងថ្មដែលលក់បានថ្លៃនោះ។ នៅពេលដែលសាជីវកម្មរ៉ែថ្មយក់ដ៏ធំនេះបានទទួលផលចំណេញពីការលក់រតនសម្បត្ដិបែបនេះ មនុស្សរាប់រយនាក់បានបាត់បង់ជីវិតរបស់ពួកគេនៅក្នុងការស្វែងរកថ្មនេះសម្រាប់ពួកគេ។
អង្គការអន្ដរជាតិមិនមែនរដ្ឋាភិបាល Global Witness បានវាយតម្លៃថា ការផលិតថ្មយក់របស់ប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំកន្លងមក មានចំនួន៣១ពាន់លានដុល្លារអាមេរិក ប៉ុន្ដែកម្មករក្នុងស្រុកជាអ្នករុករកដោយផ្ទាល់ មិនបានទទួលផលចំណេញពីមុខជំនួញដ៏ធំសម្បើមនេះទេ។
ភាគច្រើននៃមនុស្សដែលបានស្លាប់ដោយដីរអិលបាក់គ្របសង្កត់នៅកន្លែងរករ៉ែថ្មយក់កាលពីថ្ងៃសៅរ៍ ត្រូវបានគេដឹងថា គឺជាកម្មករដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដែលរកប្រាក់ចិញ្ចឹមជីវិតតាមរយៈគំនរកាកសំណល់បន្សល់ទុកដោយក្រុមហ៊ុនរុករករ៉ែខ្នាតធំនៅក្នុងក្ដីសង្ឃឹមថា នឹងប្រទះឃើញនូវដុំថ្មយក់ខ្លះនៅសេសសល់នៅទូទាំងគំនរពីមុននេះដែលនឹងផ្ដល់ឲ្យពួកគេចាកចេញពីភាពក្រីក្របាន។
លោក Sow Moe Myint អតីតអ្នកចាត់ការទូទៅរបស់ក្រសួងរ៉ែប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ភាគច្រើននៃប្រជាជនរកបានប្រាក់មួយពេលសម្រាប់មួយពេលប៉ុណ្ណោះ ពួកគេពេញចិត្ដជាមួយជីវិតបែបនេះដោយពួកគេសង្ឃឹមថា ថ្ងៃណាមួយពួកគេនឹងក្លាយទៅជាអ្នកមានមិនខាន។ នេះហើយគឺជាមូលហេតុដែលធ្វើឲ្យពួកគេធ្វើការងារប្រកបដោយគ្រោះថ្នាក់នេះ។ វាមិនមែនជាការងាយស្រួលទេសម្រាប់ពួកគេដើម្បីជីកលុងចូលទៅក្នុងកម្ទេចថ្មភ្នំដោយផ្សងសំណាងដើម្បីរកឃើញបំណែកតូចៗនៃថ្មយក់ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ពួកអ្នកសង្កេតការណ៍បាននិយាយថា បើទោះបីជាមានគ្រោះថ្នាក់ចុងក្រោយបំផុតដែលបានសម្លាប់មនុស្សជាង ១០០នាក់ក៏ដោយ ក៏វាមិនបានធ្វើឲ្យពួកអ្នកភូមិដែលក្រីក្រញញើតពីការបន្ដប្រថុយនឹងគ្រោះថ្នាក់នៃជីវិតរបស់ពួកគេនោះដែរ រហូតទាល់តែរដ្ឋាភិបាលបង្កើនការចាត់វិធានការការពារសុវត្ថិភាពឲ្យដល់ពួកគេនោះ។ វិធានការទាំងនេះនឹងរួមមានការចងខ្សែព័ទ្ធជុំវិញតំបន់ចាក់កាកសំណល់បង្កើតសញ្ញាព្រមានឲ្យដឹងជាមុន និងកំណត់កម្ពស់នៃកន្លែងចាក់កាកសំណល់ជាដើម។
អ្នកតាមឃ្លាំមើលឧស្សាហកម្មបាននិយាយថា វាជាការសំខាន់សម្រាប់រដ្ឋាភិបាលដើម្បីធ្វើសកម្មភាពពេលឥឡូវនេះ នៅពេលដែលខ្លួនបើកចំហបន្ថែមទៀតវិស័យធ្វើអាជីវកម្មរ៉ែនេះ ដែលបាននាំទៅដល់ការបង្កើនល្បឿននៃការធ្វើអាជីវកម្មថ្មត្បូងនេះថែមទៀតនោះ។ ពួកអ្នកជំនាញក៏បានជំរុញផងដែរ ដល់អាជ្ញាធរមីយ៉ាន់ម៉ា ឲ្យបង្ហាញច្បាស់នូវជំហានទាំងឡាយដើម្បីដោះស្រាយបញ្ហានេះ និងបង្ការកុំឲ្យគ្រោះថ្នាក់ដដែលៗនេះកើតឡើងម្ដងទៀត៕
CNA
កម្មកររករ៉ែថ្មយក់ របស់ប្រទេសមីយ៉ាន់ម៉ា ប្រថុយនឹងគ្រោះថ្នាក់ដោយសង្ឃឹមថា នឹងនាំយកជីវិតឲ្យចេញផុតពីភាពក្រីក្រ
0 Comments