Ad Code

ស្រី​ស្រស់​ទូត​សុច្ឆន្ទៈ​របស់​ក្លិប​បាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​ចោរឆក់​កាបូប​នៅ​ម្ដុំ​ទួលគោក

កញ្ញា Mine Asami ជនជាតិ​ជប៉ុន ដែល​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្លិប​បាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (Cambodian Tiger) សមាជិក​ក្នុង​លី​ក​កំពូល​កម្ពុជា បាន​ជួប​ឧបទ្ទវហេតុ​ចោរឆក់​កាបូប នៅ​ម្ដុំ​ទួលគោក ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​បាត់បង់​សម្ភារៈ​មានតម្លៃ​មួយចំនួន​ទៀត​ផង កាល​ពី​ពេល​ថ្មីៗ​នេះ។


កញ្ញា Mine Asami បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​៖ «​នៅ​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា នាង​ខ្ញុំ​ត្រូវ​បាន​ចោរឆក់​កាបូបយួរ​នៅ​ស្មា​ត្រង់​ចំណុច​ទួលគោក​។ ក្នុង​ហេតុការណ៍​នោះ​នាង​ខ្ញុំ​កំពុងតែ​ធ្វើដំណើរ​ជាមួយ​បុគ្គលិក​របស់​ក្រុមបាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ស្រាប់​តែ​មាន​មនុស្ស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង បាន​ឆក់​យក​កាបូប​នាង​ខ្ញុំ​ពីក្រោយ​ដោយ​ក្នុង​កាបូប​នោះ​មាន​ដូច លិខិតឆ្លងដែន​, កាបូប​លុយ​, កុង​ធានា​គារ​, Iphone6 និង​របស់​មាន​តំលៃ​ផ្សេងៗ​ទៀត​»។


សំណេរ​បាន​បន្ថែម​ទៀត​ថា «​នៅ​ពេល​នោះ​ខ្ញុំ​ធ្លាក់​ពីលើ​ម៉ូតូ​ហើយ​បណ្ដារ​ឲ្យ​របួស​ស្មា​និង​ក្បាល​ផង​ដែល​។ ប៉ុន្ដែ​ជា​សំណាងល្អ​ពីព្រោះ​មាន​បុគ្គលិក​ថា​យ​ហ្គឺ​រ ជូន​នាង​ខ្ញុំ​ទៅ​ពេទ្យ​និង​ប្ដឹង​ប៉ូលិស​។ គ្រោះថ្នាក់​នេះ​មិន​ធ្ងន់​ណាស់ណា​ទេ ប៉ុន្ដែ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​និង​ខ្លាច​យ៉ាងខ្លាំង​។ ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា មាន​បងប្អូន​កម្ពុជា ជាច្រើន​ដែល​ស្រលាញ់​និង​រាប់អាន​នាង​ខ្ញុំ​»។


ទោះជា​ជួប​បញ្ហា​គ្រោះថ្នាក់​មែន តែ​នាង​បាន​ចូលរួម​កម្មវិធី​ជាមួយ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​នៅ​ផ្សារ​ទំនើប អ៊ី​អន និង កម្មវិធី​ពាក់កណ្ដាល​តង់​នៃ​ការប្រកួត​ជម្រុះ 2018 FIFA World Cup រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជប៉ុន ផង​ដែរ​។ «​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​នៅពេល​ឃើញ​បងប្អូន​កម្ពុជា ញញឹម​និង​បាន​ថតរូប​ជាមួយ​ខ្ញុំ​ជាច្រើន​ផងដែរ​។ ខ្ញុំ​ស្រលាញ់​ប្រទេស​កម្ពុជា​និង​ស្រលាញ់​ប្រជាជន​កម្ពុជា ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍មិនល្អ​ទេ​នៅពេល​ប្រាប់​រឿងនេះ​ដល់​អ្នក​ទាំងអស់គ្នា។ នៅពេល​ខ្ញុំ​បាន​មក​ប្រទេស​កម្ពុជា​លើក​ក្រោយ​នាង​ខ្ញុំ​សង្ឃឹមថានឹង​មានតែ​ការ​ចងចាំ​ដែល​ល្អៗ​»។ កញ្ញា Mine Asami បញ្ជាក់។


ស្រី​ស្អាត​ជនជាតិ​ជប៉ុន​ជា​អ្នកគាំទ្រ​បាល់ទាត់​យ៉ាងសកម្ម​ទាំង​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​ហ្គឺ​រ ក្នុង​រដូវ​កាល​នេះ​។ បច្ចុប្បន្ន​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​បណ្ដោះអាសន្ន​សិន៕


T-11-24-15-qqq-fullT-11-24-15-q-fullT-11-24-15-qq-full



ស្រី​ស្រស់​ទូត​សុច្ឆន្ទៈ​របស់​ក្លិប​បាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​ចោរឆក់​កាបូប​នៅ​ម្ដុំ​ទួលគោក

Post a Comment

0 Comments

Close Menu