ខ្សែប្រយុទ្ធ Jermain Defoe របស់ក្រុម Sunderland ធ្វើបានយ៉ាងអស្ចារ្យបំផុត នៅពេលដែលគាត់អាចទម្លុះភាពទាល់ច្រកបានជាមួយនឹងជ័យជម្នះ ១-០ លើក្រុម Crystal Palace នៅការប្រកួត Premier League របស់ពួកគេកាលពីថ្ងៃចន្ទ។
ក្រុមដែលមានកំណត់ត្រាអន់ជាទីបំផុត នៅក្រៅទឹកដីខ្លួនឯង នៅការប្រកួតក្របខណ្ឌកំពូលអង់គ្លេសនោះ បានផ្តល់មេរៀនមិននឹកស្មានដល់ជាមួយនឹងការដណ្តើមបាន ៣ ពិន្ទុពេញនៅក្នុងទឹកដី Selhurst Park ក៏ដូចជាបំផ្លាញទម្រង់លេងដ៏អស្ចារ្យរបស់ក្រុម Crystal Palace នៅក្នុងរដូវកាលនេះ ដោយសារតែគ្រាប់បាល់នៅនាទី ៨០ របស់អតីតកីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសម្នាក់នេះ។
កីឡាករ Defoe ព្យាយាមបង្វិលទិសបាល់ គេចផុតពីខ្សែការពារ Scott Dann របស់ក្រុម Crystal Palace រួចពែនមួយជើងបានសម្រេចជាស្ថាពរកាត់អ្នកចាំទី Wayne Hennessy។
ការរកបាន ៣ ពិន្ទុនេះដែរ បានជម្រុញឲ្យក្រុម Sunderland ឡើងមកឈរនៅលេខរៀងទី ១៨ វិញ មាន ៩ ពិន្ទុ ក៏ដូចជានាំមុខក្រុម Bournemouth ដោយសារខុសគ្នារឿងចំនួនគ្រាប់បាល់ ហើយនិងមាន ៤ ពិន្ទុពីលើតំបន់គ្រោះថ្នាក់ ខណៈដែលក្រុម Crystal Palace ឈរនៅលេខ ១០ ក្រោយរកបាន ១៩ ពិន្ទុ។
លោក Sam Allardyce ដែលជាអ្នកចាត់ការរបស់ក្លិប Sunderland បាននិយាយថា កីឡាករ Defoe គឺជាខ្សែប្រយុទ្ធដ៏ស្រួចស្រាវម្នាក់ បើទោះបីជាគាត់មានវ័យទ្រង់ចំណាស់បន្តិចមែនក្តី ហើយខ្សែការពារល្មមៗមិនអាចទប់ការវាយលុកដូចទឹកបាក់ទំនប់ម្តងៗ របស់គាត់បានទេ។
ដោយឡែក កីឡាករ Defoe រូបលោកផ្ទាល់ក៏បាននិយាយប្រាប់ Sky Sports ដែរថា លោកពិតជាមានសំណាងខ្លាំងណាស់ ដែលអាចរកបានគ្រាប់បាល់ដ៏ចាំបាច់មួយគ្រាប់នេះ ហើយលោកពិតជាសប្បាយចិត្តខ្លាំងណាស់។
អំឡុងការប្រកួតនេះដែរ ក្រុម Palace បានបាត់ឱកាសរកគ្រាប់បាល់ជាច្រើនលើកច្រើនសារ ពិសេសនៅតង់ទី ២ ជាពេលដែលក្រុមមួយនេះ បានដាក់សម្ពាធយ៉ាងខ្លាំងបំផុត មកលើក្រុមភ្ញៀវ Sunderland៕
កីឡាករ Jermain Defoe នៅតែជាជើងខ្លាំង ខណៈដែល Sunderland ឈ្នះក្រុម Crystal Palace
0 Comments