Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹង​លើកឡើង​ពី​កង្វល់ ​របស់​ពិភពលោក​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរ​ទេស​អាស៊ី​-​អឺរ៉ុប​

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​កាលពី​យប់​ថ្ងៃ​ច័ន្ទថា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខ ឯកឧត្តម​នឹង​លើកឡើង​ពី​បញ្ហា​មួយចំនួន ដែល​ជា​កង្វល់​របស់​ពិភពលោក។


ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​បែបនេះ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ មុន​ពេល​ឡើង​យន្តហោះ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម​នឹង​លើកឡើង​ពី​ការ​ប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​គ្រោះមហន្តរាយ ដោយសារ​បញ្ហា​នេះ ជា​បញ្ហា​សកលលោក មិនមែន​សំរាប់​ប្រទេស​ណាមួយ​ទេ ឬ​ប្រទេស​ក្នុង​តំបន់​នោះ​ទេ ជា​បញ្ហា​សកល​ដែល​ពិភពលោក​ទាំងមូល​បារម្ភ​។


តាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អះអាង​ថា កិច្ចប្រជុំ​នោះ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​តំណាង​ប្រទេស​កម្ពុជា​ឡើង​ថ្លែង​សុន្ទរកថា​ នាំមុខ​កិច្ចប្រជុំ ប៉ុន្តែ​ឯកឧត្តម​មិនដឹង​ពី​មូលហេតុ​អង្គប្រជុំ​ឲ្យ​តំណាង​កម្ពុជា​ឡើង​ថ្លែង​មុនគេ​នោះ តែ​ប្រហែលជា​គេ​យល់ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន។


ដោយឡែក​ទាក់ទង​បញ្ហា​សមាហរណកម្ម​អាស៊ាន​ នា​ពេល​ខាងមុខ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍ថា “​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ ខ្ញុំ​នឹង​លើកឡើង​ពី​សមាហរណកម្ម​អាស៊ាន អំពី​ការ​កសាង​សហគមន៍​អាស៊ាន​ធ្វើ​ម៉េច​ឲ្យ​ស៊ីសង្វាក់​គ្នា​ជាមួយ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​ក្រោយ​ឆ្នាំ​២០១៥ គឺ​ធ្វើ​ម៉េច​ឲ្យ​បញ្ហា​ទាំងពីរ​នេះ​ស៊ី​ជាមួយគ្នា។


សូម​បញ្ជាក់ថា តាម​ការ​អញ្ជើញ​របស់​ជំទាវ ហ្វេ​ដេ​រី​កា ម៉ូ​ហ្គេ​រី​នី (Federiica Moghrini) តំណាង​ជាន់​ខ្ពស់ និង​ជា​អនុប្រធាន នៃ​កិច្ចការ​អឺរ៉ុប និង​លោក​ហ្ស​ង់ អា​សេល​ប៊​ន (Jean Asselborn) រដ្ឋមន្ត្រី​ការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​ប្រទេស​លុច​សំបួ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​.​អឺរ៉ុប លើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​លុច​សំបួ ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ “​ធ្វើការ​រួមគ្នា​ដើម្បី​អនាគត​ប្រកបដោយ​ចីរភាព និង​សន្តិសុខ។

តាម​សេចក្តីប្រកាស​ពី​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងនាម​ជា​អ្នក​នាំមុខ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ថ្លែង​បទ​អន្តរាគមន៍​នៅក្នុង​កិច្ច​ប្រជុំពេញអង្គៈ “​ការផ្លាស់ប្តូរ​អាកាសធាតុ របៀបវារៈ ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហើយ​និង​ការកាត់​បន្ថយ និង​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​”​។ លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​មិន​ចំហ​ផង​ដែរ។


ក្នុង​ឱកាស​ចូលរួម​កិច្ច​ប្រជុំរ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២ នោះ​ដែរ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង  នឹង​ជួប​ទ្វេភាគី​ជាមួយ​លោក ប៊​ច ប្រេន​ដ៍ (Borge Brende) រដ្ឋមន្ត្រីការបរទេស​ន័​រ​វ​វេស​, លោក​ហ្គ្សី​ហ្គោ​រស៍ ស្លេ​ធី​ណា រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប៉ូឡូញ និង​ល​លោក សា​តាច អា​ហ្ស៊ី ទីប្រឹក្សានាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ និង​កិច្ចការបរទេស នៃ​ប្រទេស​ប៉ា​គី​ស្ថាន។


កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​មួយ​ដ៏​សំខាន់​សម្រាប់​ការសន្ទនា​នយោបាយ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ហើយនឹង​ការ​ផ្លាស់ប្តូរ​វប្បធម៌ និង​សង្គម រវាង​អាស៊ី និង​អឺរ៉ុប ក្នុង​គោលដៅ​ពង្រឹង​ទំនាក់​ទំនង​រវាង​តំបន់​ទាំងពីរ​ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក និង​ដៃគូ​ស្មើភាព​គ្នា​៕


 



រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹង​លើកឡើង​ពី​កង្វល់ ​របស់​ពិភពលោក​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរ​ទេស​អាស៊ី​-​អឺរ៉ុប​

Post a Comment

0 Comments

Close Menu