Ad Code

លោក​សម រង្ស៊ី និង​លោក​កឹម សុខា​បាន​មក​ដល់​ភ្នំពេញ​វិញ​ បន្ទាប់​ពី​តំណាង​រាស្ត្រ​របស់​ខ្លួន​ជួ​បបញ្ហា

ភ្នំពេញ​ ៖​ លោក​សម រង្ស៊ី​ ​ និង​លោក​កឹម សុខា​បាន​ដឹកនាំ​គ្នា​ត្រឡប់​ពី​បរទេស​វិញ​ហើយ​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ហើយ​ដំណើរ​ត្រឡប់​វិញ​នេះ​ក៏​មាន​សមាជិក​សមាជិកា​ ក៏ដូចជា​សកម្មជន​គាំទ្រ​បាន​រង់ចាំ​ទទួល​យ៉ាង​ច្រើន​ផង​ដែរ​នៅមុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ក្នុង​ដំណើរ​ត្រឡប់​​មក​វិញ​នា​ពេល​នេះ​ដែរ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​២​នាក់ នឹង​មាន​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ​ ជាពិសេស​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​​អ្នក​តំណាង​រាស្ត្រ​២​រូប​កាល​ពី​ពេល​ថ្មីៗ​នេះ ព្រមទាំង​ការ​ដក​តំណែង​របស់​លោក​កឹម សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា។


លោក​សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថា តំណាងរាស្ត្រ​របស់​លោក​ទាំង​២​រូប ដែល​ទទួលរង​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា កន្លងទៅ​មាន​សភាព​ធ្ងន់ធ្ងរ បន្ទាប់ពី​លោក​បាន​ចូល​សួរសុខទុក្ខ​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​នេះ​។ លោក​បញ្ជាក់​ថា អំពើ​ហិង្សា​នេះ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ។ ដោយឡែក​ទាក់ទង​នឹង​វប្បធម៌​សន្ទនា លោក​អះអាង​ថា បើ​ទោះបី​ជា​មាន​បញ្ហា​បន្តិចបន្តួច​ក៏ដោយ​គឺ​ត្រូវតែ​រួមគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​ឡើយ។


គួរ​រំលឹក​ថា អ្នកតំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប​គឺ​លោក​ញ៉យ ចំរើន និង​លោក​គង់ សភា ត្រូវ​បាន​មនុស្ស​មិន​ស្គាល់​មុខ​មួយ​ក្រុម​ប្រើ​អំពើ​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់ពី​លោក​ចេញពី​ប្រជុំ​នៅ​រដ្ឋសភា​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ជាបន្ទាន់​នៅ​ប្រទេស​ថៃ។ បញ្ហា​ដែល​កើតឡើង​ថ្មី​មួយទៀត បន្ទាប់ពី​ការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​តំណាងរាស្ត្រ​ទាំង​២​រូប​នោះ​ គឺ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​យោង​ទៅលើ​សំណើ​របស់​ប្រជាពលរដ្ឋ​ជាច្រើន និង​អ្នកតំណាងរាស្ត្រ​ផង​នោះ​បាន​បើក​កិច្ចប្រជុំ​បោះឆ្នោត​ទម្លាក់​លោក​កឹម សុខា​ពី​អនុ​ប្រធាន​រដ្ឋសភា៕



លោក​សម រង្ស៊ី និង​លោក​កឹម សុខា​បាន​មក​ដល់​ភ្នំពេញ​វិញ​ បន្ទាប់​ពី​តំណាង​រាស្ត្រ​របស់​ខ្លួន​ជួ​បបញ្ហា

Post a Comment

0 Comments

Close Menu