កីឡាករ Novak Djokovic នឹងបើកយុទ្ធនាការរបស់លោកសម្រាប់តំណែងជើងឯក Paris Masters ជាលើកទី ៣ ជាប់ៗគ្នារបស់គាត់ជាមួយនឹងកីឡាករ ThomazBellucci ក្រោយពេលដែលកីឡាករប្រេស៊ីលម្នាក់នេះ ដណ្តើមបានជ័យជម្នះ នៅជុំដំបូងរបស់ខ្លួនកាលពីថ្ងៃចន្ទ។
កីឡាករអាមេរិកឡាទីនម្នាក់នេះ បានយកឈ្នះកីឡាកររុស្ស៊ី TeimurazGabashvili នៅក្នុងលទ្ធផលពិន្ទុ 6-4, 6-4 ហើយឥឡូវ គាត់នឹងជួបជាមួយកីឡាករលំដាប់ថ្នាក់លេខ១ពិភពលោក Djokovic ខណៈដែលកីឡាករកំពូលរូបនេះ បានកំណត់គោលដៅរបស់ខ្លួនរួចរាល់សម្រាប់ជ័យជំនះនៅព្រឹត្តិការណ៍ដែលមាន១០ប្រកួតមួយនេះ នៅលើទីលានប្រកួត Bercy Arena។
ដោយឡែក កីឡាករ Roger Federer ដែលជាជើងឯកវាយតឺន្នីស Swiss Open ៧ជំនាន់ និងជាកីឡាករលំដាប់ថ្នាក់លេខ ៣ ពិភពលោក នឹងត្រូវប៉ះជាមួយកីឡាករសញ្ជាតិអ៊ីតាលី Andreas Seppi ជាលើកទី ៤ នៅក្នុងរដូវកាលនេះ ក្រោយពេលដែលកីឡាករ Seppi បានយកឈ្នះកីឡាករអ៊ុយរុយហ្គាយ Pablo Cuevas ក្នុងលទ្ធផលពិន្ទុ 7-5, 6-3។
កីឡាករ Seppi ធ្លាប់ផ្តល់មេរៀនដ៏ឈឺចាប់ម្តងរួចមកហើយ ដល់កីឡាករសញ្ជាតិស្វីសម្នាក់នេះ នៅការប្រកួតជុំទី ៣ នៃព្រឹត្តិការណ៍ Australian Open ហើយចាប់តាំងពីនោះមកកីឡាករ Federer តាមបានសងសឹកវិញជារៀងរហូត។
កីឡាករជើងឯក Grand Slam ១៧ សម័យកាលម្នាក់នេះ ធ្លាប់បានយកឈ្នះកីឡាករ Seppi នៅការប្រកួតជុំទី ៣ នៃព្រឹត្តិការណ៍ Indian Wells ហើយនិងវគ្គផ្តាច់ព្រ័ត្រ នៅការប្រកួត Halle ប្រទេសអាល្លឺម៉ង់ កាលពីខែមិថុនា មុនព្រឹត្តិការណ៍ Wimbledon។
កីឡាករ Federer បានមកដល់ទីក្រុងប៉ារីសនេះដែរ ដើម្បីចូលលេងព្រឹត្តិការណ៍ចុងក្រោយនៃរដូវកាល ATP ជាមួយនឹងជំនឿចិត្តខ្លាំងបំផុត ក្រោយជ័យជម្នះរបស់គាត់លើ កីឡាករ Rafael Nadal ក្នុងលទ្ធផល 6-3, 5-7, 6-3 នៅព្រឹត្តិការណ៍មួយដែលរៀបចំនៅក្នុងទីក្រុងកំណើត Basel កាលពីថ្ងៃអាទិត្យ។
កីឡាករ Federer បាននិយាយថា លោកពិតជាមានជំនឿចិត្តខ្លាំងណាស់ថា នឹងអាចសម្រេចបានជោគជ័យមួយនេះ យ៉ាងពិតប្រាកដ ហើយលោកបានបញ្ចេញស្នាដៃខ្លះៗរួចទៅហើយកាលពីសប្តាហ៍កន្លងទៅ៕
កីឡាករ Novak Djokovic នឹងប៉ះជាមួយ ThomazBellucci នៅការប្រកួតវាយតឺន្នីស Paris Masters
0 Comments