បាត់ដំបង ៖ យ៉ាងហោចណាស់ ក៏មានមនុស្សស្លាប់ចំនួន៨នាក់ដែរ ក្នុងចំណោមជនរងគ្រោះទាំង១៥នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏ធំមួយ កាលពីថ្ងៃទី៧ ខែ វិច្ឆិកាឆ្នាំ២០១៥ វេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ត្រង់ចំណុចផ្លូវកោងមួយកន្លែង នាតំបន់ភ្នំសាលថូន ស្ថិតក្នុងភូមិ៤ ឃុំបុប្ផារ៉ាម ស្រុកណាឌី ខេត្តប្រាជីនបូរី ប្រទេសថៃ បន្ទាប់ពីមានរថយន្តចំនួន៥គ្រឿង និងម៉ូតូមួយគ្រឿងបានបុកបន្តកន្ទុយគ្នារួចមក ។
យោងតាមប្រភពព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានការប៉ះទង្គិចគ្នាមួយរវាងរថយន្តម៉ាកឌីមិច ព៌ណប្រផេះ ជាមួយនឹងម៉ូតូម៉ាកវេវ ពណ៌ស ដែលករណីនេះគឺបានកើតឡើងនៅត្រង់ចំណុចផ្លូវកោង នឹងស្ថានភាពផ្លូវចំណោទផងព្រោះវាស្ថិតនៅក្នុងតំបន់ភ្នំ។
ប្រភពដដែលបានឲ្យដឹងបន្តថា ខណៈដែលហេតុការណ៍នេះកំពុងវឹកវរដោយសារតែមានមនុស្សកំពុងរងរបួស ក៏ស្រាប់តែមានរថយន្តជាច្រើនគ្រឿងបានបើកមកបុកបន្តគ្នាបន្ថែមទៀត ដោយក្នុងនោះក៏មានរថយន្តធុនធ្ងន់ប្រភេទសណ្តោងមួយគ្រឿងផងដែរដែលរថយន្តទាំងនោះគឺមាន ម៉ាករថយន្តតូយ៉ូតាពណ៌ស ពាក់ស្លាកលេខ បាងកក ៨៨៩៦រថយន្តម៉ាកវីហ្គូព៌ណខ្មៅ ពាក់ស្លាកលេខ ឆុនបូរី ១៧២៩ រថយន្តម៉ាកតូយ៉ូតា ដូរ៉ូឡាពណ៌ស ពាក់ស្លាកលេខ នគរភ្នំ ៧៨៤០ និងរថយន្តធុនធ្ងន់ដោយមានសណ្តោងរ៉ឺម៉កជាប្រភេទកង់១៨ ដោយតួរថយន្តពាក់ស្លាកលេខ រ៉ាក់យ៉ង ៧០.៨៦៥៧ និងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខ រ៉ាក់យ៉ង ៧០.៧៨០០។
ភ្លាមៗនោះដែរកម្លាំងតម្រួតចរាចរណ៍ថៃ បានចេញប្រតិបត្តិការយ៉ាងបន្ទាន់ទៅកាន់ចំណុចកើតហេតុខាងលើ ដើម្បីត្រួតពិនិត្យទៅលើករណីនេះ គឺសង្កេតឃើញថា មានរថយន្តជាច្រើនគ្រឿងបានប៉ះទង្គិចគ្នានៅត្រង់ផ្លូវចំណោទនោះ ព្រមទាំងមានមនុស្សរងរបួស និងស្លាប់នៅរាយប៉ាយពេញផ្លូវ ដោយខ្លះទៀតគឺកៀបជាប់នៅក្នុងរថយន្តផងដែរ ដែលតម្រូវឲ្យសមត្ថកិច្ចធ្វើការគាស់ទាញយកសពចេញទាំងលំបាក។
ជាក់ស្តែងនៅក្នុងហេតុការណ៍នេះដែរគឺប្រភពបានរាយការណ៍មកថាមានមនុស្សស្លាប់ចំនួន៨នាក់ និងរងរបួសធ្ងន់ចំនួន៧នាក់ផងដែរ ដោយសមត្ថកិច្ចបានបញ្ជូនសព និងអ្នករងរបួសទាំងនោះទៅកាន់មន្ទីរពេទ្យប្រចាំស្រុកណាឌី និងមន្ទីរពេទ្យកាប៊ីនបូរីដើម្បីសង្គ្រោះ និងរក្សាសពទុក ។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរ នាពេលកន្លងមកនៅក្នុងប្រទេសថៃ គឺភាគច្រើនតែងតែមានពលករខ្មែរស្ថិតនៅក្នុងហេតុការនោះដែរ ទើបកម្ពុជាថ្មី បានធ្វើការទំនាក់ទំនងទៅកាន់ប្រភពផ្ទៃក្នុងប្រទេសថៃដោយចង់ដឹងថា តើក្នុងហេតុការនេះមានពាក់ព័ន្ធនឹងពលករខ្មែរដែរឬទេ ។ ប្រភពនៅទីនោះ បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងចំណោមអ្នករបួសទាំង៧នាក់ និងក្នុងចំណោមអ្នកស្លាប់ទាំង៨នាក់នោះគឺមានជនជាតិបារាំងចំនួន៧នាក់ ក្រៅពីនេះសុទ្ធសឹងតែជាជនជាតិថៃតែប៉ុណ្ណោះ ដោយមិនមានពលករខ្មែរម្នាក់ណានោះឡើយ នេះគឺជាករណីគ្រោះថ្នាក់ចរាចរដ៏ធំមួយនៅដើមខែវិច្ឆិកានេះ ៕
ស្លាប់និងរបួស១៥នាក់ក្នុងហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នា នៅប្រាជីនបូរី ពុំមានពលករខ្មែរឡើយ
0 Comments