Ad Code

លោក​ អិត ​សំហេង​ បាន​ជួបពិភាក្សា​ជា​មួយ​អគ្គនាយក​អង្គការ​ILO​

ភ្នំពេញ ៖ តាម​ លោក​ ហេង​ សួរ​អ្នកនាំពាក្យ​ក្រសួងការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ (​ម៉ោង​នៅ​ហ្សឺ​ណែវ​)​នេះ នៅ​ស្នាក់​ការ​កណ្ដាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក អិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ប្រជុំ​ពិភាក្សា​ការ​ងារ​ជាមួយ លោក Guy​ Ryder អគ្គនាយក​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ​។​


​អគ្គនាយក ILO បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ​ និង​ការងារ​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​។ លោក​ក៏បាន​កោតសរសើរ និង​អបអរសាទរ​ដល់​កម្ពុជា​ផង​ដែរ ដែល​មាន​យន្តការ និង​លក្ខណៈ​វិនិច្ឆ័យ​ច្បាស់លាស់​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​បាន​សម្របសម្រួល​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៦ ពី​១២៨ ដល់ ១៤០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​។​ លោក​អគ្គនាយក ILO បាន​ទទួល​ស្គាល់​ថា ​ជាទូទៅ​ភាគី​រដ្ឋាភិបាល​មានការ​លំបាក​ក្នុង​តួនាទី​ជា​អ្នកសម្របសម្រួល​រវាង​ភាគី​២ គឺ​ភាគី​កម្មករនិយោជិត និង​ភាគី​និយោជក​ដែល​មាន​និន្នាការ​ផ្សេងគ្នា ហើយ​បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បំពេញ​តួនាទី​នេះ​បន្ត​ទៀត ព្រមទាំង​សន្យា​ថា ILO នឹង​គាំទ្រ​រាល់​លទ្ធផល​នានា​ដែល​កើត​ចេញពី​ការ​យន្ត​ការ​ត្រីភាគី​ពី​រូបមន្ត​ និង​លក្ខណវិនិច្ឆ័យ​ក៏ដូចជា​កាលវិភាគ​នៃ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា ដែល​បាន​ឯកភាព​គ្នា​កន្លងមក​ក្រោម​ជំនួយ​បច្ចេកទេស​របស់​អ្នកជំនាញ​ប្រាក់​ឈ្នួល​របស់​អង្គការ ILO​។​


​ក្នុង​ឱកាស​នោះ​លោក អិត សំហេង ក៏បាន​ថ្លែង​នូវ​អំណរគុណ​ដល់​អង្គការ ILO ដែល​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​នានា​ដល់​កម្ពុជា​នា​ពេល​កន្លង​មក​ជាពិសេស​លើ (១) បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា (២) គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ​និង​ការងារ និង​(៣)​កម្មវិធី​ការងារ​សមរម្យ​នៅ​កម្ពុជា​។​


​លោក​ក៏បាន​អបអរសាទរ​ដល់​អង្គ​ការ ILO ដែល​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការ​ដាក់​បញ្ចូល​គោល​ដៅ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) របស់​អង្គការសហប្រជាជាតិ​នា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៧០ របស់​អង្គការសហប្រជាជាតិ​នា​ខែកញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​។​


​ឆ្លើយតប​នឹង​សំនួរ​របស់​អគ្គនាយក ILO អំពី​ការយល់ឃើញ​របស់​កម្ពុ​ជា​លើ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (BFC) ឯកឧត្តម អិត សំហេង បាន​ថ្លែង​កោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​ និង​សារៈសំខាន់​របស់​គម្រោង BFC នេះ តែ​សុំ​ឲ្យ​គម្រោង BFC ធ្វើការ​កែសម្រួល​ចំណុច​មួយចំនួន​ឲ្យ អនុលោម​ទៅតាម​បទដ្ឋាន​អន្តរជាតិ​ផង និង​ច្បាប់​របស់​កម្ពុជា​ផង​។ ទន្ទឹម​នឹង​នោះ​ឯកឧត្តម​ក៏បាន​សុំ​ឲ្យ ILO គិត​ទៅដល់​ចំណុច​កសាង​សមត្ថភាព និង​ធនធានមនុស្ស​របស់​មន្ត្រី​អធិការកិច្ច​ការងារ​កម្ពុជា និង​លើកកម្ពស់​គុណភាព​នៃ​របាយការណ៍​របស់​ក្រុម​អធិការកិច្ច​ការងារ​កម្ពុជា ដើម្បី​កម្ពុជា​ទទួល​យ​ក​កិច្ចការ​របស់​គម្រោង BFC មក​អនុវត្ត​ដោយ​ខ្លួនឯង នៅពេល​វេលា​សមស្រប​ណាមួយ​នា​ពេល​ខាង​មុខ​នេះ​ពី​ព្រោះ BFC គឺ​គ្រាន់តែ​ជា​យន្តការ​បណ្ដោះអាសន្ន​មួយ​ប៉ុណ្ណោះ​។​


​លោក​អគ្គនាយក ILO បាន​ឯកភាព​ចំពោះ​ទស្សនៈ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ពាក់ព័ន្ធ​នឹង​បញ្ហា BFC នេះ ហើយ​សន្យា​ថា ​នឹង​ត្រៀមខ្លួន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ទទួល​យក​មក​អនុវត្ត​ដោយ​ខ្លួនឯង​នូវ​កម្មវិធី​នេះ​។​


​កិច្ច​ប្រជុំ​បាន​ប្រព្រឹត្តទៅ​ក្រោម​ស្មារតី​ស្និត​ស្នាល​ត្រង់​ទៅ​ត្រង់​មក និង​ប្រកបដោយ​ផ្លែផ្កា​វិជ្ជមាន​៕


5-11-2015a2


5-11-2015a1



លោក​ អិត ​សំហេង​ បាន​ជួបពិភាក្សា​ជា​មួយ​អគ្គនាយក​អង្គការ​ILO​

Post a Comment

0 Comments

Close Menu