Ad Code

ខ្សែប្រយុទ្ធ James Wilson ផ្ទេរ​ជា​កីឡាករ​ខ្ចី​ជើង​ទៅកាន់​ក្លិប Brighton

ខ្សែប្រយុទ្ធ James Wilson របស់​ក្លិប​បិសាច​ក្រហម Man Utd បាន​ចូល​លេង​ឲ្យ​ក្លិប Brighton លេង​នៅ​ក្របខណ្ឌ Championship ជា​កីឡាករ​ខ្ចី​ជើង សម្រាប់​រយៈពេល​នៅសល់​ក្នុង​រដូវ​កាល​នេះ។


កីឡាករ​វ័យ ១៩ ឆ្នាំ​ម្នាក់​នេះ លេង​បានតែ ២ ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ក្រុម Man Utd នៅក្នុង​រដូវ​កាល​នេះ ហើយ​បាន​ចូល​លេង​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ អំឡុង​បរាជ័យ​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ដោយ​លទ្ធផល​ពិន្ទុ ០-៣ កាលពី​ថ្ងៃទី ៤ ខែតុលា​កន្លងទៅ និង​បាន​ចូល​លេង​ពេញ​មួយ​ប្រកួត​គត់ អំឡុង​ការប្រកួត Capital One ចាញ់​ក្រុម  Boro កាលពី​ថ្ងៃទី ២៨ តុលា។


កីឡាករ Wilson នឹង​ចូល​លេង​ឲ្យ​ក្រុម Brighton ដែល​មិន​ទាន់មាន​ប្រវត្តិ​ចាញ់​គេ​ម្តង នៅ​ការប្រកួត Championship ក្នុង​រដូវ​កាល​នេះ ហើយ​បច្ចុប្បន្ន ក្រុម​មួយ​នេះ​ឈរ​នៅ​លេខ​រៀង​ទី ២ នៅលើ​តារាង ពីក្រោយ​ក្រុម Hull City ដោយ​ខុសគ្នា​តែ​ពី​រឿង​ចំនួន​គ្រាប់​បាល់​ប៉ុណ្ណោះ។


លោក Chris Hughton ជា​អ្នកចាត់ការ​របស់​ក្លិប Brighton បាន​និយាយប្រាប់​វេបសាយ​របស់​ក្លិប​ថា យើង​ចង់​បន្ថែម​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ម្នាក់​នេះ ចូលក្នុង​ក្រុម​របស់​យើង ហើយ​ម្យ៉ាងវិញទៀត កីឡាករ James គឺជា​គោលដៅ​ចង់បាន​របស់​យើង​ជា​យូរ​មក​ហើយ ដូច្នេះហើយ​យើង​ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់ ក្នុង​ការ​ប្រមាញ់​បាន​រូប​គាត់។


លោក Hughton បាន​បន្ត​ទៀត​ថា គាត់​គឺជា​ខ្សែប្រយុទ្ធ​វ័យក្មេង​ម្នាក់ ហើយ​យើង​សង្ឃឹម​ជឿជាក់​ថា ការផ្ទេរ​របស់​គាត់​នឹង​ក្លាយ​បុព្វហេតុ​ដ៏​ល្អ​មួយ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។


សូម​បញ្ជាក់​ថា កីឡាករ James ជាប់​កុងត្រា​ជាមួយ​ក្លិប Man Utd រហូតដល់​រដូវ​ក្តៅ​ឆ្នាំ ២០១៩៕



ខ្សែប្រយុទ្ធ James Wilson ផ្ទេរ​ជា​កីឡាករ​ខ្ចី​ជើង​ទៅកាន់​ក្លិប Brighton

Post a Comment

0 Comments

Close Menu