ប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ការបាញ់សម្លាប់មេដឹកនាំប្រឆាំងមួយរូប ហាក់បីដូចជាការសងសឹករបស់ក្រុមជើងកាង ដោយលោកបានច្រានចោលការអះអាងដែលថា វាគឺជាការជំរុញផ្នែកនយោបាយមុនពេលការបោះឆ្នោត។
មន្ត្រីគណបក្សបាននិយាយថា អ្នកវាយប្រហារម្នាក់បានបាញ់សម្លាប់លោក Luis Manuel Diaz កាលពីល្ងាចថ្ងៃពុធ នៅកណ្ដាលតំបន់ Guarico នៅឯយុទ្ធនាការឃោសនាបោះឆ្នោតសភាសម្រាប់ថ្ងៃទី ៦ ខែធ្នូ ដែលបានជំរុញឲ្យមានការភ័យខ្លាចថា អំពើហិង្សាអាចនឹងផ្ទុះឡើងនៅ ពេលបោះឆ្នោត។
ព្រឹត្តិការណ៍នេះក៏ត្រូវបានចូលរួមដោយលោកស្រី Lilian Tintori ផងដែរ ដែលជាភរិយារបស់មេដឹកនាំគណបក្សប្រឆាំងជាប់ពន្ធនាគារ ហើយជាបុគ្គលដ៏ល្បីឈ្មោះម្នាក់ ដែលបានរិះគន់លោក Maduro។
ជាមួយគ្នានោះ សហភាពអឺរ៉ុបបានសម្តែងនូវក្តីព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សា ផ្សារភ្ជាប់ទៅនឹងការបោះឆ្នោត។
សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ការធ្វើឃាតលោក Luis Manuel Diaz ដែលជាលេខាធិការថ្នាក់តំបន់នៃគណបក្សសកម្មភាពប្រជាធិបតេយ្យបានបង្ហាញពីភាពយ៉ាប់យ៉ឺនបន្ថែមទៀត នៃស្ថានភាពតានតឹង ដែលមានរួចទៅហើយមុនពេលការបោះឆ្នោតសភា នៅថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០១៥ ”។
ខ្លួនបានអំពាវនាវឲ្យមានការស៊ើបអង្កេតមួយយ៉ាងលឿន ហើយបាននិយាយថា អ្នកដែលទទួលខុសត្រូវ ត្រូវនាំយកទៅកាត់ទោស។
ការស្ទង់មតិបានបង្ហាញថា រដ្ឋាភិបាលសង្គមនិយមរបស់លោក Maduro អាចនឹងបាត់បង់សំឡេងភាគច្រើនរបស់ខ្លួន នៅក្នុងរដ្ឋសភាជាតិនៃការបោះឆ្នោត នៅខែក្រោយនេះ ដោយសារការធ្លាក់ចុះនៃអំណាចរបស់គាត់។
ជាមួយគ្នានោះដែរ សហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការសម្លាប់នេះ ដោយហៅវាថា ជា “ការសម្លាប់មនុស្សដ៏អាក្រក់បំផុតមួយ នាពេលចុងក្រោយនេះ និងជាអំពើនៃការបំភិតបំភ័យប្រឆាំងនឹងគណបក្សប្រឆាំង”។
ក្រុមអ្នកសង្កេតការណ៍បានព្រមានថា ការបោះឆ្នោតអាចបង្កឲ្យមានភាពចលាចល នៅក្នុងប្រទេសអាមេរិកឡាទីន ដែលមានប្រជាជនចំនួន៣០ លាននាក់មួយនេះ ដែលត្រូវបានរងទុក្ខរួចទៅហើយ ដោយសារអំពើហិង្សា និងវិបត្តិសេដ្ឋកិច្ច។
លោក Maduro បាននិយាយថា អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតចំពោះការសម្លាប់ ដែលគួរឲ្យសោកស្តាយនេះ ហើយក្រសួងមហាផ្ទៃមានភស្តុតាងបង្ហាញថា វាគឺជាការសងសឹកពីសំណាក់ពួកជនអន្ធពាល។
នៅក្នុងសុន្ទរកថាមួយ ទៅកាន់ក្រុមអ្នកគាំទ្រ លោកបានច្រានចោលការអះអាងរបស់ប្រធាននៃគណបក្សសកម្មភាពប្រជាធិបតេយ្យលោក Henry Ramos Allup ដែលថា អ្នកបាញ់ប្រហារគឺជាសមាជិកនៃក្រុមក្មេងទំនើងប្រដាប់អាវុធ ដែលមានទំនាក់ទំនងទៅនឹងគណបក្សកាន់អំណាចគឺគណបក្សសង្គមនិយមវេណេហ្ស៊ុយអេឡា (PSUV)៕
AFP
ការសម្លាប់បានបង្កើនភាពភ័យខ្លាចនៃអំពើហិង្សា ក្នុងការបោះឆ្នោតនៅប្រទេសវេណេហ្ស៊ុយអេឡា
0 Comments