លទ្ធផលចំណាត់ថ្នាក់បណ្ដោះអាសន្ននៅវគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ Toyota Mekong Club Championship 2015 ក្រុមបឹងកេតអង្គរ និងក្រុម Yangon United មាន៣ពិន្ទុក្នុងដៃដូចគ្នា ខណៈក្រុម Lao Toyota FC របស់ឡាវ ត្រូវហាលអាវមុនគេក្រោយប្រកួត២លើកមកនេះចាញ់ទាំង២លើក។
ជំនួបនៅវេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃអាទិត្យ នេះនឹងកាត់សេចក្ដីថាតើ ក្រុមណានឹងទទួលកៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុម Becamex Binh Duong FC របស់វៀតណាម ក្នុងថ្ងៃទី ៦ ខែ ធ្នូ នៅទីក្រុងហាណូយ។
ចំណាត់ថ្នាក់ស្មើគ្នា ហើយមានពិន្ទុស្មើគ្នាបែបនេះជាហេតុធ្វើឲ្យចាំបាច់ត្រូវមានច្បាប់ទម្លាប់មួយដើម្បីកាត់សេចក្ដី។ យោងតាមអង្គប្រជុំបច្ចេកទេសព្រឹកថ្ងៃសៅរ៍ទី២៨ខែវិច្ឆិកា ម្សិលមិញបានបញ្ជាក់ថា ក្រុមបឹងកេតអង្គរ អាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតាមពីរផ្លូវផ្សេងគ្នា គឺទី១ ឈ្នះ Yangon United នោះ បឹងកេតអង្គរ នឹងមាន៦ពិន្ទុ និងទី២គឺស្មើគ្នា ០-០ ពីព្រោះរូបមន្តប្រកួតបានផ្ដល់ប្រៀបចំពោះគ្រាប់បាល់ក្រៅដី (Away Goal) ពោលគឺគ្រាប់បាល់ក្រៅទឹកដី១គ្រាប់នឹងត្រូវគុណនឹង២ រួចហើយប្រៀបធៀបគ្រាប់បាល់ចំណេញ។
ត្រង់នេះចង់មានន័យថាបច្ចុប្បន្ន បឹងកេតអង្គរ មានគ្រាប់បាល់ចំណេញ៤គ្រាប់ ដែលបានមកពីជ័យជម្នះ២-០នៅទឹកដី Lao Toyota FC របស់ប្រទេសឡាវ ឯ Yangon United របស់មីយ៉ាន់ម៉ា សល់គ្រាប់បាល់ចំណេញ៣គ្រាប់ពីជ័យជម្នះ៥-២លើ Lao Toyota ក្នុងទឹកដីខ្លួនឯង។ តែបើស្មើគ្នាចាប់ពី១ ទល់ ១ ឡើងទៅនោះ Yangon United គឺជាអ្នកឡើងទៅជួបក្រុម Becamex Binh Duong របស់វៀតណាម នៅថ្ងៃទី៦ខែធ្នូ ខាងមុខ។
សូមរំលឹកថា ពានរង្វាន់ Toyota Mekong Club Championship 2015 រៀបចំជា៣វគ្គសំខាន់ៗ ដោយវគ្គជម្រុះបឋម ប្រកួតដំបូងចាប់ផ្ដើមតាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ មកម្ល៉េះ ហើយក្លិប Lao Toyota FC របស់ឡាវ ប្រកួតបានប្រកួតចាញ់ក្លិបបឹងកេតអង្គររបស់កម្ពុជា ២ ទល់ ០ នៅទីក្រុងវៀងចន្ទន៍ហើយនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ហើយក្រោមមកក្លិប Yangon United របស់មីយ៉ាន់ម៉ា បានយកឈ្នះក្លិប Lao Toyota របស់ ឡាវ ដោយលទ្ធផល ៥ ទល់ ២ នៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយ នៅថ្ងៃអាទិត្យ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះក្លិបបឹងកេតអង្គរ របស់កម្ពុជា ប្រកួតជាមួយក្លិប Yangon Unitedរបស់មីយ៉ាន់ម៉ា នៅទីលានពហុកីឡដ្ឋានជាតិទឹកដីកម្ពុជា វិញម្ដង។
សម្រាប់ការប្រកួតជុំទី២ ធ្វើឡើងនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៥ ក្លិបរបស់វៀតណាម ជួបជាមួយក្រុមឈ្នះនៅជុំទី១ លើទឹកដីវៀតណាម និងចុងក្រោយការប្រកួតជុំទី៣ ឬ វគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ ក្លិបរបស់ថៃ គឺ Buriram United ក្នុងទីក្រុងបាងកក។
ចំណែកប្រាក់រង្វាន់វិញមានដូចជាក្រុមជើងឯកទទួលបាន ៧៥០០០ ដុល្លារអាមេរិក ជើងឯករង ៥ ម៉ឺនដុល្លារ ក្រុមលេខ៣ ទទួលបាន ៣ ម៉ឺនដុល្លារ ក្រុមលេខ ៤ បាន ១ ម៉ឺនដុល្លារ និង ក្រុមលេខ ៥ ទទួលបាន ៥ ពាន់ដុល្លា។ ក្នុងនោះក៏មានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករលេងល្អប្រចាំពានរង្វាន់ដែរ ដោយមានចំនួន ៣ ពាន់ដុល្លារ៕
លទ្ធផល ០ទល់០ ឬ ឈ្នះ ទើបបឹងកេតអង្គរ មានឈ្មោះឡើងទៅជុំបន្ទាប់ពាន TMCC 2015
0 Comments