អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានថ្លែងថា លោកកំពុងពិភាក្សាជាមួយប្រទេសកូរ៉េខាងជើងចំពោះកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋឯកោមួយនេះ ប៉ុន្តែមិនទាន់ធ្វើការសម្រេចចិត្តប្រកាសជាសាធារណៈឡើយ។
លោក បាន គីមូន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិថា លោកបានទទួល “សញ្ញាវិជ្ជមាន” ពីទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កូរ៉េខាងជើង។
លោកបាននិយាយថា “យើងកំពុងពិភាក្សាគ្នាចំពោះពេលវេលាដ៏ល្អសម្រាប់ដំណើរទស្សនកិច្ចរបស់ខ្ញុំ ប៉ុន្តែមកដល់ពេលនេះមិនមានការសម្រេចចិត្តអ្វីទាំងអស់”។
ក្រុមអ្នកវិភាគបាននិយាយថា ប្រសិនបើដំណើរទស្សនកិច្ចរបស់លោកបានធ្វើឡើងមែននោះ លោកត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។
កូរ៉េខាងជើងគឺស្ថិតនៅក្រោមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនសម្រាប់ការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួនព្រមទាំងការដាក់ទណ្ឌកម្មរបស់អាមេរិកនិងអឺរ៉ុប។
កាលពីដើមឆ្នាំនេះលោក បាន គីមូន មានផែនការទៅទស្សនាឧទ្យានឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េខាងជើងដែលប្រតិបត្តិការរួមរវាងកូរ៉េទាំងពីរ។ ប៉ុន្តែរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានដកបានការអញ្ជើញនៅនាទីចុងក្រោយដោយគ្មានការពន្យល់អ្វីទាំងអស់។
គួរបញ្ជាក់ថា លោក បាន គីមូន បានបម្រើការជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូងចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៦ក្នុងរយៈពេលនៃការចរចាចម្រុះជាតិសាសន៍ ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
Reuters
ប្រធាន UN ៖ មានសញ្ញាវិជ្ជមានពីក្រុងព្យុងយ៉ាង ចំពោះដំណើរទស្សនកិច្ចកូរ៉េខាងជើង
0 Comments