Ad Code

ភ្លើង​ប្រចណ្ឌ​ឆេះ​ងំ​ជាង​មួយ​ឆ្នាំ​ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​ដាច់ចិត្ត​សម្លាប់​ខ្លួន(Update)

បាត់ដំបង ​៖​ យោធិន​ពិការ​មួយ​រូប ​ដែល​មាន​ចរិត​ឆេវឆាវ​ និង​ចូលចិត្ត​យក​គ្រឿង​ស្រវឹង​ធ្វើជា​ត្រីមុខ បាន​ធ្វើ​អត្តឃាត ​ដោយ​ចង.ក​សម្លាប់​ខ្លួន នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ត្រង់​ចំណុច​ផ្ទះ​លេខ​១១០​ក្នុង​ភូមិ​អណ្ដូង​ចេញ​ សង្កាត់​អូរចារ​ ក្រុង​-ខេត្ត​បាត់ដំបង ដែល​សព​ជនរងគ្រោះ​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​រករឿង និង​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្លួន​កាលពី​ល្ងាច​រួចមក។


បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ដែល​ត្រូវជា​ភរិយា​ឈ្មោះ​ស៊ិន ម៉ាន់ អាយុ​៥១​ឆ្នាំ រស់នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​អ្នកស្រី​មាន​ឈ្មោះ​អ៊ុំ សារឿន ​អាយុ​៥០​ឆ្នាំ​ជា​មន្ត្រី​យោធិន​ពិការ​ជើង​ស្ដាំ​ម្ខាង តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ។


ស្ត្រី​រូប​នេះ​បាន​បន្ត​ថា កាលពី​អំឡុង​ជាង​មួយ​ឆ្នាំ​មុន​មាន​មិត្តភក្តិ​គាត់​ម្នាក់ ​ដែល​ជា​យោធិន​ពិការ​ដូចគ្នា ​គឺ​ឧស្សាហ៍​មក​ផឹក​ស៊ី​លេង​ជុំ​គ្នា​ជាមួយ​នឹង​ស្វាមី​របស់​អ្នកស្រី​ណាស់។ ចាប់ពី​ពេល​នោះ​មក​ប្តី​របស់​អ្នកស្រី​តែងតែ​រករឿង​ប្រចណ្ឌ​រូបអ្នក​ស្រី​ទៅលើ​បុរស​នោះ​ជា​រៀង​រហូតមក បើទោះបីជា​បុរស​នោះ​បាត់​មុខ​មិនដែល​ឃើញ​មក​ជាង​មួយ​ឆ្នាំ​ហើយក៏​ដោយ ​ក៏​ប្តី​របស់​អ្នកស្រី​នៅតែ​ចងចិត្ត​លើ​ការ​ប្រចណ្ឌ​នេះ​ដដែល ពោល​គឺ​ឲ្យ​តែ​គាត់​ផឹកស្រា​ស្រវឹង ​​​​តែងតែ​រំលឹក​រឿង​នេះ​មក​និយាយ​រហូត ដែល​ធ្វើ​ឲ្យ​ទំនាស់​ចេះតែ​កើតមានឡើង​ជាប់​ជាប្រចាំ ​​ធ្វើ​ឲ្យ​អ្នកស្រី​ត្រូវ​នាំ​កូន​ទាំង​៥​នាក់​ទៅ​ដេក​នៅផ្ទះ​បងស្រី​ជានិច្ច នៅ​ពេល​ណា​ដែល​គាត់​ពិសា​​ស្រា​ចូល​ពោះ​ម្តងៗ។


លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៣១​ ខែ​តុលា គឺ​រឿង​ចាស់​បាន​ផ្ទុះ​ឡើង​មក​ម្ដង​ទៀត​ ហើយ​រូប​អ្នកស្រី​ក៏បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ដេក​នៅ​ផ្ទះ​បងស្រី​ដូច​សព្វមួយដង។ ប៉ុន្តែ​ដល់ពេល​ព្រឹក​ឡើង​ពេលដែល​ក្មួយ​របស់គាត់​បាន​ចូលទៅ​ក្នុងផ្ទះ​ដើម្បី​រក​បាយកក​ហូប ក៏​ស្រាប់តែ​ប្រទះឃើញ​ប្តី​របស់​អ្នកស្រី​បាន​យក​កន្សែង​ចង.ក​សម្លាប់ខ្លួន​នៅ​នឹង​មាត់ទ្វារ​ខាងក្រោយ​បាត់ទៅហើយ​ទើប​មានការ​ឆោឡោ​ឡើង ហើយក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះទៅ​ត្រួតពិនិត្យ។


តាម​ការ​ធ្វើ​កោសល្យវិច័យ​បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​ករណី​ធ្វើ​អត្តឃាត​យ៉ាង​ពិត​ប្រាកដ​ ដោយ​មិន​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ណាមួយ​ឡើយ។ បច្ចុប្បន្ន​ក្រុម​គ្រួសារ​បាន​ទទួល​យក​សព​ពី​សមត្ថកិច្ច​ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ៕



ភ្លើង​ប្រចណ្ឌ​ឆេះ​ងំ​ជាង​មួយ​ឆ្នាំ​ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​ដាច់ចិត្ត​សម្លាប់​ខ្លួន(Update)

Post a Comment

0 Comments

Close Menu