បន្ទាយមានជ័យ ៖ នេះជាពាក្យរបស់យុវសិស្សក្នុងការសម្តែងរឿងក្នុងពិធីបើកបវេសនកាលនាឆ្នាំសិក្សា២០១៥- ២០១៦នៅសាលាវិទ្យាល័យសម្តេចឪស្ថិតនៅកណ្ដាលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការអញ្ជើញចូលរួមបើកបវេសនកាលរបស់លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងការចូលរួមពីអស់លោកតំណាងមន្ទីរស្ថាប័នជុំវិញខេត្តលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើន។
ក្នុងការសម្តែងរឿងក្នុងន័យអប់រំឲ្យប្អូនៗចៀសឲ្យឆ្ងាយកុំយកគំរូតាមគឺបានសម្តែងពីការចូលរៀនរបស់សិស្សក្នុងបវេសនកាលថ្មី ដោយមានសិស្សខ្លះក្រ និងសិស្សខ្លះមាន ធ្វើឲ្យមានការបែងចែកឋានៈស្អប់ខ្ពើម ហើយសិស្សខ្លះសប្បាយ នឹងការដើរលេងប្រើប្រាស់ចែកចាយថ្នាំញៀនរួចបានអូសទាញសិស្សផ្សេងទៀតដើរលេងប្រើប្រាស់ថ្នាំញៀនដែរ។ មិនថែមតែប៉ុណ្ណោះបានសម្តែងបង្ហាញពីអាណាព្យាបាលដែលគិតតែលេងល្បែងស៊ីសងមិនខ្វល់ពីកូនរហូតដល់ទីបញ្ចប់នៃសាច់រឿងត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួនទាំងអស់ ហើយពួកគេបាននិយាយថា”ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អត្រូវនិយាយថាទេចំពោះគ្រឿងញៀន គ្មានការរើសអើងក្នុងសាលាបង្កើតមិត្តលុបបំបាត់សត្រូវ ការពារជីវិតអ្នកពាក់មួកសុវត្ថិភាព។
បន្ទាប់ពីអានសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការបើកបវេសនកាលសិក្សាថ្មី លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បានប្រាប់ឲ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦នេះមានសាស្ត្រាចារ្យចំនួន៩៩នាក់ស្រី៤៤នាក់ និង សិស្សដែលបានមកចុះឈ្មោះសិក្សាមានចំនួន១៦៩៥នាក់ ស្រី៨៦០នាក់ បើប្រៀបធៀបនឹងឆ្នាំសិក្សា២០១៤-២០១៥ថយចុះ១៥៧នាក់ស្រី៦០នាក់។
ថ្លែងទៅកាន់សិស្សានុសិស្សនាឱកាសនោះផងដែរលោក លី សារី បានក្រើនរំលឹកដាស់តឿនថាបើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតដ៏រុងរឿងគឺត្រូវខិតខំសិក្សារៀនសូត្រ ហើយនៅឲ្យឆ្ងាយពីគ្រឿងញៀន ចូរខិតខំប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីធានាបាននូវសុវត្ថិភាព សេចក្តីថ្លៃថ្នូរដល់សង្គមជាតិទាំងមូល។ ជាមួយនោះលោកក៏បានស្នើឲ្យមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សហគមន៍ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវចូលរួមឲ្យសកម្មក្នុងការជួយអប់រំកូនចៅឲ្យបានល្អ ទាំងផ្នែកអនាម័យ សុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីបន្តលើកកម្ពស់កិត្តិយសសង្គមជាតិកម្ពុជាសក្ដិសមជាប្រជាជាតិមួយដែលមានឈាមជ័របន្តពីសម័យអង្គរដ៏រុងរឿងនៃយើង។
ជាមួយគ្នានោះលោក លី សារី ក៏បានផ្តល់ប័ណ្ណសរសើរដល់សិស្សដែលមានចំណាត់ថ្នាក់ល្អនិងបានផ្តល់អំណោយជាសម្ភារៈសិក្សារួមមានសៀវភៅ កាបូប មួយចំនួន ដែលបានមកពីការឧបត្ថម្ភរបស់សប្បុរសជនក្នុងខេត្ត ហើយក៏សូមសំណូមពរដល់សប្បុរសជនក្នុងខេត្តមេត្តាជួយឧបត្ថម្ភដល់សិស្សក្រីក្រឲ្យបានបន្តការសិក្សាទៅមុខទៀត៕
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងគ្មានការរើសអើងក្នុងសាលា បង្កើតមិត្តលុបបំបាត់សត្រូវ
0 Comments