កំពង់ស្ពឺ ៖ អាគារបណ្ណាល័យ ដែលចំណាយទឹកប្រាក់ជាង២០ម៉ឺនដុល្លារបានចាប់ផ្ដើមបញ្ចុះបឋមសិលានៅក្នុងបរិវេណសាលាសន្តិភាពក្នុង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមវត្តមានរបស់លោកហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោកជំទាវ ពូ ជៀនគ័រ (Bu jianguo )ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោកអ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ រួមទាំងអស់លោកលោកស្រីជា អភិបាលរង ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រមាណជា៧០០នាក់ផងដែរ។
លោកអ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា អាគារបណ្ណាល័យ ដ៏ប្រណិត និងជាចំណងដៃថ្មីសម្រាប់សិស្សានុសិស្ស ក្នុងសម័យវិទ្យាសាស្ត្រ ទំនើប ដែលមានទំហំ១៦ម x ៣០ម កម្ពស់២ជាន់ និងត្រូវចំណាយទឹក ប្រាក់ជាង២០ ម៉ឺនដុល្លារ ដោយមិនទាន់បូកបញ្ចូលសម្ភារៈបរិក្ខារបំពាក់ និងគ្រឹះនៅឡើយ។
អភិបាលខេត្តបន្តថា បណ្ណាល័យថ្មីនេះពិតជាបានជួយដល់ ក្មួយៗជាសិស្សានុសិស្សស្រាវជ្រាវ ស្វែងរកគ្រប់កម្មវិធីវិទ្យាសាស្ត្រនានា ជាជំនួយដ៏សំខាន់ដល់ការសិក្សាក្នុងពេលបច្ចុប្បន្នយើងនេះ។
លោកជំទាវពូ ជៀនគ័រ (Bu jianguo )ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ កម្ពុជា មានប្រសាសន៍ថា ទឹកប្រាក់របស់សាធារណរដ្ឋ ប្រជាមានិតចិន ១លានយ័នបានផ្តល់ជាជំនួយតាមរយៈ សហភាពសហព័ន្ធ យុវជនកម្ពុជា ដើម្បីចូលរួមសាងស់ងបណ្ណាល័យ ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងខេត្តកំពង់ស្ពឺ។ លោកជំទាវបន្តថា ក្នុងនាមប្រទេសទាំង២ដែលមានចំណងការទូតយ៉ាងល្អហើយជានិច្ចសាធារណរដ្ឋ ប្រជាមានិតចិនតែងផ្តល់ជំនួយដល់ប្រទេសកម្ពុជាក្នុងវិស័យជាច្រើន។
លោកហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា បណ្ណាល័យនេះផ្តើមចេញពីជំនួបរវាងលោកគ្រូ និងអ្នកគ្រូ និងរូបលោកក្នុងទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃ ៩ខែមីនា ឆ្នាំ២០១៤ ដោយលោកគ្រូអ្នកគ្រូទទូចឲ្យមានការ សាងសង់បណ្ណាល័យ សម្រាប់ប្អូនៗ និងសិស្សានុសិស្ស ស្រាវជ្រាវ។
លោកតំណាងរាស្ត្របានបន្តថា ដោយមានការស្នើសុំយ៉ាងទទូច និងដោយយល់ ឃើញនៅខេត្តកំពង់ស្ពឺពុំទាន់មានបណ្ណាល័យដែរ លោកនិងក្រុមការងារបាន ខិតខំប្រឹងប្រែងកៀរគរប្រភពថវិកានានាដើម្បីសម្រេចតាមការស្នើសុំនេះ។ ជាក់ស្ដែងសមិទ្ធផលត្រូវបានសាងសង់នាពេលនេះក្រោមជំនួយពីគ្រប់មជ្ឈដ្ឋាន ដែលចំណាយរហូតជាង២០ម៉ឺនដុល្លារ៕
បណ្ណាល័យ ដែលចំណាយទឹកប្រាក់ជាង២០ម៉ឺនដុល្លារត្រូវបានបើកការដ្ឋានសាងសង់
0 Comments