បាត់ដំបង ៖ បទល្មើសនេសាទជាច្រើន ដែលក្រុមឱកាសនិយមឆ្លៀតប្រព្រឹត្តជាហូរហែនៅក្នុងភូមិសាស្ត្រឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតក្នុងតំបន់ព្រៃរនាម នាមាត់បឹងទន្លេសាប ត្រូវបានកម្លាំងចម្រុះចុះបង្ក្រាប និងបំផ្លាញចោល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ចាប់តាំងពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង៤ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥។
តាមការអះអាងពីលោកអនុសេនីយ៍ឯកប៉ាង ហ៊ាង អធិការរងទទួលផែនសេនាធិការ ដែលជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ចចំនួន១១រូប ដោយក្នុងនោះក៏មានលោកព្រះរាជអាជ្ញារងរួមទាំងកម្លាំងសហគមន៍ និងជំនាញជលផលផងដែរ បានចុះប្រតិបត្តិការទៅកាន់៣គោលដៅ ក្នុងភូមិសាស្ត្រខាងលើនេះ។
លោកអធិការរងបានបន្តថា ការដឹកនាំកម្លាំងលើកនេះគឺមានភាពស្មុគស្មាញយ៉ាងខ្លាំង ដោយសារតែបទល្មើសបានទន្ទ្រានព្រៃលិចទឹកស៊ីរូងផ្ទៃក្នុងចូលទៅយ៉ាងជ្រៅក្នុងព្រៃរនាមនាមាត់បឹងទន្លេសាប ដែលជាតំបន់ហាមឃាត់ផង និងជាតំបន់ជម្រកសម្រាប់ត្រីពងផង ដែលគោលដៅទាំង៣នោះគឺចំណុច អូរអាជ្រៃ បឹងអាភ្លោះ និងចំណុចស្បូវកណ្តប។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងបានធ្វើការកម្ទេចនូវប្រភេទស្បៃមងប្រវែង៣៨០០ម៉ែត្រ ឡុកចំនួន៦ និងបង្គោលចំនួន៧៥០ដើម។ ដោយឡែកម្ចាស់ស្បៃមងទាំងនេះពុំមានវត្តមាននៅចំណុចខាងលើនោះឡើយ ដោយពួកគេហាក់បីដូចជាដឹងមុន ព្រោះនៅត្រង់ចំណុចខ្លះត្រូវបានម្ចាស់ដោះយកឡុកលាក់ទុកបាត់ទៅហើយ ដោយសារតែតម្លៃនៃការផលិតឡុកនីមួយៗស្មើនឹង៧លានរៀល។
គួរបញ្ជាក់ដែរថា កន្លងមកគេមិនសូវដែលឃើញកម្លាំងជំនាញចុះបង្ក្រាបផ្ទាល់ទាល់តែសោះ លុះត្រាតែមានកិច្ចសហការទើបមានវត្តមាន ហើយក៏អាចបែកការថែមទៀត ដូច្នេះកិច្ចប្រតិបត្តិការបង្ក្រាបភាគច្រើនគឺបានតែទីតាំងតូចតាចតែប៉ុណ្ណោះ។ ចំណែកទីតាំងធំៗគេដឹងមុនអស់ទៅហើយតាំងពីកម្លាំងមិនទាន់ចុះទូកម្ល៉េះ។
បច្ចុប្បន្ននៅក្នុងខេត្តបាត់ដំបងទាំងមូល ការបង្ក្រាបបទល្មើសនេសាទហាក់ដូចជាមានភាពធូររលុងមែនទែន ដោយសារតែលោកនាយខណ្ឌរដ្ឋបាលជលផលមានការបើកដៃ ចំហ
ឲ្យអ្នកប្រព្រឹត្តបទល្មើសខ្លាំងពេក ព្រោះបញ្ហានេះក៏មានប្រភពជាច្រើនបាននិយាយចំៗថា ទីតាំងដែលលោកនាយខណ្ឌបើកដៃឲ្យឈ្មួញចិញ្ចឹមត្រីឆ្ដោរមានមិនក្រោម៤០០កន្លែងឡើយ ដែលបញ្ហានេះហើយធ្វើឲ្យហោប៉ៅលោកនាយខណ្ឌស្ទើរតែរយះទៅហើយ ព្រោះការបង់លុយក្នុងការដាក់ចិញ្ចឹមត្រីឆ្តោរមានពីរដំណាក់កាល ទីមួយការចាប់ផ្ដើមដាក់កូនត្រីត្រូវរាប់ក្បាលយកលុយម្តង លុះដល់ពេលប្រមូលផលត្រូវរាប់ក្បាលយកលុយម្តងទៀត។ ដូច្នេះហើយបានជាសកម្មភាពបទល្មើសនេសាទនៅក្នុងខេត្តទាំងមូលមានសន្ទុះខ្លាំងក្លា គ្មានខេត្តណាប្រដូចបានឡើយ។
កន្លងមកលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្ត ធ្លាប់បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា បើមន្ត្រីក្រោមឱវាទណាមួយហ៊ានប្រព្រឹត្តនូវទង្វើបែបនេះ លោកនឹងមានវិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ រីឯការលួចចិញ្ចឹមកូនត្រីឆ្តោររបស់ឈ្មួញមួយចំនួននោះលោកនឹងសុំគោលការទៅក្រសួងដើម្បីធ្វើការបង្ក្រាប។
ពាក្យមួយប្រយោគនេះបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំងថា ការបោសសំអាត និងការបង្ក្រាបលើបទល្មើសក្នុងខេត្ត វាមិនចាំបាច់សុំគោលការណ៍ទៅក្រសួងឡើយ គឺត្រឹមតែថ្នាក់នាយខណ្ឌវាចប់បាត់ទៅហើយ ដែលជាអ្នកមានសិទ្ធិបញ្ជាឲ្យបង្ក្រាប។ ដោយឡែកពាក្យដែលថា បើមានមន្ត្រីណាហ៊ានទទួលសំណូកលើបទល្មើសគឺលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែចុះបើរូបលោកផ្ទាល់វិញ អ្នកណាហ៊ានចាត់វិធានការ? វាប្រាកដជាគ្មានហើយស្ងាត់ថែមទៀតផនេះហើយជាបញ្ហាដែលត្រូវចោទ៕
កិច្ចបង្ក្រាបបទល្មើសនេសាទក្នុងព្រៃរនាម នៅតែបន្តដូចភ្លៀងរលឹម
0 Comments