ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រះនាមទិវា១១២ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង១គ្រាប់ចំក្បាល ក្នុងខណៈពេលដែលបុរសម្នាក់នេះមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធនៅក្នុងរថយន្ត រឿងប្រពន្ធមិនឲ្យផឹកស៊ីបន្តនៅខារ៉ាអូខេ ក្រោយពីចេញពីស៊ីការមិត្តភក្តិនោះ ហើយជនរងគ្រោះក៏ត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមដែរ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅម្តុំក្រោមស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះចាន់ ផល្លា ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង ព្រះនាមទិវា១១២។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធបានជិះរថយន្ត ម៉ាក CRV មួយគ្រឿង ជាមួយគ្នា ចេញពីហូបការមិត្តភក្តិ ដោយជិះរថយន្តតាមបណ្តោយផ្លូវ៥៩៨ឆ្ពោះមកក្រោមស្ពានអាកាស៧មករា និងបន្តមកផ្លូវកម្ពុជាក្រោម។ ក្នុងខណៈកំពុងតែជិះលើរថយន្តនោះ ជនរងគ្រោះបានសុំប្រពន្ធទៅច្រៀងខារ៉ាអូខេបន្តជាមួយមិត្តភក្តិ ប៉ុន្តែការស្នើសុំនោះមិនត្រូវបានប្រពន្ធយល់ព្រមឡើយរហូតមានការឈ្លោះប្រកែកយ៉ាងខ្លាំង ហើយភ្លាមៗនោះ ជនរងគ្រោះក៏បានដកកាំភ្លើងខ្លីម៉ាកK59 បាញ់ក្បាលរបស់ខ្លួនមួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានភ្លាមដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត ហើយនៅព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៥ នេះ ជនរងគ្រោះកំពុងស្ថិតនៅ ក្នុងស្ថានភាពធ្ងន់ធ្ងរនោះឡើយ៕
ប៉ូលិសម្នាក់បាញ់សម្លាប់ខ្លួនឯង ដោយសារខឹងប្រពន្ធមិនឲ្យទៅច្រៀងខារ៉ាអូខេបន្ត
0 Comments