Ad Code

ចៅក្រម​ស៊ើបសួរ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មេខ្លោង​គ្រឿងញៀន​ម្នាក់​ចំ​គោលដៅ​, ​ប្រជាពលរដ្ឋ​សាទរ​គ្រប់​កន្លែង

ពោធិ៍សាត់ ​៖​ មុខ​សញ្ញា​ចែកចាយ ​និង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​​​​​ម្នាក់​ដែល​ប្រជាពលរដ្ឋ​អះអាង​ថា ជា​មេខ្លោង​ដុះ​ស្លែ​ដ៏​សំខាន់​ម្នាក់​នៅ​កណ្ដាល​ក្រុង​ពោធិ៍សាត់​នោះ ត្រូវ​បាន​​ចៅក្រម​​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ​បង្គាប់​ឲ្យ​សមត្ថកិច្ច​​​ចាប់​ខ្លួន​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥ ក្នុង​ភូមិ​ពាល​ញែក​១ ​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ ហើយ​ឈាន​ទៅ​រក​ការ​ឆែកឆេរ​ក្នុង​ផ្ទះ ​​រក​ឃើញ​វត្ថុ​តាង​បទល្មើស​មួយ​ចំនួន​ធំ​ទៀត។


លោក​ឈន រិ​ទ្ធិ​ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​៣១​ ខែ​តុលា​នេះ​ថា ជន​ ដែល​ចៅក្រម​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ​ឈ្មោះ​អ៊ឹង ប៊ុន​ផាន់ ​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​​សង្កាត់​កើតហេតុ​ខាងលើ។


លោក​អធិការ​បន្ត​ទៀត​ថា​ យោង​តាម​ដីកា​លេខ​១៤០៩​ចុះ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥​ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ ​​លោក ពេជ្រ ចិន្តា បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​​​មក​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​នោះ​ ទើប​នៅ​ថ្ងៃ​ខាងលើ​សមត្ថកិច្ច​​​ក៏​ចុះ​ទៅ​ចាប់​ខ្លួន​ឈ្មោះ ​អ៊ឹង ប៊ុន​ផាន់ ហៅ​៧៩ នេះ​មកកាន់​អធិការ​ក្រុង​ពោធិ៍សាត់។


លោក​រស់ ប៊ុន​ណា ស្នងការ​រង​ទទួលបន្ទុក​កិច្ចការ​បទល្មើស​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​យប់​ថ្ងៃ​៣១ ខែ​​តុលា​​ថា ក្រោយពី​ចាប់​ខ្លួន​​​​ភ្លាម លោក ពេជ្រ ចិន្ដា ចៅក្រម​ស៊ើបសួរ​បាន​បញ្ជា​​ឲ្យ​សមត្ថកិច្ច​​ ឆែកឆេរ​ក្នុង​រថយន្ត​​របស់​ជន​​​​ចែកចាយ ​និង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈ្មោះ​អ៊ឹង ប៊ុន​ផាន់ ហៅ​៧៩ នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ។ ក្រោយ​ឆែកឆេរ​សមត្ថកិច្ច​​​ក៏បាន​រក​ឃើញ​ថ្នាំញៀន​មួយ​​ថង់​ប្លាស្ទិក​ប្រភេទ​ម្សៅ ពណ៌​ស​ក្រាម មេតំ​ហ្វេតា​មីន។ ក្រោយ​មក​សមត្ថកិច្ច​​​ក៏បាន​ដកហូត​រថយន្ត​នោះ ​រួមទាំង​ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង រួច​ធ្វើ​ការ​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​តែម្ដង។


លោក​រស់ ប៊ុន​ណាន​ ក៏បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយពេល​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុតាង​ដល់​តុលាការ​ភ្លាម ​កម្លាំង​នគរបាល​ជំនាញ​របស់​លោក​សហការ​ជាមួយ​​​​​ការិយាល័យ​នគរបាល​ប្រយុទ្ធ​​​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចុះ​ដល់​ទី​តាំង​ផ្ទះ​​ឈ្មោះ​អ៊ឹង ប៊ុន​ផាន់ ​នោះ ​ហើយ​ធ្វើការ​ឆែកឆេរ ក៏បាន​រក​ឃើញ​វត្ថុតាង​ជាច្រើន​ មាន​ទាំង​ថ្លង់​ប្លា​ស្ទិក​សម្រាប់​វេច​ខ្ចប់​ចែកចាយ​សារធាតុ​ញៀន និង​ប្រដាប់​សម្រាប់​ជក់​គ្រឿងញៀន​​មួយ​ឈុត​ធំ ព្រមទាំង​នាំ​ខ្លួន ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​ចេង សេង​ហ៊ឹ​ម ត្រូវជា​ប្រពន្ធ ​របស់​ឈ្មោះ​អ៊ឹង ប៊ុន​ផាន់ ហៅ​៧៩ នេះ​មកកាន់​អធិការ​ក្រុង​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​​​ទៅ​តុលាការ។


ក្នុង​ការ​ចាប់ខ្លួន​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ​ កុមារ​ឈ្មោះ​លៀង ថៃ អាយុ​៤​ឆ្នាំ ត្រូវជា​កូន​ប្ដី​ប្រពន្ធ​អ្នក​ទាំងពីរ​នោះ ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​បាន​ឃើញ​ឪពុក​ខ្លួន​ជក់​ថ្នាំញៀន​នេះ​រាល់ថ្ងៃ ​រហូតដល់​ថ្ងៃ ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​តែម្ដង។


ទាក់ទង​នឹង​ការ​ឃាត់ខ្លួន​អ្នក​ទាំងពីរ​ មាន​ការ​លើកឡើង​ជាមួយ​នឹង​ក្ដី​រំភើប​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​នៅ​ក្នុង​ភូមិ​សង្កាត់​ជាមួយ រួម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ព្រមទាំង​អ្នកធ្វើ​ការងារ​រដ្ឋបាល​ដែល​ជា​អាណាព្យាបាល​យុវជន​រងគ្រោះ។ ពួក​គាត់​ក៏​បាន​​​​​ថ្លែង​អំណរ​គុណ​​ចំពោះ​ចៅក្រម​ស៊ើបសួរ ពេជ្រ ចិន្ដា​ ជាមួយ​សមត្ថកិច្ច​នគរបាល ​ដែល​ចាត់ការ​លើ​ករណី​នេះ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ស្រាល​ខ្លួន​បាន​ជាង​ពាក់កណ្ដាល​​ ហើយ​ពួកគាត់​​បន្ត​សំណូម​​​ឲ្យ​ចាត់ការ​ចំ​គោលដៅ ដូច​​ករណី​ខាង​លើ​​ទៀត ដើម្បី​កាត់បន្ថយ​​​យុវវ័យ​រងគ្រោះ​ដោយ​គ្រឿងញៀន៕




ចៅក្រម​ស៊ើបសួរ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មេខ្លោង​គ្រឿងញៀន​ម្នាក់​ចំ​គោលដៅ​, ​ប្រជាពលរដ្ឋ​សាទរ​គ្រប់​កន្លែង

Post a Comment

0 Comments

Close Menu