សៀមរាប ៖ ពាក់ព័ន្ធនឹងរឿងរ៉ាវអនុវត្តដីការឹបអូសផ្ទះកូនបំណុលដើម្បីលក់យកលុយសងម្ចាស់បំណុល នៅចំណុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប រញ្ជួយពេញក្រុងសៀមរាបកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ រហូតកូនបំណុលជាម្ចាស់ផ្ទះយំស្រែករកយុត្តិធម៌ដល់សន្លប់ និងបាននិយាយរៀបរាប់ទាំងទឹកភ្នែកនោះ ម្ចាស់បំណុលដែលជាដើមបណ្ដឹងម្នាក់បានចេញមុខមកបកស្រាយឆ្លើយតបនឹងការលើកឡើងរបស់កូនបំណុល។
នៅក្នុងពេល លោកថេង សំណាង តំណាងអយ្យការសាលាដំបូងខេត្តសៀមរាប ដឹកនាំកម្លាំងប៉ូលិស ប៉េអឹម ដោយមានការចូលរួម មេភូមិ និងចៅសង្កាត់ ចុះអនុវត្តដីកានោះ អ្នកស្រី ឡាក់ ស្រីតា ភេទស្រី អាយុ ៤៥ឆ្នាំ ដែលជាកូនបំណុល បានរៀបរាប់ទាំងទឹកភ្នែកថា លោកស្រីជំពាក់លុយលោកលី គាវផេង ភេទប្រុស ត្រឹមតែ២២០០ដុល្លារ និងលុយខ្មែរ៤៩៧០០០រៀលតែប៉ុណ្ណោះ ក្នុងរយៈពេល២ឆ្នាំ តែបានឲ្យការប្រាក់មករហូត។ ក្រោយមកទើបលោកគាវផេង បានប្តឹងរូបគាត់ឲ្យសងលុយទាំងអស់ជាង៥ម៉ឺនដុល្លារ រួមទាំងការប្រាក់ តែក្នុងនោះលោកស្រីបានសងលុយចំនួន២៤០០ដុល្លាររួចមកហើយ នៅក្នុងតុលាការខេត្តសៀមរាប ដែលមានមន្ត្រីតុលាការជាសាក្សី។ លោក ស្រីបានបន្តថា ចំណែកលុយដែលនៅសល់ គាត់បានសុំពន្យារពេល២ខែ១៥ថ្ងៃ រហូតដល់ពេលកំណត់គាត់បានយកលុយទៅសង តែត្រូវបានលោក លី គាវផេង មិនព្រមទទួលយកលុយរបស់គាត់ទេ ហើយគេបានប្រាប់គាត់ថា ផ្ទះរបស់លោកស្រីត្រូវបានគេលក់រួចបាត់ទៅហើយ តាមអំណាចរបស់តុលាការ ដោយគាត់ពុំបានដឹងអ្វីទាំងអស់។ ក្រោយមកគាត់បានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យជួយរកយុត្តិធម៌ តែត្រូវបានសាលាឧទ្ធរណ៍ ប្រាប់ថា ពាក្យបណ្តឹងរបស់អ្នកស្រី ពុំមានសុពលភាព ត្រូវបានច្រានចោល។ ចំណែកតុលាការបានឲ្យលោកស្រី សម្របសម្រួលជាមួយអ្នកទិញវិញ តែត្រូវបានអ្នកទិញបង្គាប់ឲ្យសងលុយ និងសងជំងឺចិត្តក្នុងមួយថ្ងៃ៩០០០ដុល្លារ។
នៅក្នុងពេលកម្លាំងចុះអនុវត្តដីកានោះដែរ ភាគីកូនបំណុលបានស្រែកតវ៉ា និងទាមទាររកយុត្តិធម៌ ដោយលើកឡើងថា បើជំពាក់លុយត្រូវសងលុយ មិនមែនសងផ្ទះនោះទេ។
ឆ្លើយតបនឹងការលើកឡើងខាងលើ ភរិយារបស់លោក លី គាវផេង ដែលជាដើមបណ្ដឹង និងម្ចាស់បំណុលនិយាយថា «តាមពិតលុយរបស់ខ្ញុំចំនួនតែ៥ពាន់ដុល្លារ៩២សេនទេ តាំងពីប្ដឹងរហូតមកទល់ពេលនេះរួមទាំងប្រាក់ជំងឺចិត្ត និងការប្រាក់៥ភាគរយក្នុង១ឆ្នាំ ហើយការសម្របសម្រួលរបស់តុលាការបានសងទឹកលុយឲ្យខ្ញុំចំនួន២៤០០ដុល្លារ ក្រោយមកខ្ញុំទុករយៈពេលឲ្យ២ខែកន្លះដើម្បីឲ្យភាគីចុងបណ្ដឹងយកលុយមកសងខ្ញុំឲ្យគ្រប់ចំនួនតាមការកំណត់ តែគាត់មិនបានសងខ្ញុំទេ។ ក្រោយមកតុលាការក៏បានចេញលក់ឡាយឡុងលើកទី២ ដោយមានការលក់ដេញថ្លៃបានជាស្ថាពរ ក្រោយមកចុងបណ្ដឹងសុំយកលុយសងខ្ញុំគ្រប់ចំនួន តែខ្ញុំបានប្រកែកថាមិនទទួលទេ ព្រោះតុលាការគេបានលក់ផ្ទះអ្នកស្រីរួចរាល់អស់ហើយ ខ្ញុំមិនអាចយកបានទេ ដូច្នេះសូមអាជ្ញាធរ ឬតុលាការ សូមជួយរកយុត្តិធម៌ឲ្យខ្ញុំផង ដែលចុងបណ្ដឹងបានចោទខ្ញុំថាទទួលការប្រាក់របស់គាត់សរុបចំនួន៥ម៉ឺនដុល្លារនេះ ជាការមិនពិតជា ជាការបំផ្លើស ឬជាការបង្ខូចកេរ្តិ៍របស់ខ្ញុំក៏ដូចគ្រួសារខ្ញុំដែរ»។
លោកស្រីបន្តថា «សូមជម្រាបអស់លោកលោកស្រីទាំងអស់ឲ្យដឹងថាម្ចាស់ផ្ទះបានចោទខ្ញុំថា ខ្ញុំប្ដឹងគាត់ដើម្បីយកផ្ទះគាត់ ដូច្នេះខ្ញុំមិនបានប្ដឹងគាត់ដើម្បីយកផ្ទះទេ ខ្ញុំមានបំណងយកតែប្រាក់ខ្ញុំប៉ុណ្ណោះ មិនដូចការចោទប្រកាន់របស់គាត់ទេ ខ្ញុំមិនអាចទទួលយកបានឡើយរឿងនេះ។ ខ្ញុំសូមជម្រាបថា ការដែលខ្ញុំទុកពេលវេលាឲ្យគាត់រយៈពេល២ខែកន្លះនេះ ឲ្យគាត់រកលុយដែលនៅសល់ពាក់កណ្ដាលទៀតនេះមកសងខ្ញុំ តែគាត់មិនបានសងខ្ញុំទេ អីចឹងគាត់បានរំលោភលើកិច្ចសន្យារបស់តុលាការ។ ដូច្នេះការដែលគាត់មិនបានសងនេះហើយទើបដល់ថ្ងៃ តុលាការគេរឹបអូស គេនឹងលក់ឡាយឡុងផ្ទះរបស់គាត់។ ដូច្នេះជាកំហុសរបស់គាត់ទេ មិនមែនជាកំហុសរបស់នាងខ្ញុំជាដើមបណ្ដឹងទេ។ ខ្ញុំប្ដឹងគាត់យកលុយមិនមែនប្ដឹងគាត់ដើម្បីយកផ្ទះទេ។ ប៉ុន្តែមកពីគាត់រំលោភលើច្បាប់ គាត់មិនព្រមសងខ្ញុំ»។
ករណីខាងលើនេះសូមប្រិយមិត្តពិចារណាខ្លួនឯងចុះ ប៉ុន្តែកម្ពុជាថ្មីសូមបញ្ជាក់ជូនថា ក្នុងពេលអយ្យការអមសាលាដំបូងខេត្តសៀមរាប ដឹកនាំកម្លាំងចុះអនុវត្តដីកាទាំងបង្ខំនោះ ប្រជាពលរដ្ឋឃើញហេតុការណ៍សុទ្ធតែនាំគ្នាស្លុតចិត្ត និងទប់ទឹកភ្នែកមិនបាន ខណៈពេលដែលឃើញ ទិដ្ឋភាពអនុវត្តច្បាប់ ដោយគ្មានមនោសញ្ចេតនាជាខ្មែរដូចគ្នានោះ។ ក្នុងពេលនោះគ្រួសារកូនបំណុលត្រូវបានសមត្ថកិច្ចចាប់បោក ចាប់ញាត់ចូលឡាន បង្កឲ្យសម្រែកទ្រហោយំរវាងកូនតូច និងម្ដាយរហូតដល់សន្លប់ ដោយសារតែ ភាពតក់ស្លុតរួមផ្សំជាមួយនឹងរោគបេះដូង។ សកម្មភាពអនុវត្តច្បាប់នេះត្រូវបានគេយល់ថា ជាការគ្មានទឹកចិត្ត ប្រោសប្រណីអ្នកក្រីក្រ ខណៈពេលដែលគាត់រកព្រឹកខ្វះល្ងាច។ ប៉ុន្តែទោះជា សមត្ថកិច្ចខំប្រឹងប្រែង ដោយចាប់កូន បំណុល និងសាច់ញាតិ ដែលបានជួយរារាំងក្នុងការអនុវត្តច្បាប់នេះយ៉ាងណាក៏ដោយ ក៏ការអនុវត្តរបស់តុលាការពុំទទួលបាន ជោគជ័យដែរ ដោយសារតែភាពប្រទូសរ៉ាយ និងការមនោសញ្ចេតនារបស់សមត្ថកិច្ចមួយចំនួន ដែលអាណិតអាសូររបស់គ្រួសារនេះ។ ជាចុងក្រោយត្រូវបានដកកម្លាំងត្រឡប់ទៅវិញ។
ចំណែកលោក ថេង សំណាង តំណាងអយ្យការសាលាដំបូងបានឲ្យដឹងក្នុងពេលនោះថា លោកពុំបានកាន់រឿងនេះទេ តែលោកគ្រាន់តែចុះមកអនុវត្តតាមដីកាទេ ហើយយោងតាមឯកសារពាក្យបណ្តឹង បានឲ្យដឹងថា លោកស្រីឡាក់ ស៊ីតា មិនមែនជំពាក់លុយគេត្រឹមតែ២២០០ដុល្លារតែមួយម្ចាស់នោះទេ គឺមានទាំងអស់មានចំនួន៦ នាក់ ទី១. លោក លី គាវផេង ទី២. អឿន សំអុល ទី៣. លោក ឡោ គឹមសាន ទី៤. តាន់ សុំឃីម ទី៥. ធានាគារអេស៊ីលីដា និងទី៦. សុំមិនបញ្ចេញឈ្មោះ ហើយការសម្របសម្រួលជាច្រើនលើកច្រើនសា។ ដើមឡើយដើមបណ្ដឹងប្តឹងតែម្នាក់ឈ្មោះលី គាវផេង ទេ តែក្រោយពីប្តឹងហើយ អ្នកទាំង៤នាក់ទៀតក៏ចូលរួមប្តឹងដែរ ដើម្បីទាមទារចំណែក ហើយតុលាការ បានសម្រេចយកផ្ទះមួយខ្នងដែលមាន ថ្មក្រោម ឈើលើនេះដាក់លក់ដេញថ្លៃចំនួន៣ដង ដំបូង៩ម៉ឺនដុល្លារ តែពុំមានអ្នកទិញ លុះចុងក្រោយធ្លាក់ថ្លៃសល់៥ម៉ឺន៧ពាន់ដុល្លារ ហើយបានចូលជាស្ថាពររួចហើយ ដោយមាន ម្ចាស់អ្នកទិញ បានចេញប្លង់រួចរាល់ ទើបថ្ងៃនេះចុះអនុវត្តដីកាបង្ខំឲ្យចុះចេញ ដើម្បីឲ្យម្ចាស់ថ្មីគ្រប់គ្រងស្របច្បាប់វិញ៕
ស្ដាប់ការរៀបរាប់របស់ភាគីពាក់ព័ន្ធជុំវិញករណីអនុវត្តដីការញ្ជួយពេញក្រុងសៀមរាប
0 Comments