កំពង់ស្ពឺ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានបន្តនីតិវិធីនៃការស្រាវជ្រាវស្វែងរកក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបាញ់ប្លន់អាជីវករលក់មាសនៅផ្សារតាឡាត់ និងបាញ់បណ្ដាលឲ្យអតីតស្មៀនឃុំម្នាក់ស្លាប់។ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ប្រតិបត្តិការតាមប្រមាញ់ក្រុមចោរ ដែលដំបូងមានគ្នាយ៉ាងច្រើននោះ រហូតដល់យប់នេះ នៅសល់តែកម្លាំងនគរបាលខេត្ត៤នាក់ និងកម្លាំងនគរបាលស្រុកម្នាក់ប៉ុណ្ណោះគឺនាយផ្នែក ក្រៅពីនេះគេចមិនបានចូលរួមនោះទេ។
ការចុះស្រាវជ្រាវដើម្បីឈានទៅចាប់ក្រុមចោរនោះគឺធ្វើឡើងនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ដែលក្រុមចោរផ្ដួលម៉ូតូរួចរត់ចូលព្រៃ ក្នុងភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច។
ការដាក់កម្លាំងនោះដើម្បីស្ទាក់រកមនុស្ស ដែលធ្លាប់ជិះម៉ូតូរបស់ក្រុមចោរនោះ ប៉ុន្តែនីតិវិធីនេះហាក់ដូចជាគ្មានសង្ឃឹម ហើយអ្នកដែលចុះទៅនោះគឺមានតែកម្លាំងនគរបាលខេត្តមាន៤នាក់ និងស្រុកម្នាក់ចូលរួម។ នេះបើតាមកម្លាំងចុះប្រតិបត្តិការ ដែលនិយាយស្ទើរតែអស់ទឹកចិត្ត ដោយសារតែកម្លាំងជាច្រើនបានរត់ចោលអស់ នៅសល់តែកម្លាំងបន្តិចបន្តួចក្នុងការស្វែងរកមុខសញ្ញាជនល្មើសនោះ។
ប្រភពបន្តទាំងអស់សង្ឃឹមថា បើនាំគ្នាទៅខេត្តវិញក៏ត្រូវគេស្ដីឲ្យ អីចឹងមានតែសុខចិត្តដេកនៅនឹងព្រៃនោះចុះ។ ចំពោះរឿង ដែលថា អាវុធបានបាញ់ចោរ៥-៦គ្រាប់នោះ ពុំមែនជាការពិតនោះទេ ពោលគឺពុំបានបាញ់អ្វីទាំងអស់ ព័ត៌មាននេះជាការបំផ្លើស។ ដូច្នេះករណីនេះក្រុមចោរហាក់មានផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធជាក់លាក់ក្នុងការធ្វើសកម្មភាព។
គួរបញ្ជាក់ថា នៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្នុងផ្សាតាឡាត់ ភូមិផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចោរមួយក្រុមគ្នា២នាក់ប្រដាប់ដោយអាវុធអាការ និងញញួរបានចូលមកភ្ជង់បាញ់ និងយកញញួរវាយទូប្រមូលយកមាសរបស់ម្ចាស់ផ្ទះឈ្មោះផាន ផានី ភេទប្រុសអាយុ៤២ឆ្នាំ។ ក្នុងខណៈនោះឈ្មោះអ៊ិន ធឿនហៅ(ប៉ោ) ភេទប្រុស អាយុ៤៨ឆ្នាំ អតីតស្មៀនឃុំអតីតស្មៀនឃុំមហាសាំងកំពុងឈរនៅក្បែរនោះ ហើយបានចេញមកជួយ ក៏ត្រូវចោរបាញ់ត្រូវមួយគ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ក្រោយមកក៏ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ។ ចំណែកក្រុមជនល្មើសបានប្រមូលសម្ភារៈ រួមមានខ្សែ.ក ក្រវិល ចិញ្ចៀន សរុបប្រហែលជាង២០តម្លឹងប្លាទីន រួចរត់គេចខ្លួន។ ក្រោយពេលកើតហេតុ ចម្រុះជាច្រើននាក់ មានទាំងនគរបាល អាវុធហត្ថ រួមនឹងយោធាផងដែរ បានចុះទៅរុករកពួនស្ទាក់ក្រុមចោរ រួចក៏ប្រទះឃើញម៉ូតូរបស់ក្រុមចោរ១គ្រឿង នៅក្នុងព្រៃចំណុចភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច។ ការរុករកបន្តរហូតដល់យប់ថ្ងៃ២០ ខែធ្នូ នេះ ប៉ុន្តែនៅមិនទាន់មានពន្លឺអ្វីទាំងអស់ ហើយកម្លាំង ដែលចុះរុករកស្រាវជ្រាវនោះ គឺនៅសល់តែ៥នាក់ប៉ុណ្ណោះ ដែលសុខចិត្តដេកនៅនឹងព្រៃចំណុចជនល្មើសរត់គេចខ្លួន៕
ស្ដាប់សមត្ថកិច្ចខេត្តកំពង់ស្ពឺរៀបរាប់ទាំងក្ដីអស់សង្ឃឹមក្នុងការបង្ក្រាបក្រុមចោរប្លន់










0 Comments