ការប្រកាសនៅពេលថ្មីៗគួរឲ្យភ្ញាក់ផ្អើលរបស់ប្រទេសហ្ស៊ីមបាវេថា ខ្លួននឹងប្ដូរទៅរកប្រាក់យ័នធ្វើជារូបិយប័ណ្ណបម្រុងរបស់ខ្លួននោះ គឺជាសញ្ញាមួយនៃមិត្ដភាពជាមួយចិន ប៉ុន្ដែមុខជាមិនមានច្រើនទៀតនោះទេ។ ឈ្មួញ និងអ្នកសេដ្ឋកិច្ចនៅក្នុងតំបន់បាននិយាយឲ្យដឹងដូច្នេះ។
ការប្រកាសកាលពីសប្ដាហ៍កន្លងមកនេះ បានធ្វើឲ្យកើនឡើងនូវការពិបាកដោះស្រាយ នៅក្នុងចំណោមអ្នកសេដ្ឋកិច្ចនៅក្រៅប្រទេស។ រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសហ្ស៊ីមបាវេ បានសរសើរទង្វើនេះថា ជាការរីកចម្រើនដ៏ធំសម្បើម នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ និងបានកត់សម្គាល់ថា ចិននឹងប្រើប្រាស់ឱកាសនេះដើម្បីលុបចោលកញ្ចប់មួយនៃប្រាក់បំណុលនោះ ដែលគេប៉ាន់ស្មានថា មានចំនួន ៤០ លានដុល្លារ ដែលនឹងត្រូវសងនៅឆ្នាំនេះ។
ប៉ុន្ដែនៅក្នុងប្រទេសនៅភាគខាងត្បូងអាហ្វ្រិក ដែលគ្មានប្រាក់នេះ អ្នកសេដ្ឋកិច្ចក្នុងស្រុកបាននិយាយថា ប្រទេសនេះគ្របដណ្ដប់ពោរពេញរួចហើយ ដោយរូបិយប័ណ្ណបរទេស ចាប់តាំងពីការអស់តម្លៃរបស់ប្រាក់ដុល្លារ ហ្ស៊ីមបាវេ ដែលហើមប៉ោងយ៉ាងខ្លាំង នៅក្នុងឆ្នាំ ២០០៩ នោះមក។
នៅក្នុងឆ្នាំ ២០១៤ ធនាគារកណ្ដាលរបស់ប្រទេសនេះបានបើកទ្វារធំដល់ឈ្មួញទាំងឡាយ ដើម្បីប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ប្រាក់ rand របស់ប្រទេសអាហ្វ្រិកខាងត្បូង ប្រាក់ pula របស់ប្រទេសបូតស្វាណា ប្រាក់ផោនរបស់អង់គ្លេស ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអូស្ដ្រាលី ប្រាក់រូពីរបស់ឥណ្ឌា ប្រាក់យេនរបស់ជប៉ុន និងប្រាក់យ័នរបស់ចិន។
អ្នកពិគ្រោះយោបល់ខាងពាណិជ្ជកម្ម លោក Phillip Chichoni បាននិយាយថា ការប្រកាសនេះទំនងជាមិនបានផ្លាស់ប្ដូរបញ្ហាអ្វីសម្រាប់ពាណិជ្ជករ ដែលលោកធ្វើការជាមួយនោះទេ។ លោក Chichoni បានបន្ដថា ខ្ញុំគិតថា នឹងមិនបានធ្វើឲ្យមានការខុសគ្នាច្រើនចំពោះអ្នកណាម្នាក់នោះទេ នៅពេលដែលយើងបានចាយវាយរួចហើយនូវរូបិយប័ណ្ណបរទេសនោះ។ លោកបានកត់សម្គាល់ថា បើទោះបីជាប្រាក់យ័នត្រូវបានទទួលយកជាផ្លូវការត្រឹមត្រូវតាមច្បាប់អស់រយៈពេលជិតពីរឆ្នាំមកហើយក៏ដោយ ក៏លោកមិនទាន់បានឃើញប្រាក់នេះដែរ។ លោក Chichoni បានបន្ថែមថា ឈ្មួញភាគច្រើនចូលចិត្ដប្រាក់ដុល្លារអាមេរិក ដែលមានស្ថិរភាព និងជារូបិយប័ណ្ណតាមព្រឹត្ដិន័យរបស់ប្រទេសនោះ។
សេដ្ឋកិច្ចរបស់ប្រទេសហ្ស៊ីមបាវេ បានដួលរលំ ដែលជាមរតកនៃការគ្រប់គ្រងខុសឆ្គងរាប់ឆ្នាំ និងការសម្រេចមិនមានប្រជាប្រិយភាពរបស់រដ្ឋាភិបាល ធ្វើឲ្យប្រាក់ដុល្លារហ្ស៊ីមបាវេ ឡើងដល់អតិផរណាខ្ពស់ក្រៃលែង រហូតដល់ជាង ២៣០ លានភាគរយនៅមុនពេលរូបិយប័ណ្ណនេះ ត្រូវបានដកចេញមិនឲ្យចាយ នៅក្នុងឆ្នាំ ២០០៩ នោះ។ នៅជិតពេលបញ្ចប់ការចាយវាយរូបិយប័ណ្ណនេះ ធនាគារបម្រុងបានបោះពុម្ពក្រដាសប្រាក់ហ្ស៊ីមបាវេ តម្លៃ ១០០ លានលានដុល្លារ ហើយក្រដាសប្រាក់នេះមិនបានស្ថិតនៅយូរនោះទេ ហើយនៅពេលនោះនំបុ័ងមួយដុំថ្លៃ ៣០០ ពាន់លានដុល្លារហ្ស៊ីមបាវេ។
ទីផ្សារចាប់តាំងពីពេលនោះមក មានស្ថិរភាពជាមួយនឹងការជ្រើសរើសយកដោយទូលំទូលាយ ក្នុងការចាយប្រាក់ដុល្លារអាមេរិក បើទោះបីជាតម្លៃនៃការរស់នៅរបស់ប្រទេសហ្ស៊ីមបាវេ នៅតែខ្ពស់ក៏ដោយ គឺប្រហែល ៦០ ភាគរយខ្ពស់ជាងប្រទេសអាហ្វ្រិកខាងត្បូង ដែលនៅជិតខាង៕
VOA
ប្រទេសហ្ស៊ីមបាវេ ប្ដូរទៅរករូបិយប័ណ្ណយ័នរបស់ចិន ធ្វើជារូបិយប័ណ្ណបម្រុង
0 Comments