អ្នកចាត់ការរបស់ក្លិបយក្សអេស្ប៉ាញ Barcelona លោក Luis Enrique បាននិយាយថា លោកពិតជាចាប់អារម្មណ៍ខ្លាំងណាស់នឹងសកម្មភាពលេងរបស់កីឡាករ Denis Suarez ដែលជាខ្សែបម្រើស្លាបសលេងឲ្យក្រុម Villarreal ហើយលោកអាចនឹងសម្រេចចិត្តទិញយកកីឡាករម្នាក់នេះ អំឡុងទីផ្សារកីឡាករនាខែមករាខាងមុខ។
សូមបញ្ជាក់ថា កីឡាករ Suarez បានបង្ហាញជំនាញលេងដ៏អស្ចារ្យរបស់ខ្លួន ក៏ដូចជាទម្លុះភាពទាល់ច្រកនៅក្នុងក្រុម Villarreal ជាកន្លែងដែលលោកក្លាយជាជម្រើស ១១ នាក់ដំបូង ក្នុងរដូវកាលនេះ ហើយលោកអាចនឹងក្លាយជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់ក្រុម Barcelona ដែលកំពុងជាប់បម្រាមទិញកីឡាករពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA នោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្លិប Barcelona មាននូវជម្រើសទិញកីឡាករមកវិញ នៅដំណាច់រដូវកាលនេះ សម្រាប់កីឡាករ Suarez ដែលមានតម្លៃខ្លួនប្រមាណជា ៣ លានអឺរ៉ូ តែពួកគេអាចនឹងឆាប់បានទិញកីឡាករម្នាក់នេះ បើហ៊ានចំណាយប្រាក់ ៤.៥ លានអឺរ៉ូ។
អំឡុងសន្និសីទកាសែតមួយ កាលពីថ្ងៃអង្គារ លោក Luis Enrique បាននិយាយថា យើងកំពុងតាមដានស្ថានភាពរបស់គាត់។ គាត់គឺជាកីឡាករ ដែលក្លិប Villarreal ចង់ចងជើង ហើយលេងបានល្អបំផុត នៅពេលនេះ ដូច្នេះហើយវាអាចជាជម្រើសដ៏ល្អប្រសើរមួយ ដែលក្លិបរបស់លោកចង់បាន។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២១ ឆ្នាំម្នាក់នេះ អាចនឹងរារែកចិត្តបន្តិច ក្នុងការសម្រេចចិត្តទទួលយកការងារថ្មី ក្រោយត្រូវបានគេជ្រើសរើសដោយក្លិប Man City កាលពីគាត់មានអាយុ ១៧ ឆ្នាំ ពោលគឺមុនពេលបានឆ្លងកាត់ក្រុមយុវជន នៅក្លិប Celta Vigo រួចមក។
ក្រោយមកទៀត គាត់បានចុះហត្ថលេខាចូលលេងឲ្យក្លិប Barcelona ហើយបានផ្ទេរចេញជាកីឡាករខ្ចីជើងទៅកាន់ក្លិប Sevilla មុនពេលទទួលបានកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយក្លិប Villarreal មុនយុទ្ធនាការនេះ។
សូមបញ្ជាក់ថា ក្លិប Barcelona មិនអាចទិញកីឡាករណាម្នាក់ឡើយ អំឡុង ២ រដូវកាលចុងក្រោយនេះ បន្ទាប់ពីទទួលបានបម្រាម តែវានៅមិនអាចរារាំងពួកគេពីការឈ្នះជើងឯកបាល់ទាត់កំពូលចំនួន ៥ ដដែល៕
លោក Luis Enrique ៖ កីឡាករ Denis Suarez ស្ថិតនៅលើរ៉ាដាចង់បានរបស់ក្លិប Barcelona
0 Comments