សៀមរាប ៖ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៩និង១០កើត ខែមិគសិរ ឆ្នាំមមែ សប្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ គ.ស ២០១៥ នៅក្នុងតំបន់ឧទ្យានអង្គរ(សៀមរាប) នៃ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើងនូវព្រឹត្តិការណ៍សាសនាដ៏ធំមិនធ្លាប់មាន គឺពិធីបុណ្យមហាសង្ឃទាន រាប់បាត្រប្រគេនព្រះសង្ឃជាឆឹស៣ដេសេសឹង ៥,២២៨អង្គ និងបូជាប្រទីបថ្វាយព្រះរតនត្រ័យ។
កម្មវិធីបុណ្យនេះផ្ដើមរៀបចំឡើង ដោយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ រយៈពេល២ថ្ងៃនេះ គឺមានវត្តមានលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុន សែន។ ព្រមទាំងមានអ្នកចូលរួមក្នុងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៩មកទល់ថ្ងៃទី២០ ប្រមាណជាង ៧ម៉ឺននាក់។
គោលបំណងនៃការប្រារព្ធពិធីបុណ្យដ៏ធំនេះ គឺដើម្បីឧទ្ទិសមហាកុសលដល់បុព្វមហាបុរសខ្មែរក្នុងអតីតកាល ជាពិសេស គឺឧទ្ទិសព្រះរាជមហាកុសល ថ្វាយនិងជូន បុព្វមហាបុរសខ្មែរនាសម័យមហានគរ ឧទ្ទិសថ្វាយទេវតា និងវត្ថុស័ក្ដិសិទ្ធិ ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការឧទ្ទិសមហាកុសល ជូនមាតាបិតា និងញាតិក្នុងសង្សារវដ្ដ ផ្សព្វផ្សាយនិងលើកតម្កើងព្រះពុទ្ធសាសនា ពង្រឹងសាមគ្គីភាព និងសាបព្រោះនូវវប្បធម៌សន្តិភាព ក្នុងរង្វង់នៃមហាគ្រួសារខ្មែរ បណ្ដុះ និងពង្រឹងស្មារតីនៃការដឹងគុណ ការគោរពគុណ និងការស្រឡាញ់គុណធម៌។
ខ្លឹមសារនៃបុណ្យនេះគឺបានប្រារព្ធឡើងជាលក្ខណៈបុណ្យកតញ្ញូ កតវេទី ជាបុណ្យទំនៀមទម្លាប់ ជាប្រពៃណីតាំងពីបូរាណកាលមក ដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើ នៅពេលទំនេរពីការងារកសិកម្ម ក្នុងគោលដៅ និងមានអត្ថប្រយោជន៍ ដូចជា ៖ បានសម្តែងនូវភាវៈជាកុលបុត្រ កុលធីតា ដែលដើរតាមគន្លងធម៌ដ៏ល្អរបស់ឪពុកម្តាយ ជាការសណ្ដោសអនុគ្រោះដល់ញាតិមិត្ត បងប្អូនភូមិផងរបងជាមួយគ្នា និងដើម្បីបានបូជាចំពោះព្រះរតនត្រ័យ ប្រគេនចង្ហាន់ចំពោះព្រះសង្ឃ ដែលរាប់បញ្ចូលថា ជាការឧបត្ថម្ភដល់ព្រះពុទ្ធសាសនា និងជាការសន្សំបុណ្យកុសលផងដែរ។
នៅក្នុងអត្ថន័យជាសាលវ័ន ដែលមានខ្លឹមសារជាប្រវត្តិសាស្ត្រតាមរយៈនៃពិធីបុណ្យនេះ គឺបានកោះអញ្ជើញ ប្រកាសអំពាវនាវ និងបួងសួងដល់ព្រលឹងបុព្វការីជនខ្មែរក្នុងប្រវត្តិសាស្ត្រទាំងអស់គ្រប់ជំនាន់។ តាមអត្ថន័យនេះ ព្រលឹងបុព្វមហាបុរសខ្មែរ ដែលពោរពេញដោយឧត្ដមគតិ និងមនសិការស្នេហាជាតិ មានកំពូលប្រាជ្ញា និងការច្នៃប្រឌិតខ្ពស់ក្នុងនិម្មាបនកម្មអរិយធម៌អង្គរដ៏រុងរឿង នឹងត្រូវបានគោរព អារតនានិមន្ត យាង និងអញ្ជើញ មកប្រតិស្ថានក្នុងព្រលឹងស្មារតី សាច់ឈាមកុលបុត្រ-កុលធីតាខ្មែរជំនាន់ក្រោយនេះ ដោយបុព្វហេតុជួយជ្រោមជ្រែង កសាងប្រទេសជាតិ បានរុងរឿង សុខដុមរមនា និងស្ថិតស្ថិរ ចីរកាល តរៀងទៅ។
ព្រឹកថ្ងៃអាទិត្យទី២០ខែធ្នូពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៥,២២៨អង្គ ត្រូវបានធ្វើឡើងនៅព្រលានជល់ដំរីខាងជើងប្រាសាទបាយ័ន។ ពិធីនេះមានមហាកិត្តិយស ដ៏ឧត្ដុង្គឧត្ដមប្រសើរខ្លាំងណាស់ ដោយមានព្រះវត្តមានសម្តេចព្រះមហាសង្ឃរាជាធិបតីទេពវង្ស សម្តេចមហាសង្ឃរាជគណមហានិកាយនៃព្រះរាជាណាចក្រសម្តេចព្រះព្រហ្មវជីរញ្ញាណប្រាក់ស៊ីត ស៊ុតធីផាន់ព្រះសង្ឃនាយករងទី៣ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃបានយាងចូលរួម។រួមទាំងអស់លោកលោកស្រី ជាភរិយាឥស្សរជនថ្នាក់ដឹកនាំជាតិអាជ្ញាធរខេត្តក្រុមប្រឹក្សាខេត្តភ្ញៀវជាតិអន្តរជាតិ និងពុទ្ធបរិស័ទប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់ដែលបានចូលរួម។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងប្រសាសន៍របស់ឧកញ៉ាឧបាសិកាធម្មបណ្ឌិតញឹកប៊ុនថាបានធ្វើការបញ្ជាក់ពីគោលបំណងនៃការប្រារព្ធពិធីបុណ្យក្នុងគោលដៅជួយជ្រោមជ្រែងកសាងប្រទេសជាតិឲ្យបានរុងរឿងសុខដុមរមនា និងស្ថិតស្ថេរចីរកាលរហូតដល់កល្បាវសានដូចសម័យមហានគរដ៏រុងរឿង។
លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា ៖ ព្រឹត្តិការណ៍នេះ ពិតជាបានផ្តល់ឱកាសដល់ពុទ្ធសាសនិកជន និងពុទ្ធសាសនូបត្ថម្ភក៍ ជិតឆ្ងាយ បានចូលរួមធ្វើបុណ្យមហាសង្ឃទានដ៏ធំ ដែលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញកម្លាំងមហាសាមគ្គីភាពក្នុងសង្គមកម្ពុជាទាំងមូល ! ហើយពិធីនេះក៏ជាឱកាសបង្កើនសេចក្តីគោរពស្រឡាញ់គ្នាទៅវិញទៅមក រួមចំណែកកាត់បន្ថយនិងលុបបំបាត់អំពើជាអកុសល និងអំពើហិង្សាផងទាំងពួងក្នុងសង្គម និងឈោងចាប់យកសុខសន្តិភាព រួមជាមួយសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ដែលធ្វើឲ្យសង្គមជាតិកាន់តែមានការអភិវឌ្ឍ ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។ ពិធីបុណ្យសាសនាដ៏សំខាន់មួយនេះ នឹងបានចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើនទូលំទូលាយឡើង ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាពសុខដុមរមនា និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព៕
ព្រឹត្តិការណ៍សាសនាដ៏ធំនៅខេត្តសៀមរាប មានអ្នកចូលរួមប្រមាណជាង៧ម៉ឺននាក់
0 Comments